គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ កាន់ ផារិទ្ធ តាមការចាត់តាំងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី NAM លើកទី១៩ ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសកល នៅប្រទេសអ៊ូហ្កង់ដា កាលពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៥ ។
នេះបើយោងតាមផេកក្រសួងការបរទេស បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះថា ៖ តាមការចាត់តាំងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កាន់ ផារិទ្ធរដ្ឋលេខាធិការ និងគណប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Ministerial Meeting) ក្រោមមូលបទ «ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពសកលរួមគ្នា» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ដល់១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្កង់ដា ។
ជាមួយគ្នានោះដែរ ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការ បានធ្វើសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីជំហរឥតងាករេរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាននៃ NAM រួមមាន ការគោរពចំពោះអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី ។
បន្ថែមពីនេះទៀត អំពីជម្លោះព្រំដែនកម្ពុជា–ថៃ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំថា កម្ពុជាជានិច្ចជាកាល តែងតែឈរលើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ។ អ្វីដែលកម្ពុជាកំពុងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ សមធម៌ និងស្របតាមមូលដ្ឋានច្បាប់ ដែលអាចធានាសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ