ប្រទេសចិន ៖ កាលពីថ្មីៗនេះ ប្រទេសចិនបានអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដោយបញ្ជាក់ថា គម្រោងដ៏ធំបំផុតរបស់ភពផែនដី ដែលមានតម្លៃ ១៣៧ពាន់លានដុល្លារអាមេរិកមួយនេះ ស្ថិតនៅលើតំបន់ខ្ពង់រាបទីបេ និងនៅខាងក្រោមទន្លេ Yarlung Zangbo នៅក្នុងប្រទេសទីបេ ជិតព្រំដែនឥណ្ឌា។
បើតាមការប៉ាន់ស្មានផ្តល់ដោយក្រុមហ៊ុន Power Construction Corp របស់ចិនក្នុងឆ្នាំ ២០២០ ទំនប់ដែលនឹងមានទីតាំងនៅខាងក្រោមទន្លេ Yarlung Zangbo ដែលឥណ្ឌាហៅថា Brahmaputra អាចផលិតថាមពលអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ នោះនឹងច្រើនជាងដល់ទៅបីដងនៃសមត្ថភាពផលិតត្រឹម ៨៨.២ពាន់លានគីឡូវ៉ាត់ម៉ោងរបស់ទំនប់ Three Gorges ដែលបច្ចុប្បន្នគឺជាទំនប់ធំជាងគេបំផុតរបស់ពិភពលោក និងចំណាយលើការសាងសង់អស់ជាង ៣១ពាន់លានដុល្លារអាមេរិក ស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei) កណ្តាលប្រទេសចិន។
បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua) បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅថា គម្រោងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅ សូន្យកាបូន ឬ អព្យាក្រឹតកាបូនរបស់ប្រទេសចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជា វិស្វកម្ម និងបង្កើតការងារជាច្រើននៅក្នុងប្រទេសទីបេផងដែរ។
ប្រភពពីគេហទំព័រ Money Control នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងប៉េកាំងបានការពារផែនការខ្លួន ដោយអះអាងថា គម្រោងដ៏មហាសាលមួយនេះ នឹងមិនប៉ះពាល់ជាអវិជ្ជមានដល់បណ្តារដ្ឋជាប់ទន្លេទាប ដោយសារបញ្ហាសុវត្ថិភាពត្រូវបានដោះស្រាយតាមរយៈការសិក្សាអស់ជាច្រើនទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាបានចាត់ទុកគម្រោងនេះ គឺជាភាពភ័យខ្លាចចំពោះហេតុផលសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ការគ្រប់គ្រងទឹក
ទន្លេ Brahmaputra នៅក្នុងប្រទេសទីបេ គឺជាប្រភពទឹកដ៏សំខាន់ ប្រៀបដូចជាខ្សែជីវិតសម្រាប់មនុស្សរាប់លាននាក់ក្នុងរដ្ឋភាគឦសានប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស ដូច្នេះទំនប់ដ៏ធំមួយនេះ នឹងផ្តល់ឱ្យចិនគ្រប់គ្រងយ៉ាងសំខាន់លើលំហូរទឹកទន្លេ។ ហើយនេះបង្កើនការភ័យខ្លាចនៃកង្វះទឹកដែលអាចកើតមានក្នុងរដូវប្រាំង និងការរំខានទៅដល់សកម្មភាពកសិកម្មក្នុងបណ្តាប្រទេស នៅខាងក្រោមទឹកទន្លេ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យចិនបញ្ចេញបរិមាណទឹកដ៏ច្រើន បង្កការជន់លិចតំបន់ព្រំដែនក្នុងពេលមានភាពមិនចុះសម្រុងគ្នាណាមួយជាយថាហេតុ ដោយសារតែទំហំ និងបរិមាណទឹក។
២.ហានិភ័យទឹកជំនន់
បណ្តាអ្នកជំនាញបានព្រមានថា ទំនប់វារីអគ្គិសនីដ៏ធំបំផុតលើពិភពលោកមួយនេះ អាចបង្កើនហានិភ័យទឹកជំនន់ភ្លាមៗ ជាពិសេសរដូវវស្សា។ ការបញ្ចេញបរិមាណទឹកដ៏ច្រើនពីទំនប់ភ្លាមៗ អាចគ្របដណ្ដប់ប្រព័ន្ធទន្លេខាងក្រោម ដែលបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងពិបាកនឹងគណនា។
៣.ផលប៉ះពាល់បរិស្ថាន
នឹងមានផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរពីការសាងសង់ និងដំណើរការទំនប់ទឹកដ៏ធំបែបនេះ។ សហគមន៍មូលដ្ឋាននៃប្រព័ន្ធអេកូឡូស៊ីកំពុងតែមានការខកចិត្ត និងក្តីបារម្ភអំពីគ្រោះថ្នាក់អាចកើតមាន ចំពោះជីវចម្រុះក្នុងតំបន់ ដែលជាកង្វល់ដ៏ចម្បងមួយ។
៤.ភាពតានតឹងភូមិសាស្ត្រនយោបាយ
ប្រទេសចិន និងឥណ្ឌាមានទំនាក់ទំនងដ៏តានតឹងជាមួយគ្នារួចទៅហើយ ខណៈបញ្ហានៅទន្លេ Brahmaputra នឹងកាន់តែស្មុគស្មាញបន្ថែមទៀត។ ការខ្វះភាពបើកចំហ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាននៅមានកម្រិត ជុំវិញគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ កាន់តែបង្កើនការថប់បារម្ភ និងមិនទុកចិត្តគ្នាកាន់តែខ្លាំងរវាងភាគីតាំងពីរ។
៥.គំរូប្រវត្តិសាស្ត្រ
បណ្តាប្រទេសនៅខាងក្រោមទឹកទន្លេ ក៏មានការព្រួយបារម្ភផងដែរពីការសាងសង់ទំនប់របស់ចិនលើទន្លេឆ្លងដែនផ្សេងទៀត ដូចជាទន្លេមេគង្គជាដើម។ ភាពតានតឹងបានកើនឡើងជាលទ្ធផលនៃកិច្ចសហការមិនគ្រប់គ្រាន់ និងការមិនបានពិគ្រោះយោបល់ជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់។
បច្ចុប្បន្នប្រទេសឥណ្ឌាក៏កំពុងតែសាងសង់ទំនប់លើទន្លេ Brahmaputra ស្ថិតនៅរដ្ឋ Arunachal Pradesh។ ប្រទេសឥណ្ឌា និងចិនបានបង្កើតយន្តការកម្រិតជំនាញ ELM ក្នុងឆ្នាំ ២០០៦ ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ទាក់ទងនឹងទន្លេឆ្លងព្រំដែនដែលប្រទេសចិនផ្តល់ឱ្យឥណ្ឌានូវព័ត៌មានពាក់ព័ន្ធអំពីទន្លេ Brahmaputra និង Sutlej នៅក្នុងរដូវទឹកជំនន់។
ការចែករំលែកទិន្នន័យនៃទន្លេឆ្លងព្រំដែនត្រូវបានគិតក្នុងកិច្ចពិភាក្សារវាងប្រទេសឥណ្ឌា និងតំណាងពិសេសរបស់ប្រទេសចិន សម្រាប់សំណួរពាក់ព័ន្ធបញ្ហាព្រំដែន ដោយមានទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅ៕ ដកស្រង់ ៖ Reuters, Xinhua និង Money Control
ចែករំលែកព័តមាននេះ