ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ទុរេន​នៅ​កម្ពុជា​ទំនងជា​កំពុង​តាមដាន​ថា តើ​កម្ពុជា​នឹង​អាច​នាំ​ចេញ​ទុរេន​ចូល​ទីផ្សារ​ចិន នៅ​ពេល​ណា ដើម្បី​រក​ចំណូល​ពី​ស្តេច​ផ្លែ​ឈើ​នេះ ? កម្ពុជា​កំពុងធ្វើការ​ជាមួយ​ចិន ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​អនុញ្ញាត​អោយ​កម្ពុជា​អាច​នាំ​ចេញ​ទុរេន​កម្ពុជា​ទៅ​ទីផ្សារ​ចិន ដែល​ជាទី​ផ្សា​ទុរេន​ធំ​បំផុត ។ ចំណែក​ទីផ្សារ​ទុរេន​នៅ​ក្នុង​ឆ្នាំ​២០២៣…

កសិករ​ដាំ​ទុរេន​នៅ​កម្ពុជា​ទំនងជា​កំពុង​តាមដាន​ថា តើ​កម្ពុជា​នឹង​អាច​នាំ​ចេញ​ទុរេន​ចូល​ទីផ្សារ​ចិន នៅ​ពេល​ណា ដើម្បី​រក​ចំណូល​ពី​ស្តេច​ផ្លែ​ឈើ​នេះ ?

កម្ពុជា​កំពុងធ្វើការ​ជាមួយ​ចិន ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​អនុញ្ញាត​អោយ​កម្ពុជា​អាច​នាំ​ចេញ​ទុរេន​កម្ពុជា​ទៅ​ទីផ្សារ​ចិន ដែល​ជាទី​ផ្សា​ទុរេន​ធំ​បំផុត ។ ចំណែក​ទីផ្សារ​ទុរេន​នៅ​ក្នុង​ឆ្នាំ​២០២៣ មាន​តម្លៃ​ប្រមាណ​ជា​២៥​ពាន់​លាន​ដុល្លារ តែ​នៅ​ក្នុង​ឆ្នាំ​២០៣៣ វា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា អាច​នឹង​មាន​ទំហំ​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​ឯណោះ ។ ទំហំ​ទីផ្សារ​នេះ​ធំធេង​ណាស់ ហើយ​កម្ពុជា​អាច​មានឱកាស​នេះ​ដែរ តែ​ទំនង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ពុះពារ​ខ្លាំង​បំផុត ។

ប្រភព​ពី​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ដំណាំ​ទុរេន​នេះ ឥឡូវ​នៅ​ក្នុង​បញ្ជី​រង់ចាំ​ដែល​កម្ពុជា​បាន​ដាក់​ស្នើ​នាំ​ចេញ​ទៅ​ចិន​ហើយ ខណៈ​ដែល​ចិន គឺជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត ។ គ្រាន់តែ​ជា​ការ​រំពឹង​ទុក​ទេ កម្ពុជា គឺ​អាច​មាន​ចម្លើយ​នៅ​ក្នុង​ឆ្នាំ​២០២៥ ពោល គឺ​ឆ្នាំ​ក្រោយ​នេះ ។

ប្រសិនបើ​កម្ពុជា​អាច​បើក​ទីផ្សារ​ទុរេន​នេះ ទៅ​កាន់​ចិន​បាន គឺ​កាន់តែ​ប្រសើរ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​តម្លៃ​ទុរេន​យើង​អាច​នឹង​ខ្ពស់​ជាង​ថៃ និង​វៀតណាម ។ នៅ​ពេល​នេះ​ថៃ​អាច​ដឹក​ទុរេន​ចេញ​ទៅ​ចិន​បាន​លឿន និង​រហ័ស​ដោយសារ​តែ​ភ្ជាប់​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ដែល​ដំណើរការ​ឆ្លងកាត់​តាម​ឡាវ ហើយ​វៀតណាម គឺ​គេ​ដឹក​តាម​ច្រកព្រំដែន​គេ​ចេញ​ទៅ​ចិន​ផ្ទាល់ ។ ប៉ុន្តែ​កម្ពុជា​យើង​វិញ​នៅ​មាន​ឧបសគ្គ​ច្រើន តាំងពី​សមត្ថភាព​នៃ​ការ​ផ្គត់ផ្គង់​ឲ្យ​មាន​និរន្តរភាព ការ​វេច​ខ្ចប់ និង​ការ​ដឹក​ជញ្ជូន ។

កម្ពុជា​មាន​សក្តានុពល​សម្រាប់​ដំណាំ​នេះ ដោយ​មក​ដល់​ពេល​នេះ​ផ្ទៃដី​ដាំ​ដំណាំ​ទុរេន​ត្រូវ​បាន​ពង្រីក​ជា​ច្រើន​ទីតាំង នៅ​ក្នុង​ប្រទេស ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ដំណាំ​នេះ​នៅ​តូច​ខ្លាំង​ណាស់ បើ​ធៀប​នឹង​ប្រទេស​នាំ​ចេញ​ទុរេន​ធំ​ៗ​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ។

ផ្ទៃដី​ដាំ​ទុរេន​នៅ​កម្ពុជា​ត្រូវ​បាន​ព​ង្រឹ​ក​ចេញពី​តំបន់​ទឹកឈូ​នៅ​ខេត្តកំពត​ទៅ​ទៅ​កន្លែង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ដូច​ជា ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង ពោធិ៍សាត់ និង​ភូមិភាគ​ឥ​សាន្ត​ជាដើម ។ ក្រៅពី​នោះ​ក៏​មានការ​ពង្រីក និង​សាកល្បង​ដាំ​ប៉េងប៉ោះ​ជា​ច្រើន​កន្លែង​ទៀត ។ តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ផ្ទៃដី​ដាំ​ដំណាំ​ទុរេន​នៅ​កម្ពុជា គឺ​មាន​ត្រឹមតែ​ប្រមាណ​ជា​ជាង ៥​ពាន់​ហិ​កតា​ទេ ។

មក​ដល់​ពេល​នេះ​ដំណាំ​ទុរេន​នៅ​កម្ពុជា គឺ​អាច​ផ្គត់​ផ្គង​ត្រឹមតែ​ទីផ្សារ​នៅ​ក្នុងស្រុក​មិន​គ្រប់គ្រាន់​ផង ហើយ​នៅ​នាំ​ចូល​ពី​ថៃ និង​វៀតណាម​រាប់​សិប​តោន​ទៀត ខណៈ​ដែល​តម្លៃ គឺ​ថ្លៃ ។ ដំណាំ​នេះ​អាច​រើស​ដី ហើយ​អាច​នឹង​ត្រូវការ​ថែទាំ​ច្រើន ប៉ុន្តែ​នៅ​ក្នុង​ផ្ទៃដី​មួយ​ហិ​កតា ប្រសិនបើ​ទុរេន​ដាំ​ដោយ​អ្នកជំនាញ​ពិតប្រាកដ ចេះ​ថែ និង​ចេះ​ការពារ​វា​អាច​ផ្តល់​ផល​មួយ​រដូវ​ប្រមូល​ផល​ប្រមាណ​ជា ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​ដុល្លារ​ឯណោះ​។

តាម​សេចក្តីរាយការណ៍​របស់​កាសែត New York Times បាន​ឲ្យ​ដឹង​ថា កាលពី​១៥​ឆ្នាំ​មុន​ដំណាំ​ទុរេន​ជា​ដំណាំ​ដែល​ពេញ​និយម និង​មាន​តម្លៃ​តែ​នៅ​ក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍​តែ​ប៉ុណ្ណោះ ពោល គឺ​ដូច​ជា ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ថៃ វៀតណាម ហ្វី​លី​ពី​ន និង​កម្ពុជា ប៉ុន្តែ​នៅ​ពេល​នេះ​វា​ជា​ដំណាំ​ដែល​ការ​ពេញ​និយម ហើយ​ប្រជាប្រិយភាព​របស់​វា​ក៏​កំពុង​តែ​កើនឡើង​ដែរ ។

ប្រភព​ដដែល​បាន​អះអាង​ថា ប្រជាជាតិ​ដែល​ធ្វើ​ឲ្យ​ដំណាំ​នេះ ត្រូវ​បាន​ពង្រីក​ចេញពី​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ចិន ។ កាលពី​ឆ្នាំ​២០១៧ តម្លៃ​នៃ​ការ​នាំ​ចូល​ទុរេន​របស់​ចិន គឺ​ត្រឹមតែ​ជាង​៥៥០​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​វា​កើន​ដល់​ជិត​៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ ហើយ​នៅ​ឆ្នាំ​នេះ​រំពឹង​ថា នឹង​ឡើង​ដល់​៨​ពាន់​លាន​ដុល្លារ ។ ដោយ​ឃើញ​សក្តានុពល​នេះ កសិករ​ចិន​ក៏​កំពុង​តែ​សាកល្បង​ដាំ​ដំណាំ​នេះ​ឡើង​ផង​ដែរ ។ ឥឡូវនេះ ចេញពី​ចិន ទីផ្សារ​ទុរេន​កំពុង​តែ​ពង្រីក​ទៅ​ជប៉ុន កូរ៉េ​ខាងត្បូង ហើយ​ក៏​នាំ​ចេញ​ទៅ​អឺរ៉ុប និង​អា​មេ​រិ​ក តាម​រូបភាព​បង្កក ដើម្បី​ផ្គត់ផ្គង់​ទីផ្សា​ជន​ឥ​ន្តោ​ប្រវេសន៍​ពី​អាស៊ី ។

ដោយ​ឈរ​នៅ​លើ​កំណើន​ប្រជាប្រិយភាព​នៃ​ផ្លែ​ឈើ​ប្រភេទ​នេះ ឥណ្ឌូ​ណេ​ស៊ី​ដែល​ពី​មុន​ដាំ​ដំណាំ​នេះ សម្រាប់​តែ​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​ក៏​កំពុង​តែ​រៀបចំ​ផែនការ​ដណ្តើម​ចំណែក​ទីផ្សារ​ជាមួយនឹង​ថៃ និង​វៀតណាម​ដែរ​ហើយ ។ តាម​ស្ថិតិ​នៅ​ក្នុង​អំឡុង​ពី​ខែមករា ដល់​ខែវិច្ឆិកា នៃ​ឆ្នាំ​២០២៤​នេះ​វៀតណាម អាច​នាំ​ចេញ​ទុរេន​បាន​រហូត​ដល់​ទៅ​ជាង​៣​ពាន់​ដុល្លារ​ជាមួយនឹង​កំណើន​កើនឡើង​ប្រមាណ​ជា​៤៤% ហើយ​ថៃ​វិញ​អាច​នាំ​ចេញ​បាន​ប្រមាណ​ជា​ជាង​៤​ពាន់​លាន​ដុល្លារ ។

ពាក់ព័ន្ធ​នឹង​សក្តានុពល​នៃ​វិស័យ​នេះ​វិញ​គេហទំព័រ​ទីផ្សារ​កសិកម្ម​មួយ គឺ www.factmr.com បាន​វាយតម្លៃ​ថា ទីផ្សារ​ទុរេន​កាលពី​ឆ្នាំ​២០២៣ គឺ​មាន​តម្លៃ​ត្រឹមតែ​ជិត​២៥​ពាន់​លាន​ដុល្លារ​។ វា​នឹង​កើនឡើង​រហូត​ដល់​ទៅ​ជិត​៥០ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០៣៣​ខាង​មុខ ។ ផ្អែក​តាម​ទឡ្ហីករណ៍​នេះ ដាំ​ណាំ​ទុរេន គឺជា​ដំណាំ​ដែល​មាន​សក្តានុពល​ធំ​បំផុត​មួយ ដែល​កសិករ​កម្ពុជា​អាច​ធ្វើ​បាន គ្រាន់តែ​កសិករ និង​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត និង​បំពេញការងារ​ឲ្យ​លះ​បន្តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ