រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ថាប័នអន្តរជាតិជាច្រើនបានពង្រឹងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាក្នុងការសិក្សាស្វែងយល់អំពីដំណើរការអនុវត្តន៍នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ។
ចំណុចនេះ គឺបានបង្ហាញពីការគាំទ្រសន្តិភាពនៅកម្ពុជា តាមរយៈការបញ្ចប់សង្គ្រាម ដោយគ្មានការបង្ហូរឈា.ម ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២៦«ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤)នាវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ថា៖«ស្មារតីសន្តិភាព និងលើកកម្ពស់នយោបាយឈ្នះឈ្នះក្នុងឆាកអន្តរជាតិ ជាពិសេស នៅឆ្នាំ២០២៤នេះ បានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងមានការសិក្សារៀនសូត្រស្ថាប័នអន្តរជាតិនានា ក្នុងសម័យប្រជុំពេញអង្គសភាអន្តរជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោកដោយបានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា»។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា នយោបាយឈ្នះឈ្នះ និងស្មារតីសន្តិភាពរបស់កម្ពុជា ត្រូវបានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងការសិក្សារៀនសូត្រ ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោក បានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ចំណុចនេះ គឺជាសបញ្ជាក់យ៉ាងអំពីមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយឈរលើគោលការណ៍សន្តិភាព សុខមាលភាពប្រជាជន ស្របនឹងគោលការណ៍អន្តរជាតិ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងដោយបញ្ជាក់បន្ថែមថា ៖ទោះបីជាស្ថានភាពរបស់ពិភពលោកបច្ចុប្បន្ននេះកំពុងជួបនឹងបញ្ហាប្រែប្រួលតាមរយៈជម្លោះនានាក៏ដោយក៏កម្ពុជានៅតែអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា ការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងបំពេញតួនាទីផ្សេងៗទៀតជាមួយនឹងដៃគូយុទ្ធសាស្ត្រក្នុងការឆ្លើយតបនឹងវិបត្តិគ្រោះធម្មជាតិ ការកសាងភាពធន់សម្រាប់ឆ្លើយតបវិបត្តិនានាជាដើម ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅប្រទេសកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព គឺការស្អប់ខ្ពើមសង្គ្រាម ។ ទិវា«សន្តិភាពនៅកម្ពុជា»នេះពីមុនប្រសិទ្ធនាមថា ជាទិវានយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន ។
ក្រសួងការពារជាតិបានឱ្យដឹងថា ការរៀបចំទិវា «សន្តិភាពនៅកម្ពុជា» នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម ។ នេះក៏ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព ហើយរួមគ្នាលើកកម្ពស់ វប្បធម៌សន្តិភាព នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព ។
ទិវានេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ៕
ចែករំលែកព័តមាននេះ