ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធដែលគ្មានចម្រុងចម្រើនអាចឈានដល់បែកបាក់

2 ថ្ងៃ មុន

ការចាប់ដៃគ្នាកសាងគ្រួសារមួយដោយបុរសនិងនារី ហើយរួមរស់នៅជាមួយគ្នារហូតចាស់ព្រឹទ្ធចាស់ព្រេងមិនងាយស្រួលនឹងសម្រេចបានទាំងអស់នោះទេ ។ គ្រួសារខ្លះអាចរស់នៅជាមួយគ្នា១ឆ្នាំឫ២ឆ្នាំហើយខ្លះ អាចខ្លីជាងនេះក៏បែកបាក់គ្នាក៏មានជាហូរហែរ។ អ្នកខ្លះនៅជាមួយគ្នា រហូតដល់ទៅ ៤ឫ១០ឆ្នាំក៏នៅតែបែកបាក់គ្នាក៏មានច្រើន ។ បច្ច័យដែលបណ្តាលឲ្យមានការបែកបាក់គ្នាបែបនេះ…

ការចាប់ដៃគ្នាកសាងគ្រួសារមួយដោយបុរសនិងនារី ហើយរួមរស់នៅជាមួយគ្នារហូតចាស់ព្រឹទ្ធចាស់ព្រេងមិនងាយស្រួលនឹងសម្រេចបានទាំងអស់នោះទេ ។ គ្រួសារខ្លះអាចរស់នៅជាមួយគ្នា១ឆ្នាំឫ២ឆ្នាំហើយខ្លះ អាចខ្លីជាងនេះក៏បែកបាក់គ្នាក៏មានជាហូរហែរ។ អ្នកខ្លះនៅជាមួយគ្នា រហូតដល់ទៅ ៤ឫ១០ឆ្នាំក៏នៅតែបែកបាក់គ្នាក៏មានច្រើន ។

បច្ច័យដែលបណ្តាលឲ្យមានការបែកបាក់គ្នាបែបនេះ វាមានច្រើនមូលហេតុ ច្រើនកត្តា រាប់តាំងពីការអស់ចិត្តស្រលាញ់ ការមិនយល់ចិត្តគ្នា ការមិនចុះសម្រុងផ្លូវភេទសម្ព័ន្ធ ហើយជាពិសេសទៅទៀតនោះ គឺការចាប់ដៃគ្នាបង្កើតគ្រួសារដែលមិនមានសមិទ្ធផលប្រចាំគ្រួសារតែម្តង។

ក្រុមគ្រួសារដែលបែកបាក់គ្នាទាំងនេះ មិនមែនពួកគេចាប់ផ្តើមបង្កើតគ្រួសារដោយគ្មានក្តីស្រលាញ់ ឫក៏ការចាប់បង្ខំរវាងគ្រួសារនិងគ្រួសារប៉ុណ្ណោះទេ ។ ការបែកបាក់គ្នាគឺរាប់តាំងពីបុរសនិងស្រ្តីដែលដំបូងឡើយ បានស្ម័គ្រស្មោះនឹងគ្នាហើយតស៊ូស្រលាញ់គ្នារាប់ឆ្នាំ ទោះបីជាគ្រួសារប្រឆាំងជំទាស់ផងដែរ ។ ហេតុផល គឺថា ក្រោយពេលដែលរស់នៅជាមួយគ្នាយូរទៅ ក្រុមគ្រួសារមិនមានអ្វីដែលជាសមិទ្ធផល គឺមានតែបញ្ហា មានតែកង្វល់ ។

សមិទ្ធផលនេះសំខាន់ណាស់ ពីព្រោះវាបង្ហាញពីលទ្ធផលនៃការសម្រេចបានរបស់អ្នកទាំងពីររួមគ្នា ជាជំហានៗដែលទទួលបានក្រោយពេលដែលពួកគេចាប់ដៃគ្នា។ ជាទូទៅបុរសនិងស្រ្តីនៅមុនពេលរៀបការ នឹងគ្នាបង្កើតគ្រួសារ គឺម្នាក់ៗសុទ្ធតែមានសមិទ្ធផលរៀងៗខ្លួន ទាំងការងារ ទ្រព្យសម្បតិ្ត និង ចំណេះដឹង មុខតំណែងជាដើម។ ប៉ុន្តែនៅពេលចាប់ដៃគ្នាត្រូវរួមគ្នាកសាងសមិទ្ធផលបន្ថែម ពោលគឺជាលទ្ធផលដែលបានមកពីការរួមគ្នាធ្វើរបស់អ្នកទាំងពីរ។

តើបុរសនិងស្រ្តីគួរតែធ្វើយ៉ាងដូចម្តេចទើបក្រុមគ្រួសារថ្មោងថ្មីរបស់អ្នកទាំងពីរអាចបង្កើតបានសមិទ្ធផលក្រោយពេលដែលចាប់ដៃគ្នា?

ដើម្បីឲ្យគ្រួសាររបស់អ្នកទាំងពីរអាចសម្រេចបាននូវសមិទ្ធផលរួមគ្នា ដាច់ខាតអ្នកទាំងពីរត្រូវតែចេះរួមគ្នា បង្កើតផែនការគ្រួសារ ។ ផែនការនេះអ្នកទាំងពីរមិនចាំបាច់ដល់ទៅបង្កើតវាឡើយអោយដូចជាបន្ទាត់ គោលការណ៍ឫគោលដៅដូចជានៅកន្លែងធ្វើការនោះទេ ។ វាគឺជាការនិយាយគ្នាដោយស្រុះស្រួលគ្នា ដែលអ្នកទាំងពីរគួរតែស្ទាបស្ទង់គ្នាទៅវិញទៅមកហើយស្ម័គ្រចិត្តធ្វើ តាំងពីពេលដែលអ្នកទាំងពីរចាប់ផ្តើមស្វែងយល់ចិត្តគ្នា នៅក្នុងដំណាក់កាលដំបូង នៃការស្ម័គ្រចិត្តចាប់ដៃគ្នា។

ការបង្កើតផែនការដ៏សាមញ្ញបែបនេះ ក៏ជាហេតុផលបញ្ជាក់ ថាអ្នកទាំងពីរមានផែនការគ្រួសារស្របគ្នាឫអត់។ នៅក្នុងករណីដែលអ្នកទាំងពីរយល់ថា ផែនការម្នាក់មិនស្របគ្នានោះ អ្នកទាំងពីរក៏អាចមានពេលវេលានឹងគិតគូរឫនិយាយត្រង់នូវចំណុចមិនស្របគ្នា ពីព្រោះថាមនុស្សម្នាក់ៗមិនអាចមានគំនិតដូចគ្នា១០០ភាគរយបានទេ គឺដាច់ខាតគឺត្រូវមានសម្បទានអោយគ្នា ។

នៅក្នុងករណីអ្នកទាំងពីរមែនគោលដៅនិងផែនការស្របគ្នាត្រឹមតែ៦០ភាគរយឡើងទៅគឺវាល្អបំផុតហើយ។

ការរៀបចំផែនការនោះកុំតឹងតែងពេក ហើយក៏កុំធូរលុងពេកដែរ។ វាអាចទាក់ទងតាំងពីក្រោយការត្រូវយកបុត្រធីតាប៉ុន្មាន ? គួរយកបុត្រធីតានៅពេលណា ? គួរមានផ្ទះសម្បែងផ្ទាល់ខ្លួននៅពេលណា? តើមានបុត្រធិតាទីមួយត្រូវមានអីសម្រាប់គ្រួសារ? ហើយបើបានកូនតើគួរមើលថែពួកគេបែបណា ជាដើម ។ល។

ក្រៅពីនោះ អ្នកទាំងពីរក៏គួរតែនិយាយគ្នាផងដែរ អំពីហរិញ្ញវត្ថុរបស់អ្នកទាំងពីរដោយស្មោះត្រង់ ដើម្បីងាយស្រួលចាត់ចែងគ្រប់គ្រងនិងធ្វើផែនការសេដ្ឋកិច្ចគ្រួសារ ។

នៅពេលចាប់ដៃគ្នាកសាងគ្រួសារ ដើម្បីសម្រេចតាមផែនការដែលអ្នកកំណត់រួមគ្នា អ្នកទាំងពីរអាចដាក់ កំណត់ខ្លួនឯងនៅក្នុងការកាត់បន្ថយការចំណាយនេះចំណាយនោះ ដោយរាប់តាំងពីថ្លៃកម្មវិធីសង្គមសម្រាប់បុរសគឺការដើរផឹកស៊ី ហើយខាងនារីមានដូចជាកម្មវិធីផាត់មុខកក់សក់តុបតែងខ្លួនឡើងទៅ ។ ក្រៅពីនោះ បុរសខ្លះកាលនៅលីវមិនចេះធ្វើអ្វី ក៏ត្រូវតែស្ម័គ្រចិត្តហើយរីករាយនឹងធ្វើ ហើយខាងនារីវិញ ក៏គួរតែរៀនធ្វើម្ហូបនិងរៀបចំទុកដាក់ផ្ទះសម្បែង។

ការដាក់កម្រិតនេះក៏អាចនឹងបង្កភាពតានតឹងនឹងគ្នាខ្លះដែរ ប៉ុន្តែសំខាន់អ្នកទាំងពីរឧស្សាហ៍និយាយគ្នា និង ពិនិត្យសមិទ្ធផលនេះរួមគ្នា ហើយព្យាយាមលើកទឹកចិត្តគ្នាដោយភាសានិងកាយវិការនៃការយោគ យល់និងសណ្តោសគ្នាទៅវិញទៅមក ។ ការធ្វើផែនការនេះ ក៏អាចនឹងកែសម្រួលតាមភាពជោគជ័យនិងបរាជ័យ ផងដែរ។

រាល់ការអនុវត្តផែនការនេះក៏កុំតឹងតែងពេកដែរ ពោលគឺគួរតែមានភាពបត់បែនខ្លះ ។ ឧទាហរណ៍រឿងចំណាយដើរលេងពេលរាត្រីសម្រាប់បុរសដែលភាគីនារីគួរតែយោគយល់ម្តងម្កាល ហើយខាងបុរសក៏កុំជ្រុល ជាពិសេសគឺកញ្ចប់ហិរញ្ញវត្ថុតែម្តង ។ សម្រាប់ស្រ្តីគឺរឿងគ្រឿងអលង្កាឫគ្រឿងសំអាងនិង សម្លៀកបំពាក់ ដែលភាគីបុរសគួរតែយល់ចិត្តហើយបើកគំនិតឲ្យទូលាយរឿងនេះ ។ ខាងនារីចង់ស្អាត ចង់ល្អក៏មិនមែនដើម្បីខ្លួននាងដែរ ប៉ុន្តែ វាអាចមួយផ្នែកគឺដើម្បីលើកកិត្តិយសអ្នក និង គ្រួសារអ្នក ។

នៅពេលដែលអ្នកតាំងចិត្តបែបនេះ នៅក្នុងរយៈពេលមួយឆ្នាំលុយសន្សំអ្នកកើន។ ឆ្នាំក្រោយអាចសល់ម៉ូតូ ២ទៅ៣ឆ្នាំទៀតអាចសល់រថយន្ត ហើយ៤ទៅ ៥ឆ្នាំទៀតអាចសល់ជាផ្ទះសម្បែង។ នោះហើយគឺជាសមិទ្ធផលនៃការប្តេជ្ញាចិត្តរបស់អ្នក ។ នៅក្នុងករណីរួបរួមគ្នាមួយឆ្នាំហើយមិនឃើញ សល់អី គឺត្រូវតែនិយាយគ្នា ឡើងវិញ ហើយពិនិត្យរកមូលហេតុរួមគ្នា ហើយប្តេជ្ញាចិត្តធ្វើឲ្យបាន។

សរុបទៅគ្រួសារមួយដែលចេះរៀបចំផែនការហើយសម្រេចបានសមិទ្ធផលកើនឡើងជាលំដាប់ ជាទូទៅគ្រួសារនោះរមែងអាចរួបរួមជាមួយគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ