ខេត្តកំពង់ស្ពឺ ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ ខណៈដែលម្ចាស់កំពុងដេកលក់ហើយឆ្លងចរន្តភ្លើង ។ ហេតុការណ៍ឆេះផ្ទះខាងលើបានកើតឡើង កាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះស្ថិតនៅភូមិពោធិ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងដែលមានទំហំទទឹង៨ម៉ែត្រ បណ្តោយ៩ម៉ែត្រធ្វើអំពីឈើលើថ្មខាងក្រោមដំបូលប្រក់ក្បឿង ស្ថិតនៅភូមិពោធិ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះមានឈ្មោះ បូ គីណាល់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
មន្ត្រីនគរបាលស្រុកដដែលបានបន្តថា ករណីឆេះផ្ទះខាងលើនេះបណ្តាលឱ្យរងការខូចខាត: ផ្ទះឆេះអស់ទាំងស្រុងតែម្តង ។ ឆេះម៉ូតូ១គឿង ទូរស័ព្ទ៤គ្រឿង ប្លង់ដីមួយចំនួន និងឆេះសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ។
ចំពោះមន្ត្រីនគរបាលបានបញ្ជាក់ថា ករណីខាងលើនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សសត្វនោះទេ ។
មន្ត្រីនគរបាលដដែលបញ្ជាក់ទៀតមូលហេតុដែលបណ្តាលឱ្យឆេះផ្ទះនោះមកពីឆ្លងចរន្តអគ្គិសនីក្លាយទៅជាអណ្តាតភ្លើង ។ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០១គ្រឿង បាញ់អស់ទឹកសរុប០២រថយន្ត រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ០១គ្រឿង និងកម្លាំងសរុប១៥នាក់ កម្លាំងអធិការដ្ឋានចំនួន១០នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិម្រាល០៥នាក់ផងដែរទើបរលត់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ