ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែឡេ Love Riya ទទួលស្គាល់កំហុស និងទទួលយកការណែនាំ ផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពខ្លួន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ថៅកែ​ឡេ​ឈ្មោះ ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya បាន​ទទួលស្គាល់​កំហុស ទទួលយក​ការ​ណែនាំ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ថៅកែ​ឡេ​ឈ្មោះ ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya បាន​ទទួលស្គាល់​កំហុស ទទួលយក​ការ​ណែនាំ និង​បាន​ផ្តិត​មេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ហើយ គ្រោង​នឹង​ចេញ​ឡាយ​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​រៀបចំ​កិច្ចប្រជុំ​ណែនាំ​មួយ​ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​សមាគម​ឧកញ៉ា​កម្ពុជា និង​តំណាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​អប់រំ​ណែនាំ​ដល់​ឈ្មោះ ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya អំពី​សកម្មភាព​នានា ក្រោម​ទម្រង់​ជា​ការ​សម្តែង ការ​អត្ថាធិប្បាយ និង​ការ​ផ្សព្វផ្សាយ​សកម្មភាព​ទាំងនេះ ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជា​ពិសេស​ប៉ះពាល់​ដល់​និមិត្តរូប​ព្រះ​នាង​ឥន្ទ្រ​ទេវី ជាទី​គោរព​សក្ការៈ និង​បុព្វបុរស​ផ្សេង​ទៀត​របស់​ជាតិ ។

ប្រភព​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ណែនាំ​ឱ្យឈ្មោះ ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ប្រវត្តិសាស្ត្រ​សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿ​សាសនា អត្តសញ្ញាណ​របស់​ជាតិ និង​ប្រជាជន ព្រមទាំង​ទម្រង់​នៃ​ការ​ស្លៀកពាក់​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​ជា​សាធារណៈ​ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី ។ ឈ្មោះ ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya បាន​ទទួលស្គាល់​កំហុស ទទួលយក​ការ​ណែនាំ និង​បាន​ផ្តិត​មេដៃ​លើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនេះ និង​យល់ព្រម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ក្នុង​ករណី​នៅ​តែ​បន្តសកម្មភាព​ទាំងនេះ​នា​ពេល​ខាង​មុខ ។

សាមីខ្លួន​ក៏​បាន​សន្យា​ផង​ដែរ​ថា នឹង​រៀបចំ​ជា​វី​ដេ​អូ​ឃ្លី​ប​សុំ​ទោស​ជា​សាធារណៈ​ទទួលស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង និង​សន្យា​មិន​ធ្វើ​សកម្មភាព​បែប​នេះ​ទៀត​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បន្ត​អំពាវនាវ​ផង​ដែរ ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ សូម​ចៀសវាង​នូវ​សកម្មភាព​ទាំងឡាយ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​តម្លៃ​សិល្បៈ​វប្បធម៌ ប្រពៃណី មរតក​ដ៏​មាន​តម្លៃ និង​ជា​អត្តសញ្ញាណ​ជាតិ និង​ប្រជាជន និង​សូម​ចូលរួម​ទាំងអស់​គ្នា ក្នុង​កិច្ចការ​ថែរក្សា ការពារ និង​លើក តម្កើង​វប្បធម៌​ជាតិ​ឱ្យ​បាន​គង់វង្ស រុងរឿង​តទៅ​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ