ដើមឈើទាលធំៗ…ហៅឈើទាលយក្សប្រមាណ៥០ដើម…មានទំហំពី៤តឹកទៅជាង១ម៉ែត្រ នៅតំបន់ព្រៃការពារ…និងជាដែនជម្រកសត្វព្រៃឡង់…ក្នុងតំបន់មួយនៃស្រុកថាឡាបរិវ៉ាត់…ត្រូវបានគេកាប់ផ្តួល…អារចេញជាបំណែកតូច-ធំ…ដឹកចេញលក់ដោយរលូនចង់អស់…ទើបមានមន្ត្រីភ្ញាក់កំណើត…ចាប់បានម្នាក់ជារដ្ឋអំណាចភូមិ ព្រមទាំងប្រកាសខ្យល់ថា…កំពុងស្រាវជ្រាវតាមរកបក្ខពួកបន្តទៀត…ហេ ! ហេ !
មហាជននៅទីនោះនិយាយជាទូទៅថា…ឧក្រិដ្ឋកម្មព្រៃឈើដ៏មហាសាលនេះ…នៅមិនឆ្ងាយប៉ុន្មានពីទីស្នាក់ការបរិស្ថានឡើយ…។ ខ្លះថាតាមសំឡេងម៉ាស៊ីនអារ-ច្រៀក…ម៉ាស៊ីនកាត់ផ្តួលឈើទាលយក្សទាំង៥០ដើមនេះ…បើអ្នក«មិនថ្លង់»ទេ…ប្រាកដជាឮសំឡេងម៉ាស៊ីនមិនខាន…។
ឆ្ងល់ពេក…តើមានមូលហេតុអ្វីបានជាមន្ត្រីដែលមានអំណាច«អភិរក្ស» មិនឮ ? ការដឹកឈើអារចេញទៀតសោត…ហេតុអ្វីមើលមិនឃើញ ? ឬមួយ «ខ្វាក់»អស់ទេដឹង ? ឬមួយសប្បាយ…គិតតែពីដេកស៊ីជុះទេដឹង ។
ឱ ! ទីស្នាក់ការមន្ត្រីការពារសត្វព្រៃឡង់ដែលនៅជិតអើយ…អីក៏ «សម្រាន្តលក់» ស្រួលម្ល៉េះ ?…ហេ ! ហេ !
មហាជនរិះគន់ខ្លាំងៗ…ប្រាប់អាឡេវថា…តាមទំហំនៃការកាប់ផ្តួលរំលំ…កាប់អារ-ច្រៀក…និងការលើកដាក់ដឹកជញ្ជូនចេញពីព្រៃឡង់…មិនមែនមានតែម្នាក់ដែលចាប់បាននេះទេ…គឺអាចមានទាំងហ្វូង…មានទាំងអ្នកមានអំណាចក្នុងតំបន់បំផ្លាញ…តើពិតដែរទេ ?…ទីបំផុតចាប់បានតែម្នាក់…អាធំៗរួចអស់ !
មានទស្សនៈខ្លះនិយាយឌឺថា…បើពួកហ្អែងមិនកាប់ឈើ…អញបានអីស៊ី ?…ហេ ! ហេ !
ឱ ! ទេវតាការពារព្រៃឡង់អើយ…មានជួយការពារសម្បត្តិធម្មជាតិឱ្យគង់វង់ដែរទេ ? ឬមួយគិតតែទទួលមាន់ស្ងោរ…ជ្រូកខ្វៃ…នំឡើងពីជនទុច្ចរិត ? បើយ៉ាងនឹងទេ…ឱ្យវាឆាប់រលាយទៅចុះ…ហេ ! ហេ !
ចែករំលែកព័តមាននេះ