រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនសិស្សានុសិស្សប្រុសស្រីចំនួន១២នាក់ ដែលគេចមិនចូលសាលាមកអង្គុយហាងកាហ្វេធ្វើការអប់រំ និងកិច្ចសន្យា។
ប្រតិបត្តិការនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពខណ្ឌ៧ មករា បានចុះទៅឃាត់យកទៅអប់រំសិស្សានុសិស្សប្រុសស្រី១២នាក់បានមកប្រមូលផ្ដុំគ្នាអង្គុយនៅហាងកាហ្វេមួយកន្លែងនៅផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា នៅក្នុងឯកសណ្ឋានសិស្ស ។
លោក ថេង សុថុល អភិបាលខណ្ឌ៧ មករា បានបញ្ជាក់ថា បញ្ហានេះកើតឡើង នៅដដែលជាដដែលហើយ ជាពិសេសនោះកម្លាំងអាជ្ញាធរមានសមត្ថកិច្ចតាមប៉ុស្តិ៍មូលដ្ឋានក៏តែងតែចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់បញ្ហាគ្រឿងញៀ.ន បញ្ហាក្មេងទំនើ.ង បញ្ហាចរាចរណ៍ ជាដើម តាមសាលាជាប់ជាប្រចាំ ប៉ុន្តែសិស្សានុសិស្សមួយចំនួនតូច នៅតែមិនស្ដាប់ការណែនាំរបស់មន្ត្រីអាជ្ញាធរក៏ដូចជា គណៈគ្រប់គ្រងសាលាឡើយ ។ ដូច្នេះលោកអភិបាលបានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពចុះប្រមូលសិស្សានុសិស្សទាំងនេះ មកធ្វើការកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាល ដើម្បីមកធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងគណៈគ្រប់គ្រងសាលាបាក់ទូក ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ។
ក្នុងនោះសិស្សានុសិស្សប្រុស១០នាក់ និងស្រី០២នាក់ ដែលមិនចូលរៀនគេចសាលាមកអង្គុយប្រមូលផ្ដុំគ្នានៅហាងកាហ្វេ ។
ជាចុងក្រោយលោកអភិបាលសំណូមពរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាសិស្សគំរូ និងប្រជាពលរដ្ឋល្អក្នុងសង្គមជាតិ ៕
ចែករំលែកព័តមាននេះ