រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឱកាសអបអរសាទរឆ្លងឆ្នាំសកលដែលជាថ្ងៃបញ្ចប់ឆ្នាំចាស់២០២៤ ឈានចូលឆ្នាំថ្មី២០២៥ កាលពីរាត្រីរំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជាជាង៣លាននាក់ ។
ក្រសួងបានលើកឡើងថា រាជធានីភ្នំពេញជាតំបន់ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ និងតាមពីក្រោយដោយខេត្តព្រះសីហនុ ទទួលបានចំណាក់ថ្នាក់លេខ២ ស្របពេលដែលតំបន់ទេសចណ៍វប្បធម៌ខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ៣ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍បានឱ្យដឹងថា ទិវាឆ្លងឆ្នាំសកលរយៈពេលពីរថ្ងៃ ត្រូវនឹងថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ថ្ងៃទី១ ពោលត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ទេសចរជាតិ និងប្រជាពលរដ្ឋ ដើរលេងកម្សាន្តប្រមាណ២២ម៉ឺននាក់ (២១៦ ៣៣១ នាក់) និងមានទេសចរបរទេសប្រមាណ២ម៉ឺននាក់ (១៨ ២៤៩ នាក់) ។
ក្នុងនោះ សម្រាប់ថ្ងៃទី២ ពោលត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ៣,២៧ លាននាក់ (៣ ២៧១ ៧៣៤ នាក់) និងទេសចរណ៍បរទេស ប្រមាណ៣ម៉ឺននាក់ (២៩ ០១១ នាក់) ។ ដូច្នេះ សរុបរយៈពេលពីរថ្ងៃ ៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ៣,៤៩ លាននាក់ (៣ ៤៨៨ ០៦៥ នាក់) និងទេសចរបរទេស ប្រមាណ ៥ម៉ឺននាក់ (៤៧ ២៦០ នាក់) ។
គួរកត់សម្គាល់ថា រាជធានី-ខេត្ត ដែលទទួលបានទេសចរណ៍ច្រើនជាងគេ ទាំង៥ រួមមានលេខ១. រាជធានីភ្នំពេញ ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ១ ៥៥៥ ០៥៩ នាក់ និងទេសចរបរទេស ប្រមាណ១៨ ៤២០ នាក់។ លេខ២. ព្រះសីហនុទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ៤១៥ ៨៨៦ នាក់ និងទេសចរ បរទេស ប្រមាណ ៦ ៩៤៣ នាក់។ លេខ៣. សៀមរាប ទទួលបានទេសចរជាតិ និងប្រជាពលរ ដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣២៣ ៤០០ នាក់ និងទេសចរបរទេស ប្រមាណ១០ ២៦០ នាក់។
លេខ៤. បាត់ដំបង ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ៣២៤ ០៥៣ នាក់ និងទេសចរបរទេស ប្រមាណ ៧០៧ នាក់ និងលេខ៥. កំពត ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ២២៦ ៧៥៨ នាក់ និងទេសចរបរទេសប្រមាណ ១ ២១៨ នាក់៕
ចែករំលែកព័តមាននេះ