ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ នៅ​លើ​ពិភពលោក​មាន​ទំហំ​ធំ​ខ្លាំង​ណាស់ ចំណែក​ឱនភាព​ពាណិជ្ជកម្ម​ក៏​ធំ​ណាស់​ដែរ ។ គប្បី​អ្នក​ដែល​ពាក់ព័ន្ធ​ពង្រឹង​នឹង​ស្វែងរក​យន្តការ នៅ​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​បន្ថែម ដើម្បី​កាត់​បន្ថយ​ឱនភាព​នេះ ។ ផ្អែក​តាម​របាយការណ៍​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤…

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ នៅ​លើ​ពិភពលោក​មាន​ទំហំ​ធំ​ខ្លាំង​ណាស់ ចំណែក​ឱនភាព​ពាណិជ្ជកម្ម​ក៏​ធំ​ណាស់​ដែរ ។ គប្បី​អ្នក​ដែល​ពាក់ព័ន្ធ​ពង្រឹង​នឹង​ស្វែងរក​យន្តការ នៅ​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​បន្ថែម ដើម្បី​កាត់​បន្ថយ​ឱនភាព​នេះ ។

ផ្អែក​តាម​របាយការណ៍​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤ និង​ទិស​ដៅ​ពាណិជ្ជកម្ម​ឆ្នាំ ២០២៥ របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​មហា​យក្ស​មួយ​នេះ​នៅ​ក្នុង​ឆ្នាំ​២០២៤ មាន​តម្លៃ​សរុប​ដល់​ទៅ​១៣,៧៦ ពាន់​លាន​ដុល្លារ ដោយនៅ​ក្នុង​នោះ​ការ​នាំ​ចូល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​១២,១៥ ពាន់​លាន​ដុល្លារ ហើយ​កម្ពុជា​នាំ​ចេញ​បាន​ប្រមាណ​តែ​ជា​ជាង​១,៦០ ពាន់​លាន​ដុល្លារ ។ ផ្អែក​តាម​ស្ថិតិ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ឱនភាព​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​ចិន គឺ​កម្ពុជា​ទិញ​ទំនិញ​ចិន​ជាង​១០​ពាន់​លាន​ដុល្លារ​ច្រើន​ជាង​លក់​អោយ​ចិន ។

ដោយឡែក កាលពី​ឆ្នាំ​២០២៣ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគ​របស់​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​សរុប​១៣,៤២ ពាន់​លាន​ដុល្លារ ដោយ​កម្ពុជា​នាំ​ចូល​ពី​ចិន​មក​មាន​តម្លៃ​១១,៥៧ ពាន់​លាន​ដុល្លារ ហើយ​នាំ​ចេញ​ទៅ​វិញ​មាន​តម្លៃ​ប្រមាណ​ជា ១,៨៥​ពាន់​លាន​ដុល្លារ ។

នៅ​ក្នុង​ស្ថានភាព​នេះ មិនមែន​មាន​ន័យ​ថា កម្ពុជា​មិន​បាន​ខិតខំ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន​នោះ​ទេ ។ កម្ពុជា​បាន​ខិតខំ​ខ្លាំង​ណាស់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​អ្នកវិភាគ​បាន​លើក​ឡើង​ថា ទោះជា​កម្ពុជា​ខិតខំ​យ៉ាងណា​ក៏​ពិបាក​កាត់​បន្ថយ​បញ្ហា​នេះ​ណាស់ ដោយសារ​តែ​អ្វី​ដែល​កម្ពុជា​នាំ​ចូល​ពី​ចិន​ច្រើន​បែប​នេះ គឺ​ការ​នាំ​ចូល​ផលិតផល​ជា​វត្ថុធាតុដើម ។ វត្ថុធាតុដើម​ដែល​នាំ​ពី​ចិន​នេះ គឺ​ត្រូវ​បាន​កម្ពុជា​បង្កើន​ការ​នាំ​ចូល ដើម្បី​យក​មក​កែ​ច្នៃ និង​ជំរុញ​ផលិតកម្ម ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​វា​ពិតជា​លំបាក​កាត់​បន្ថយ​ឱនភាព ។

មក​ដល់​ពេល​នេះ ផលិតផល​នាំ​ចូល​ពី​ចិន​ភាគច្រើន​ជា​វត្ថុធាតុដើម​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី អេ​ឡិច​ត្រូ​និក យានយន្ត និង​គ្រឿង​បរិក្ខា​បម្រើ​ការ​ប្រើប្រាស់​ផ្សេង​ៗ​ខណៈ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​នៅ​ពេល​នេះ គឺ​មាន​ត្រឹមតែ​ជា​ផលិតផល​កសិកម្ម​ដែល​មាន​អង្ករ ស្វាយ ចេក និង​ផលិតផល​ជលផល​ខ្លះ​ៗ​ប៉ុណ្ណោះ ។ ជា​ការ​ពិត កម្ពុជា​អាច​មានឱកាស​នាំ​ចេញ​ច្រើន​ទៀត​ទៅ​កាន់​ទីផ្សារ​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាងគេ​ទី​២​នៅ​លើ​ពិភពលោក​បាន​ច្រើន​ទៀត​ដោយសារ​តែ​កម្ពុជា និង​ចិន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​ហើយ ។

នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ដោយ​មិន​មាន​របាំង​ពន្ធ​ដល់​ទំនិញ​រហូត​ដល់​ទៅ​៣០០​មុខ ប៉ុន្តែ​ទំនិញ​កម្ពុជា​ជាប់​របាំង​ភូតគាម​អនាម័យ ។ នៅ​ក្នុង​ចំណោម​មុខទំនិញ​៣០០​មុខ ដែល​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ចិន​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​៩៥​ភាគរយ គឺជា​ផលិតផល​កសិកម្ម​ដែល​មាន​តាំងពី​ម្ទេស​ស្រស់ ម្ទេស​ក្រៀម ផ្លែ​ឈើ ត្រី​សាច់​ជាដើម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ទំនិញ​ដែល​កម្ពុជា​អាច​ទទួល​សិទ្ធិ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​បាន​នៅ​ពេល​នេះ​នៅ​មាន​កម្រិត​នៅឡើយ ។

ទំនិញ​ដែល​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ចិន​បាន​នៅ​ពេល​នេះ​រួម​មាន​ដូច​ជា កំពឹស​ទឹកសាប​, ត្រី​ប្រា​ធំ​, ត្រី​ប្រា​ខ្ចៅ​, ខ្យង​ទឹកសាប​ពីរ​ប្រភេទ​, អន្ទង់​ទឹកសាប​, បង្កង​កណ្តូប​ពីរ​ប្រភេទ​, បង្គា​ខ្លឹ​ង​, បង្គា​ស​, និង​បង្គា​ប៉ា​រ៉ា ហើយ​ក្រៅពី​នោះ​មាន​ពពូក​ផ្លែ​ឈើ ដែល​មាន​ដូច​ជា ស្វាយកែវ​រមៀត មៀន​ប៉ែ​លិ​ន និង​ចេក ខណៈ​ដែល​ដំណាំ​ផ្សេង​ទៀត​ដូច​ជា ដូង​ជាដើម គឺ​កំពុង​តែ​ស្នើ​សុំ​នៅឡើយ​ទេ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ មន្ត្រី និង​អ្នក​ដែល​ពាក់ព័ន្ធ​គប្បី​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ឲ្យ​ទ្វេ​ដង ដើម្បី​ធ្វើ​យ៉ាងណា​ចរចា​បើក​របាំង​ដែល​ជា​ឧបសគ្គ​នាំ​ចេញ​ដល់​ទំនិញ​ជាង​៣០០​មុខ​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ត​ទៀត ។ ក្រៅពី​នោះ​ក៏​ត្រូវ​គិតគូ​នូវ​និរន្ត​ភាព​នៃ​ការ​ផ្គត់ផ្គង់​មុខទំនិញ​ទាំងនេះ​ទៅ​កាន់​ទីផ្សារ​ដែរ ។ នៅ​ក្នុង​ករណី​យើង​មិន​អាច​ធានា​ការ​ផ្គត់ផ្គង់​ច្បាស់លាស់​ទេ​នោះ​ក៏​គេ​ពិបាក​នឹង​ទទួល​ទិញ​ពី​យើង​ដែរ ។

សរុប​ទៅ​យើង​ដឹង​ថា កិច្ចការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយនឹង​មហា​យក្ស​ចិន​ពិតជា​ពិបាក ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ខិតខំ គឺ​ត្រូវ​តែ​បន្ត​ធ្វើ​ទៅ​មុខជា​ជំហាន​ៗ ។ ប្រសិនបើ​អាច​ផ្លោះ​បាន​ក៏​កាន់តែ​ប្រសើរ ។ ប្រសិនបើ​កម្ពុជា​អាច​បើក​ទីផ្សារ និង​ផ្គត់​ផ្គង​ផលិត​កសិកម្ម​ទាំង​៣០០​មុខ​នេះ បាន​ច្រើន និង​មាន​និរន្ត​ភាព គម្លាត​ឱនភាព​ពាណិជ្ជកម្ម​ក៏​នឹង​កាត់​បន្ថយ​បន្តិច​ម្តង​ៗ​ផង​ដែរ ។ កម្ពុជា​ក៏​អាច​ធ្វើ​អោយ​ការ​នាំ​ចេញ​ទំនិញ​កាន់តែ​ដើរតួ​នាទី​សំខាន់​សម្រាប់​កំនើនសេដ្ឋកិច្ច និង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ពិសេស​កសិករ​អោយ​កាន់តែ​មាន​ជីវភាព​ធូរធា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ