ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​.ឃា.ត.ក.​រ.​អណ្តែត​ ក្រោយ​ពី​ធ្វើ​.ឃា.ត.​រួច​​ជិះ​ម៉ូតូ​ទៅ.​លោ.ត.​ទឹ.ក​

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ សព​បុរស​ជា​ឃាតករ​វាយ​សម្លាប់​ស្ត្រី​ម្នាក់​លក់​ភេសជ្ជៈ​នៅ​ស្តុ​បណត​ប្រ៊ី​ដ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤​នៅ​ចំណុច​មាត់ច្រាំង​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ សព​បុរស​ជា​ឃាតករ​វាយ​សម្លាប់​ស្ត្រី​ម្នាក់​លក់​ភេសជ្ជៈ​នៅ​ស្តុ​បណត​ប្រ៊ី​ដ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤​នៅ​ចំណុច​មាត់ច្រាំង​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សព​ឃាតករ​មាន​ភិនភាគ សម្បុរ​សណ្តែកបាយ ពាក់អាវ​ក្រៅ​ក្រឡា​ការ៉ូ អាវ​ក្នុង​យឺត​ដៃខ្លី ពណ៌​ត្រេ​អុ​ី និង​ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពណ៌​ខ្មៅ ។តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នេះ គាត់​បាន​ដើរ​មើល​ជុំវិញ​ផែ​អូ​ប័​រ ដើម្បី​សម្អាត​កំប្លោក ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ផ្កាប់មុខ​នៅ​ជាប់មាត់​ច្រាំង​ទន្លេ​ក្បែរ​ផែ​អូ​ប័​រ​របស់​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​នេះ​តែ​ម្តង ។ ភ្លាម​ៗ​គាត់​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​សព​អណ្តែត​ទឹក​នេះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​ត្រួតពិនិត្យ​បាន​បង្ហាញ​ថា សព​បុរស​ខាងលើ​នៅ​ផ្នែក​ដៃ​ខាងឆ្វេង​មាន​សាក់​ឈ្មោះ អូន ល​ក្ខិ​ណា គឺ​ដូច​ទៅ​នឹង​ពាក្យ​បណ្តាំ​ដែល​បន្សល់​ទុកជា​ពាក្យ​បណ្តាំ​លើ​ស្ពាន​ជ្រោយចង្វា ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺជា​បុរស​ឃាតករ ដែល​ក្រោយ​ពី​វាយ​សម្លាប់​ស្ត្រី​អ្នកលក់​ភេសជ្ជៈ​ហើយ​បាន​មក​លោតទឹក​សម្លាប់​ខ្លួន ។

ក្រោយ​សព​បាន​អណ្តែត សមត្ថកិច្ច​ជំនាញ​ផ្នែក​ចក្ខុ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ។ បន្ទាប់​ពី​ត្រួតពិនិត្យ​ចប់​សព្វគ្រប់ សព​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​កប់​ស្រូវ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ ស្ត្រី​ជា​អ្នកលក់​ភេសជ្ជៈ​ម្នាក់​ខណៈ​អង្គុយ​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ភេសជ្ជៈ​នៅ​ក្បែរ​ស្តុ​បណត​ប្រ៊ី​ដ​ផ្លូវ​២០០៤ ត្រូវ​បាន​បុរស​ជា​ឃាតករ​បាន​ឈប់​ម៉ូតូ​នៅ​ផ្លូវ​ម្ខាង​ទៀត​រួច​ចុះ​ពីលើ​ម៉ូតូ ដោយ​ដៃ​កាន់​ថង់​មួយ​ដើរទៅ​រក​ស្ត្រី​រង​គ្រោះ ។ លុះ​ដើរ​ជិត​ដល់ ឃាតករ​បាន​ដក​ដែកថ្នាំងអំពៅ​ចេញពី​ថង់ វាយ​សំពង​យ៉ាង​ចាស់ដៃ ត្រូវ​ក្បាល​ស្ត្រី​រង​គ្រោះ បណ្តាល​ឱ្យ​ដាច់​ផ្ងារ​ធ្លាក់​ពីលើ​ម៉ូតូ​រ៉ឺ​ម៉ក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ចំណែក​បុរស​ជា​ឃាតករ បានរ​ត់ទៅ​ជិះ​ម៉ូតូ​ចាក​ចេញពី​ចំណុច​កើតហេតុ សំដៅ​ទៅ​កាន់​ស្ពាន​ជ្រោយចង្វា ហើយ​បាន​ទុក​រូបថត​និង​សំបុត្រ​បណ្តាំ​មួយ​សន្លឹក នៅ​លើ​ស្ពាន​រួច​ហក់លោត​ទៅ​ក្នុង​ទឹកតែ​ម្តង ។

ភ្លាម​ៗ​នោះ នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ធ្វើ​អត្តឃាត​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វា​នោះ គឺជា​ឃាតករ​ដែល​វាយ​សម្លាប់​ស្ត្រី​ជា​អ្នកលក់​ភេសជ្ជៈ​នៅ​ចំណុច​ស្តុ​បណត​ប្រ៊ី​ដ ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា ឃាតករ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​កូរ៉េ មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​រួច​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​និង​រូបថត​៣​សន្លឹក ព្រមទាំង​ទូរស័ព្ទ​១​គ្រឿង ។
ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៥៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ស្តុ​បណត​ប្រ៊ី​ដ​ផ្លូវ​២០០៤ មុខ​ការដ្ឋាន​សាងសង់​ធនាគារ​ABA ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ឈ្មោះ នាង ចិន្តា អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ជុំវិញ​ការ​សម្លាប់​នេះ មិន​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការ​វាយ​សម្លាប់​នោះ​ទេ តែ​ប្រភព​ខ្លះ​ថា​ស្ត្រី​នេះ​បាន​លែងលះ​ប្តី តែ​មិន​ទាន់​ដាច់ស្រេច ហើយ​ក៏​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​រូប​នេះ​ឈ្មោះ សុខ រំ​ចង់ ហេតុនេះ​ការ​សម្លាប់​អាច ជា​ការ​ប្រចណ្ឌ​ទៅ​លើ​ស្ត្រី​អ្នកលក់​ភេសជ្ជៈ​នេះ ។ ទោះបីជា​បែប​ណា វា​គាប់​ជួន​គ្នា​ដែល​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​កប់​ស្រូវ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ