រាជធានីភ្នំពេញ ៖ រថយន្តដឹកប្រេង ១គ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុក និងកិនពីក្រោយក្មេងស្រីម្នាក់ ដែលកំពុងជិះម៉ូតូ បណ្ដាលស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ បន្ទាប់មក រថយន្តបង្ក បានព្យាយាមបើករត់គេច ប៉ុន្តែបានចម្ងាយប្រមាណ៥០០ម៉ែត្រប៉ុណ្ណោះ ក៏ត្រូវបាននគរបាលឃាត់បានទាំងរថយន្ត និងអ្នកបើកបរ រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវព្រៃស ស្ថិតនៅក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះឈ្មោះ ទូច សារើន ហៅឡុក អាយុ១៤ឆ្នាំ មុខរបររត់តុ នៅហាងសាច់គោអាំង ក្នុងបុរីពិភពថ្មីចំការដូង និងមានទីលំនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នាងជិះម៉ូតូម៉ាកហុងដា អាយខន ពណ៍សលាយផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1AR-3082 ។ ចំណែករថយន្តបង្កម៉ាក CHENG LONG ពណ៍ខ្មៅ លាយស ដឹកប្រេង ពាក់ផ្លាកលេខភ្នំពញ 3G-6238 ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការនៅហាងលក់សាច់គោអាំង នៅបុរីពិភពថ្មីចំការដូង។ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តដឹកប្រេងខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ទៅដល់បុកពីក្រោយបណ្ដាលឲ្យដួល រួចកិនស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។
សាក្សីដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីដឹងថា បុកនិងកិនក្មេងស្រីរងគ្រោះបណ្ដាលឲ្យស្លា.ប់បែបនេះ អ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែបានចម្ងាយប្រមាណ៥០០ម៉ែត្រ ក៏ត្រូវបាននគរបាលប៉ុស្តិ៍ព្រៃស ដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ។
បន្ទាប់មកបាននាំទៅសាកសួរនៅប៉ុស្តិ៍ព្រៃស មួយជំហ៊ាន រួចរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅធ្វើការវាស់វែង និងនាំទាំងអ្នកបើកបរ និងរថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកសាកស.ព ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ