រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា ផ្ការីករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការអភិវឌ្ឍន៍គ្រប់វិស័យ ពោលគឺខុសពីផ្ការីករបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលនិរទេសខ្លួន នៅក្រៅប្រទេស មានចរិកញុះញង់ ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា ផ្ការីក ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាផ្ការីកស្កុះស្គាយ នាំមកនូវការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនគ្រប់វិស័យ នៅទូទាំងប្រទេស ដែលបានធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយគ្រប់គ្នា ដែលខុសស្រឡះពីផ្ការីករបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ។
ការលើកឡើងរបស់លោក ប៉ែន បូណា បែបនេះ ក្នុងខណៈអតីតមេបក្សប្រឆាំងរត់ចោលស្រុកលោក សម រង្ស៊ី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តែងតែលើកឡើងជាហូរហែរអំពីយុទ្ធសាស្ត្រផ្ការីក ។
លោក ប៉ែន បូណា បានថ្លែងកាលពីពេលថ្មីនេះថា ផ្ការីករបស់រាជរដ្ឋាភិបាល បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ សាលា មន្ទីរពេទ្យ វត្តអារាមជាដើម រីកស្កុះស្គាយ ដូចផ្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។ ក្នុងនោះមានផ្លូវស្រសស្អាត ធំទូលាយ ងាយស្រួលធ្វើដំណើរ រួមទាំងផ្លូវហាយវេ និងផ្លូវអ៊ិតប្រេសជាដើម។ នេះហើយជាអត្ថន័យ នៃផ្ការីករបស់រាជរដ្ឋាភិបាល ។
អ្នកនាំពាក្យបានបន្តថា ដូចបានដឹងលឺគ្រប់គ្នាហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ គឺថា ផ្ការីក របស់រាជរដ្ឋាភិបាល ជាផ្ការីក នាំមកនូវសុខសន្តិភាពពេញបរិបូរណ៍សម្រាប់បំពេញសេចក្តីសុខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលដឹកនាំប្រទេសពីគ្មានអ្វីសោះ មកឲ្យរីកលូតលាស់គ្រប់វិស័យដូចសព្វថ្ងៃនេះ ។
អ្នកនាំពាក្យ គូសបញ្ជាក់ថា “ផ្ការីក ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ គឺរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា គឺជាផ្ការីកគ្រប់រដូវ គ្រប់ដំណាក់កាលរីករហូត ។ ការបោះឆ្នោតចុងក្រោយ២០២៣កន្លងទៅ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុបជាង៨២% គឺថា រីករហូត។ នេះគឺអត្ថន័យ ផ្ការីក ។ ចំណែកក្រុមរបស់គាត់ (សម រង្ស៊ី) រោយទៅ គឺរុះរោយអស់ហើយ” ។
អ្នកនាំពាក្យ បន្ថែមទៀតថា ផ្ការីកក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ គឺពួកគាត់សប្បាយរីករាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តាំងពីជំនាន់សម្តេចតេជោ រហូតមកដល់សម្តេចធិបតី ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ សម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ឲ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់ នោះហើយ គឺជាផ្ការីកពិតប្រាកដ ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យ ក៏បានឌឺដងទៅផ្ការីករបស់ទណ្ឌិត រត់ចោលស្រុក ដែរថា ជាផ្ការុះរោយ ដែលមនុស្សជំនិត និងអ្នកគាំទ្ររបស់លោកបានរត់ចោល ហើយមកសូមរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ