អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលទើបសាងសង់ថ្មី នៅខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជាគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាកល្បងសម្រាប់ជើងហោះហើរក្នុងស្រុកក្នុងសប្តាហ៍នេះ ។
នេះជារឿងត្រេកអរមួយសម្រាប់ខេត្តកោះកុង ក៏ដូចជា ប្រទេសកម្ពុជាទាំងមូល ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការហោះហើរពីភ្នំពេញទៅអាកាសយាន្តដ្ឋាននេះនឹងអាស្រ័យទៅលើតម្រូវការរបស់អ្នកធ្វើដំណើរ ដើម្បីអាចធ្វើអោយវាមានប្រតិបត្តិការទៀងទាត់បាន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាកាសយានដ្ឋាននេះនៅត្រូវការចំណាយពេលយូរឆ្នាំទៀតដើម្បីប្រតិបត្តិការឲ្យពេញទំហឹងនោះ និងជាលក្ខណ:អន្តរជាតិ ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា ការហោះហើរសាកល្បង ក្នុងស្រុកលើកដំបូងតាមរយៈការហោះហើរដែលគេហៅថា charter flight នឹងសាកល្បងធ្វើការតភ្ជាប់ជើងហោះហើរជាលើកដំបូងរវាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរដែលសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិនគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឲ្យដឹងថា តាមការគ្រោងទុកលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋេលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានគេរំពឹងថា នឹងទៅស្វាគមន៍ការហោះហើរយន្តហោះក្នុងស្រុកលើកដំបូងទៅកាន់អាកាសយានដ្ឋាននៅខេត្តកោះកុងនោះ ។
លោក ចាន់ រីវុត្ថា បានឲ្យដឹងថា ការតភ្ជាប់នេះនឹងក្លាយជាការធ្វើដំណើរតាមផ្លូវអាកាសជាលើកដំបូង ដែលមិនធ្លាប់មានទៅកាន់តំបន់ឆ្នេរនៃខេត្តកោះកុង របស់ប្រទេសកម្ពុជា ហើយវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មនៅក្នុងខេត្តកោះកុង ជាពិសេស និងនៅក្នុងប្រទេសកម្ពុជាជាទូទៅ ។
បើតាមអ្នកនាំពាក្យ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកឱ្យដំណើរការជើងហោះហើរអន្តរជាតិ ប្រសិនបើមានតម្រូវការ ។ នេះ គឺជាការរំពឹងទុក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសនៅក្នុងអាកាសយានដ្ឋានដែលមានទីតាំង២១៨ ហិកតា ស្ថិតក្នុងស្រុកគិរីសាគរ និងបទុមសាគរ នេះទំនងជាមិនអាចទាក់ទាញប្រតិបត្តិការសេវាកម្មដឹកជញ្ជូនពេញទំហឹងភ្លាមៗបានឡើយ ។
ប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Coastal Airport Investment Co., Ltd. ក្នុងទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិកប្រហែលជានៅត្រូវការពេលេវេលាបន្ថែមយូរបន្តិចទៀតពីព្រោះតម្រូវការនៃការធ្វើដំណើរទៅកាន់ទីនោះនៅមានកម្រិតណាស់ ។
កោះកុងដែលចម្ងាយប្រមាណជាជិត៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ បច្ចុប្បន្ននេះ គឺជាខេត្តមួយដែលមានប្រជាជនតិច ហើយសក្តានុពលសេដ្ឋកិច្ចក៏នៅមានកម្រិតដែរ ។ សេវាកម្មទេសចរណ៍នៅខេត្តនេះមាន ប៉ុន្តែនៅទាក់ទាញតែភ្ញៀវទេសចរនៅក្នុងស្រុកស្របពេលដែលប្រជាជននៅក្នុងខេត្តនេះមានប្រមាណជាត្រឹមតែប្រមាណជាង១០ម៉ឺននាក់ប៉ុណ្ណោះ ។ ខេត្តនេះមានច្រកទ្វារអន្តរជាតិជាមួយនឹងថៃ ប៉ុន្តែសក្តានុពលនៅទាបជាងច្រកផ្សេងទៀត ខណៈដែលសកម្មភាពតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តនោះក៏នៅមានកម្រិត ។
ម្យ៉ាងវិញទៀត ប្រសិនបើអាកាសយានដ្ឋាននេះកសាងឡើង ដើម្បីបម្រើការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់បម្រើវិស័យសេវាកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម តាមអាកាសយានដ្ឋាននេះក៏ទំនងជាមិនទាន់អាចដើរដែរពីព្រោះនៅតំបន់ឆ្នេរនេះ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅរាមមួយរួចទៅហើយ ។
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលដំណើរការក៏នៅមិនទាន់ទាក់ទាញជើងហោះហើរបានច្រើននៅឡើយ ដោយសារតែតម្រូវការនៅមានកម្រិតដែរ ។ នៅក្នុងចំណោមអាកាសយានដ្ឋានដែលប្រតិបត្តិការដឹកជញ្ជូននៅពេលបច្ចុប្បន្ននេះការតភ្ជាប់ជើងហោះហើរ មកតំបន់ឆ្នេរ គឺនៅទាបណាស់ ដូច្នេះវាពិតជាមិនទាន់ទំនង ដើម្បឲ្យយន្តហោះទៅចុះចតនៅអាកាសយានដ្ឋានតារាសាគរនេះនៅឡើយដែរ ។
ក្តីរំពឹងតែមួយគត់នៅពេលបច្ចុប្បន្នរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ គឺមានតែកំណើននៃការហូរចូលអ្នកទេសចរបរទេស ជាពិសេស គឺចិន មកកាន់រមណីដ្ឋានតារាសាគរ ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ដែលជាគម្រោងមេរបស់អាកាសយាន្តដ្ឋាននេះប៉ុណ្ណោះ ។ ក្រុមហ៊ុននេះបានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០០៨ នៅក្នុងកិច្ចព្រមព្រៀងសម្បទាន៩៩ឆ្នាំ នៅលើផ្ទៃដី៣៦.០០០ហិកតា ។ ទីនោះត្រូវបានគេដឹងថា គឺបានសាងសង់កំពង់ផែទាំងទឹករាក់ និង ទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិដែលកំពុងតែរៀបចំសាកល្បងទទួលជើងយន្តហោះនៅក្នុងស្រុកសណ្ឋាគារ កាស៊ីណូ រីសត ទីលានវាយកូនហ្គោល និងផ្សារទំនើបជាដើម។
សរុបទៅ អាកាសយានដ្ឋានអន្តរជាតិតារាសាគរទំនងជានៅមិនទាន់អាចក្លាយជាអាកាសយានដ្ឋានទី៤ ដែលនឹងចូលរួមលើកកម្ពស់វិស័យដឹកជញ្ជូនបន្ថែមលើអាកាសយានដ្ឋានអន្តរជាតិចំនួនបី ដែលកំពុងដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុបាននៅឡើយទេ ពីព្រោះតម្រូវការនៅមានកម្រិត ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ នៅត្រូវការរង់ចាំ និងពង្រឹងការទាក់ទាញបន្ថែមទៀតមុនអាចដំណើរការពេញទំហឹងបាន ៕
ចែករំលែកព័តមាននេះ