រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយទ្រាំខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់ ក ម៉ូតូមួយគ្រឿងមិនបានសម្រេចហើយម្ចាស់ឃើញទាន់ ។ ហេតុការណ៍ដេញចាប់ចោរលួចម៉ូតូនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ១៥ នាទីព្រឹកថ្ងៃទី ២៦ ខែធ្នូឆ្នាំ២០២៤ស្ថិតតាមបណ្តោយផ្លូវលំ ត្រង់ចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន ១. ឈ្មោះ ទុំ សំណាង ភេទប្រុសអាយុ ២២ ឆ្នាំស្នាក់នៅពុំពិតប្រាកដនិងម្នាក់ទៀតពុំស្គាល់ស្គាល់អត្តសញ្ញាណឡើយ ជិះធ្វើសកម្មភាពម៉ាកស៊ុយសាគីនិចពណ៌សរពាក់ស្លាកម៉ូតូលេខកំពត1N-6936មួយគ្រឿង។
ចំណែកម្ចាស់ម៉ូតូឈ្មោះ ដាវី ភេទស្រី អាយុ៤៤ឆ្នាំ មានមុខរបរនៅផ្ទះស្នាក់នៅកើតហេតុខាងលើ ។
តាមនារីជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1F-0407 មកឈប់ក្បែររបងថ្មមុខបន្ទប់ជួល រួចក៏ចូលទៅក្នុងបន្ទប់រៀបចំអីវ៉ាន់ ។ ខណៈនោះ ជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរ ហើយម្នាក់ក៏បានដើរចូលទៅធ្វើសកម្មភាពលួចម៉ូតូ ។
ភ្លាមៗនោះគាត់ឃើញក៏ស្រែកចោរៗបង្កឲ្យមានការភ្ញាក់ហើយជនសង្ស័យបានរត់គេចខ្លួនឡើងជិះម៉ូតូបក្សពួកដែលឈប់ចាំ ។ តាមព័ត៌មានឲ្យដឹងទៀតថា ជនសង្ស័យបានជិះម៉ូតូព្យាយាមគេចខ្លួនបានប្រមាណជា៣០ម៉ែត្រក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលភ្លាមៗនោះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហើយបុរសជាប្តីម្ចាស់ម៉ូតូក៏បានស្ទុះចេញមកដេញរួមជាមួយប្រជាពលរដ្ឋក្បែរខាងនាំគ្នាដេញចាប់បានរួចវាយព្រមខ្លួន ។ ជនសង្ស័យទាំងពីរនាក់រួម និងម៉ូតូមួយគ្រឿងដែលជិះធ្វើកម្មភាពត្រូវបានប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍អូរបែកក្អម ដើម្បីសាកសួរ និងបញ្ជូនបន្តទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ