រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិនម្នាក់ ដាក់គុក១៥ឆ្នាំ ពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៣០លានរៀល ពាក់ព័ន្ធសំណុំរឿងរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ថ្នាំគ្រវី) ប្រមាណជាង២គីឡូក្រាម ។
សាលក្រមប្រកាសជាសាធារណៈ ទៅលើជនជាប់ចោទឈ្មោះ តាក ជ័ង (DA ZHANG) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារកំណត់១៥ឆ្នាំ ក្រោយអនុវត្តទោសចប់ជាស្ថាពរ និងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១និង៤០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមការសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញធ្វើការបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅផ្សេងគ្នា ។
គោលដៅទី១ នៅមុខសណ្ឋាគារកាសា ផ្លូវបេតុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅខុនដូ R&F ជាន់ទី២៩ បន្ទប់លេខ២៩០៦ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជាលទ្ធផលនៃកិច្ចបង្ក្រាប កម្លាំងជំនាញឃាត់បានជនសង្ស័យម្នាក់ជាជនជាតិចិនខាងលើនេះ ។
វត្ថុតាងចាប់យក សារធាតុញៀនប្រភេទថ្នាំគ្រវីអ៊ិចស្តាស៊ី(MDMA)ទម្ងន់៤៥០,៩១ក្រាម សារធាតុញៀនប្រភេទកេតាមីន(KETAMINE)ទម្ងន់ ១.៦២៤,៥២ក្រាម សរុបសារធាតុញៀនទាំងអស់មានទម្ងន់ ២.០៨១,៤១ក្រាម ស្មើជាង(២គីឡូ៨១.៤១ក្រាម) ។
ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ