ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំរមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ​ ត្រៀម​ទទួលភ្ញៀវ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល

18 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាល​ខេត្ត និង​ឯកឧត្តម សៅ សា​រ៉ាត់ តំណាងរាស្ត្រ ព្រមទាំង​ក្រុមការងារ…

ខេត្ត​ប៉ៃលិន​៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាល​ខេត្ត និង​ឯកឧត្តម សៅ សា​រ៉ាត់ តំណាងរាស្ត្រ ព្រមទាំង​ក្រុមការងារ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤​កន្លង​ទៅ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​រៀបចំ​សោភ័ណ​ភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល ២០២៥ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​បាន​និងកំពុង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ និង​កែ​លម្អ​សោភ័​ណ​ភាព​នៅ​ក្នុង​ខេត្ត​យ៉ាង​សស្រាក់សស្រាំ​ដូច​ជា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​កែ​លម្អ​សួនច្បារ​សាធារណៈ ការ​ដាក់​ភ្លើង​បំភ្លឺ និង​ភ្លើងលម្អ​នា​ពេល​រាត្រី ការ​សម្អាត​អនាម័យ​បរិស្ថាននៅ​តាម​ទី​សាធារណៈ និង​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា ដើម្បី​ឲ្យ​ខេត្ត​ប៉ៃលិន​ប្រែក្លាយជា​ខេត្ត​មួយ​មានការ​រីក​ចម្រើន និង​មាន​ទេសភាពស្រស់បំព្រង បរិស្ថាន​ល្អ ព្រមទាំង​ប្រែ​ក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាប់​ថ្ងៃ​អនាគត​ផងដែរ ។

ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​វិស័យទេសចរណ៍ធម្មជាតិ និង​ដើម្បី​លើកកម្ពស់​សោភ័​ណ​ភាព​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ​ឱ្យ​កាន់តែ​ល្អ​ប្រ​ឡើង​ឡើង លោក​ជំទាវអភិបាលខេត្ត បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ សហការ​ជាមួយ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ខេត្ត បន្ត​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែរ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ប្រកបដោយ​សុវត្ថិភាព សម្រាប់​ទទួលភ្ញៀវ​ទេសចរ ចូល​មក​កម្សាន្ត​នៅ​លើ​ទឹកដី​ដ៏​តូច​ច្រឡឹង​នៃ​ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ ជា​ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២៥ នា​ពេល​ខាង​មុខ ។

នា​ឱកាស​នោះ​ដែរ លោក​ជំទាវ បាន ស្រី​មុំ ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន សូម​រួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម​ឲ្យ​បាន​ល្អ និង​នាំ​យក​ទៅ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ជៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព និង​អនាម័យ​សាធារណៈ ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ល្បី​ជាងគេ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ទឹកធ្លាក់​រហូត​ដល់៩​ជាន់ និង​មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៥៧ ជាង ៧​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​បាន​ស្ថាបនា​រួចរាល់​នូវ​ផ្លូវ​បេតុង​ប្រវែង​ជាង ៣​គីឡូម៉ែត្រ ឡើង​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ