ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិសចរាចរណ៍​ថៃ​១៨​នាក់ ​ត្រូវ​ដក​បញ្ឈរជើង ដោយសារ​​រឿង​ពុក​រលួយ​លើ​ដងផ្លូវ

19 ម៉ោង មុន

រឿងរ៉ាវ​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​បទ​ស៊ីសំណូក​ពេល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​នៅ​ប្រទេស​​ថៃ កំពុង​កើត​មានជា​បន្តប​ន្ទុ​យ​គ្នា​យ៉ាង​រដឹក​តាម​បណ្តាញ​សង្គម ដោយ​ថ្មី​បំផុត​ក្នុង​ក្រោយ​នេះ​បាន​ឈាន​ទៅ​ដក​បញ្ឈរជើង​មន្ត្រី​ប៉ូ​លិស​ចរាចរណ៍​ផ្លូវគោក​១៨​នាក់​នៅ​ខេត្ត Udon Thani និង អធិ​ការរង​ផ្នែក​ចរាចរណ៍​ម្នាក់​នៅ​ខេត្ត Nonthaburi​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bangkok…

រឿងរ៉ាវ​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​បទ​ស៊ីសំណូក​ពេល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​នៅ​ប្រទេស​​ថៃ កំពុង​កើត​មានជា​បន្តប​ន្ទុ​យ​គ្នា​យ៉ាង​រដឹក​តាម​បណ្តាញ​សង្គម ដោយ​ថ្មី​បំផុត​ក្នុង​ក្រោយ​នេះ​បាន​ឈាន​ទៅ​ដក​បញ្ឈរជើង​មន្ត្រី​ប៉ូ​លិស​ចរាចរណ៍​ផ្លូវគោក​១៨​នាក់​នៅ​ខេត្ត Udon Thani និង អធិ​ការរង​ផ្នែក​ចរាចរណ៍​ម្នាក់​នៅ​ខេត្ត Nonthaburi​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ក្រោយ​ពី​ផេ​ក​ទំព័រ​ហ្វេ​ស​ប៊ុ​ក «E-Sor Khayee Laek ឬ E-Sor crushing news បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​ប៉ូ​លិ​ស​ចរាចរណ៍​ដែល​កំពុង​ចុះ​អនុវត្ត​ច្បាប់​នៅ Udon Thani ផ្តល់​ជូន​ជម្រើស​អោយ​អ្នកបើកបរ​ដែល​ល្មើសច្បាប់​ដែល​ត្រូវ​ទទួល​រង​ការ​ផាកពិន័យ ដោយ​អនុញ្ញាត​អោយ​ពួក​គេ​បង់ប្រាក់​​ភ្លាម​ៗ​ទៅ​អោយ​ប៉ូ​លិ​ស​នៅ​នឹង​កន្លែង​ជា​ថ្នូ​រនឹង​ការ​មិន​ចេញ​វិ​ក័យ​ប័​ត្រ​ផាកពិន័យ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ ។

ក្រោយ​បែកធ្លាយ​វី​ដេ​អូ បង្ក​ឱ្យ​មាន​មតិ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពី​សំណាក់​មហាជន​លើ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ថ្កោលទោស​ចំពោះ​ការ​អនុវត្ត​ច្បាប់​ដោយ​ពុក​រលួយ​យក​លុយ​ចូល​ហោ​ប៉ៅខ្លួនឯង​ពី​សំណាក់​ក្រុម​ប៉ូ​លិ​ស​ចរាចរណ៍​ទាំងនោះ និង​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​ប៉ូ​លិ​ស​ចាត់វិធានការ​ក្តៅ រហូត​ធ្វើ​ឱ្យ​មន្ត្រី​ប៉ូ​លិសចរាចរណ៍​សរុប​ចំនួន​១៨​នាក់ ត្រូវ​បាន​ដក​បញ្ឈរជើង​ពី​ការងារ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​។

លោក​វរសេនីយ៍ឯក ផាត់​ថា ណា​វង្ស ចាន់​ផុ​ន ស្នងការ​នគរបាល​ខេត្ត Udon Thani បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​ ពិតជា​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ នៅ​លើ​ផ្លូវ​ចូល​ក្រុង ពី Nong Khai មក Udonthani ហើយ​លោក​ពិតជា​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ទម្លាយ​វី​ដេ​អូ ដែល​បាន​លាតត្រដាង​ពី​ការ​ប្រព្រឹត្ត​ខុស​ដើម្បី​វែង​មុខ​អ្នក​ទទួលខុសត្រូវ​ ​។

លោក​បាន​និយាយ​បែប​ហួសចិត្ត​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក​បានដឹង​ឮ​ថា មន្ត្រី​ក្រោម​ឱវាទ​ប្រព្រឹត្ត​រឿង​អសកម្ម​បែប​នេះ ចាប់តាំងពី​ឡើង​កាន់​តំណែង​អស់​រយៈពេល​១៨​ខែ​មក ហើយ​ពេល​នេះ​លោក​បាន​បញ្ជា​ឲ្យ​មានការ​ដាក់​ពិន័យ​ចំពោះ​មន្ត្រី​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​ទាំងអស់ និង​ផ្អាក​ការងារ​របស់​ពួក​គេ​ជា​បណ្ដោះអាសន្ន​ ។

​លោកស្នងការ​អះអាង​ថា កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ចរាចរណ៍​ទាំងអស់​នៅ​ស្នងការ​ខេ​ត្ត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ដើម្បី​ត្រួតពិនិត្យ​បទ​ប្បញ្ញត្តិ និង​គោលការណ៍​ណែនាំ​ ។ លោក​បាន​បន្ត​ថា ការ​ផ្តោត​សំខាន់​គឺ​ដើម្បី​ធានា​ថា មាន​កម្លាំង​ប៉ូ​លិស​ចរាចរណ៍​គ្រប់គ្រាន់​សម្រាប់​បំពេញការងារ​នៅ​ក្នុង​យុទ្ធនាការ​សុវត្ថិភាព​ចរា​ចរណ៍ «ប្រាំពីរ​ថ្ងៃ​គ្រោះថ្នាក់​» ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល​ខាង​មុខ​ ។

ជាក់ស្តែង​នៅ​ពេល​នេះ គោលដៅ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ក្នុង​ខេត្ត Udon Thani កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីតាំង​សំខាន់​ចំនួន​៤ ដើម្បី​ធានា​ការ​អនុវត្ត​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​។ លោក​អធិការ​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​សាធារណជន ត្រូវ​រាយការណ៍​ពី​ទ​ង្វើ​មិន​ប្រក្រតី​របស់​នគរបាល​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​។

ទន្ទឹម​នឹង​នោះ នៅ​ខេត្ត Nonthaburi មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថត​បាន​
វី​ដេ​អូ​សកម្មភាព​នៃ​ការ​ប្រមូលប្រាក់​ផាកពិន័យ​ចរាចរណ៍​​ដោយ​មិន​បាន​ចេញ​វិ​ក័យ​ប​ត្រ​ ។ មន្ត្រី​រូប​នេះ ត្រូវ​គេ​ស្គាល់​ថា ​មាន​តំណែង​ជា​អធិការរង​ផ្នែក​ចរាចរណ៍ ហើយ​នៅ​ថ្ងៃ​ទី​២៣ ​ធ្នូ​ ​ត្រូវ​បាន​ថ្នាក់លើ​ចេញ​បញ្ជា​ឱ្យ​ផ្ទេរ​ទៅ​ប្រចាំការ​នៅ​ការ​រិ​យា​ល័យ ដោយ​រង់ចាំ​ការ​ស៊ើបអង្កេត​ដូច​ករណី​មន្ត្រី​នៅ​ខេត្ត Udon​thani​ដែរ​៕

កែសម្រួលដោយ