ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​គម្រោង​ជួសជុល​តួ​ប៉ម​នៅ​ជ្រុង​ប្រាសាទ​ព្រះ​គោ​អាយុកាល​ជាង​១​ពាន់​ឆ្នាំ

7 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​អាយុកាល​ជាង​១​ពាន់​ឆ្នាំ នៅ​ជ្រុង​ឦសាន​នៃ​ប្រាសាទ​ព្រះ​គោ ដែល​ធ្លាប់តែ​ប្រឈម​ការ​ខូចខាត​កម្រិត​ខ្ពស់ បាន​ប្រែ​ក្លាយជា​ភាពរឹងមាំ និង​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំណាយពេល​ប្រហែល​៧​ខែ ដើម្បី​ជួយ​សង្គ្រោះ​រចនាសម្ព័ន្ធ​ជា​ច្រើន​ផ្នែក​មក ។…

ខេត្តសៀមរាប ៖ តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​អាយុកាល​ជាង​១​ពាន់​ឆ្នាំ នៅ​ជ្រុង​ឦសាន​នៃ​ប្រាសាទ​ព្រះ​គោ ដែល​ធ្លាប់តែ​ប្រឈម​ការ​ខូចខាត​កម្រិត​ខ្ពស់ បាន​ប្រែ​ក្លាយជា​ភាពរឹងមាំ និង​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំណាយពេល​ប្រហែល​៧​ខែ ដើម្បី​ជួយ​សង្គ្រោះ​រចនាសម្ព័ន្ធ​ជា​ច្រើន​ផ្នែក​មក ។

លោក សារាយ គឹ​ម​ហួល ប្រធាន​ក្រុម​អភិរក្ស​តំបន់​រលួស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ នេះ​ថា ក្រុមការងារ​ជួសជុល​បាន​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​ឥដ្ឋ​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​នេះ​ទាំងមូល​ឡើង​វិញ ។ ជាមួយ​គ្នា​នេះ ក៏​មានការ​ជួសជុល​ផ្តែរ​សសរ​ផ្អោប​ទ្វារបញ្ឆោត​ផ្នែក​ខាងលិច និង​ខាងជើង ព្រមទាំង​ដំបូល ។

នៅ​តាម​ជ្រុង​នីមួយ​ៗ​ក៏​បាន​ពង្រឹង​ដោយ​ប្រើ​លក្ខណៈ​បច្ចេកទេស​បិទ​បាយអ ដើម្បី​ការពារ​កុំឱ្យ​ទឹក​ដក់​ក្នុង​ប្រាសាទ​។ ក្រុមការងារ​ក៏​ប្រើ​បច្ចេកទេស​នៃ​ការ​ជួសជុល​នៅ​តាម​រន្ធ​ទឹក ដែល​មាន​ស្នាម​ប្រេះ ដោយ​បិទ​រន្ធ​ទឹកជា​ថ្មី ដើម្បី​កុំឱ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ប្រាសាទ ។

ប្រធាន​ក្រុម​អភិរក្ស​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ក្រុមការងារ​ក៏​បាន​រើ​ឥដ្ឋ​ដែល​ពុក​ផុយ ឬ​ក៏​ឥដ្ឋ​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចេញ ហើយ​ដាក់​ឥដ្ឋ​ថ្មី​មួយ​ចំនួន​មក​ជំនួស​នៅ​ផ្នែក​ខាងក្នុង ហើយ​នៅ​ផ្នែក​ខាងក្រៅ គឺ​ប្រើ​ឥដ្ឋ​ចាស់ ដើម្បី​បង្កើន​ភាព​មាំ​នៃ​តួ​ប្រាសាទ ព្រមទាំង​រក្សា​សោភ័ណ ភាព​បែប​បុរាណ​ផង​។

តួ​ប៉ម​នៅ​ជ្រុង​ឦសាន​នៃ​ប្រាសាទ​ព្រះ​គោ​ទទួល​រង​ការ​ខូចខាត​ជា​ចម្បង គឺ​បណ្ដាល​មក​ពី​បញ្ហា​ទឹកភ្លៀង​ហូរ​ចូល​ទៅ​ក្នុង​តួ​ប្រាសាទ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ជាមួយ​អាចម៍​ប្រចៀវ​បង្កើត​ទៅ​ជា​ជាតិ​អាស៊ីត​ម្យ៉ាង​។ កត្តា​អាយុកាល​ចំណាស់​របស់​សំណង់ និង​អាកាសធាតុ ក៏​បាន​រួមចំណែក​ធ្វើ​ឱ្យ​សំណង់​ប្រាសាទ​ខូចខាត ដូច​ជា​ធ្វើ​ឱ្យ​ឥដ្ឋ​នៅ​ផ្នែក​ខាងក្នុង​ជា​ច្រើន​មាន​ពណ៌​ខ្មៅ ហើយ​ពុក​ផុយ ដែល​ទឹកភ្លៀង​អាច​ហូរ​ចូល​បាន​យ៉ាង​ងាយ​ធ្វើ​ឱ្យ​រុក្ខជាតិ​ជា​ច្រើន​ដុះ​លូតលាស់​ផង​ដែរ​។

ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្ដើម​ជួសជុល​តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​នៅ​ជ្រុង​ឦសាន នៃ​ប្រាសាទ​ព្រះ​គោ​នេះ តាំង​តែ​ពី​ខែឧសភា ឆ្នាំ​២០២៤ ហើយ​បច្ចុប្បន្ន​ការងារ​ដ៏​ពិបាក​នេះ បាន​ទទួល​ជោគជ័យ និង​បញ្ចប់​ជា​ស្ថាពរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ