ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​កម្ពុជា​ពង្រឹង​គោលនយោបាយ​ជាតិ​ស្តី​ពី​ស្វាយចន្ទី ដើម្បី​ប្រែក្លាយ​ប្រទេស​ទៅ​ជា​អធិរាជ​ស្វាយចន្ទី​ដំណាំ​នេះ​ទៅ​មុខ​ហើយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គឺ​យើង​នៅ​ពឹង​ដង្ហើម​វៀតណាម​ខ្លាំង ។ ដូច្នេះ​ប្រសិនបើ​អាច​យើង​គួរ​ពង្រឹង​ឯករាជ្យ​ភាព​ខ្លួន​លើ​បញ្ហា​កែ​ច្នៃ​មុន​ការ​នាំ​ចេញ ។ តាំងពី​គោលនយោបាយ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ផុលផុស​ខ្លាំង នៅ​ក្នុង​ចុង​អាណត្តិ​នៃ​រដ្ឋាភិបាល​មុន…

ក្រោយ​ពេល​ដែល​កម្ពុជា​ពង្រឹង​គោលនយោបាយ​ជាតិ​ស្តី​ពី​ស្វាយចន្ទី ដើម្បី​ប្រែក្លាយ​ប្រទេស​ទៅ​ជា​អធិរាជ​ស្វាយចន្ទី​ដំណាំ​នេះ​ទៅ​មុខ​ហើយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គឺ​យើង​នៅ​ពឹង​ដង្ហើម​វៀតណាម​ខ្លាំង ។ ដូច្នេះ​ប្រសិនបើ​អាច​យើង​គួរ​ពង្រឹង​ឯករាជ្យ​ភាព​ខ្លួន​លើ​បញ្ហា​កែ​ច្នៃ​មុន​ការ​នាំ​ចេញ ។

តាំងពី​គោលនយោបាយ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ផុលផុស​ខ្លាំង នៅ​ក្នុង​ចុង​អាណត្តិ​នៃ​រដ្ឋាភិបាល​មុន ដំណាំ​ស្វាយចន្ទី​បាន​ស្ទុះ​ឡើង​ខ្លាំង​មែនទែន ហើយ​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​របស់​កម្ពុជា​នៅ​ពេល​នេះ កើនឡើង​លើស​ពី​៥៨ ម៉ឺន​ហិ​កតា ។

តាម​រយៈ​ផែនទី​ដែល​កំណត់​ចេញ​មកនេះ​គេ​រំពឹង​ថា ដំណាំ​ស្វាយចន្ទី​បាន​កំពុង​ក្លាយជា​ដំណាំ​យុទ្ធសាស្ត្រ​ដ៏​ចម្បង ។ ប៉ុន្តែ​ដំណាំ​នេះ​នៅ​ទាមទារ​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ជា​ពិសេស គឺ​ការ​ស្វះ​ស្វែងរក​អ្នក​វិនិយោគ​ទៅ​លើ​ផលិតកម្ម​កែ​ច្នៃ ដើម្បី​ឲ្យ​យើង​ក្លាយទៅជា​អធិរាជ​នៃ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ដ៏​ពិតប្រាកដ​ហើយ​មិន​ខ្ចី​ដង្ហើម​គេ​ដក ។ នៅ​ក្នុង​ករណី​គេ​ក្រឡុក ឬ​ទីផ្សារ​គេ​មាន​បញ្ហា តែ​មិន​ស្រួល​កសិករ​យើង​នាំ​គ្នា​កាប់​ដើម​ចន្ទី​ចោល​ព្រាត​ទៀត​មិន​ខាន ។

ក្រោម​គោលនយោបាយ​នេះ វៀតណាម​ដែល​ជា​ប្រទេស​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ក៏​បាន​ទទួលស្គាល់​នូវ​លទ្ធផល​នៃ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​ដោយ កម្ពុជា​ហាក់​នៅ​ទន់ខ្សោយ​ខ្លាំង​លើ​ផលិតកម្ម​កែ​ច្នៃ ។

យោង​តាម​ស្ថិតិ​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា នៅ​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៤ បរិមាណ​នៃ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា គឺ​មាន​បរិមាណ​ដល់​ទៅ​៨៤​ម៉ឺន​តោន កើនឡើង​២៦​ភាគរយ​ឯណោះ ។ ប៉ុន្តែ ប្រសិនបើ​យើង​ក្រឡេក​មើល​ការ​នាំ​ចេញ​ទៅ​វៀតណាម​វិញ គឺ​ដល់​ទៅ​៧៩​ម៉ឺន​តោន​នៅ​ក្នុង​តម្លៃ​សរុប​ជាង ១,១​ពាន់​លាន​ដុល្លារ ។ ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​វៀតណាម​នេះ​កើនឡើង​ដល់​ទៅ​៣១​ភាគរយ ។

ផ្អែក​តាម​ស្ថិតិ​នេះ យើង​ឃើញ​យ៉ាង​ច្បាស់​ថា ភាគរយ​នៃ​ការ​កែ​ច្នៃ​ហើយ​នាំ​ចេញ​ផលិតផល​គ្រាប់ស្វាយចន្ទី​សម្រេច​ចេញ​ក្រៅប្រទេស គឺ​នៅ​មាន​កម្រិត​មែនទែន ខណៈ​ដែល​ទីផ្សារ​គ្រាប់ស្វាយចន្ទី​យើង​មាននៅ​ប្រទេស​ជា​ច្រើន​ដែរ ជា​ពិសេស គឺ​ជប៉ុន​តែ​ម្តង ។ ចំណុច​នេះ វៀតណាម​ក៏​ដឹង​ហើយ​ក៏​កំពុង​តែ​ស្វះ​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​បន្ថែម​ក្រៅពី​កម្ពុជា ខណៈ​ដែល សមត្ថភាព​នៃ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​កើនឡើង ។

តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២៤ នេះ វៀតណាម​អាច​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​សរុប​ជិត​៦៧​ម៉ឺន​តោន​នៅ​ក្នុង​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ​ឯណោះ ។ ប៉ុន្តែ​ដើម្បី​បំពេញ​ទីផ្សារ​នេះ​ឧស្សាហកម្ម​គ្រាប់ស្វាយចន្ទី​របស់​វៀត​ណាត​ត្រូវការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​សម្រាប់​កែ​ច្នៃ​ផលិតផល​នាំ​ចេញ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​របស់​វៀតណាម​បាន​រក្សា​ជំហរ​ឈានមុខ​គេ​ក្នុង​ពិភពលោក​ដោយ​មាន​តម្លៃ​ជា​មធ្យម​ប្រហែល​ពី​៣​ទៅ​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ប៉ុន្តែ​ឧស្សាហកម្ម​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម នៅ​តែ​ប្រឈម​មុខ​ជាមួយនឹង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​ប្រទេស និង​តំបន់​ផ្សេង​ទៀត​ដូច​ជា ប្រទេស​កម្ពុជា និង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន ។

ប្រភព​ដដែល​បាន​បន្ត​ថា ឧស្សាហកម្ម​ស្វាយចន្ទី​វៀតណាម​ត្រូវ​ចំណាយ​ប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​ក្នុង​ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ឆៅ​សម្រាប់​កែ​ច្នៃ​ផលិតផល​សម្រាប់​ការ​នាំ​ចេញ​ក្នុង​រយៈពេល​១១​ខែ​នេះ ដើម្បី​សម្រេចការ​នាំ​ចេញ​ឲ្យ​បាន​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ ។ផ្អែក​តាម​ទឡ្ហីករណ៍​នេះ នៅ​ក្នុង​ករណី​ដែល​កម្ពុជា​យើង​អាច​ធ្វើការ​ស្វែងរក​ដៃគូ ឬ​អ្នក​វិនិយោគ​មក​បំពេញ ការ​កៃ​ច្នៃ​លើ​ផលិតផល​គ្រាប់ស្វាយចន្ទី​យើង​បន្ថែម​ទៀត​នោះ​យើង​អាច​នឹង​ចំណេញ​លើ​ការ​នាំ​ចេញ​មួយ​ភាគ​បន្ថែម ហើយ​ក៏​អាច​នឹង​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានការ​ងារ​ធ្វើ ហើយ​ចរន្ត​សេដ្ឋកិច្ច​តាំងពី​ដឹក​ជញ្ជូន និង​សេវាកម្ម​ផ្សេង​ៗ​កើនឡើង​មួយ​ចំណែក​ដែរ ។

បើសិនជា​កម្ពុជា​កាន់តែ​ទាញ​ប្រយោជន៍​ពី​គ្រាប់ស្វាយចន្ទី​តាម​រយ​:​ការ​បង្កើន​ការ​ដាំ​ដុះ ការ​នាំ​ចេញ ការ​កែ​ច្នៃ ពេល​នោះ​កសិករ​ដាំ​ស្វាយចន្ទី​កាន់តែ​មាន​ចំណូល​ច្រើន ហើយ​ស្វាយចន្ទី​នឹង​ក្លាយជា​ផលិតផល​កសិកម្ម​កាន់តែ​សំខាន់​សម្រាប់​ចូលរួម​កំណើនសេដ្ឋកិច្ច​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ