ខេត្តកំពង់ចាម ៖ ប្រជានេសាទបានប្រទះឃើញត្រីរាជមួយក្បាលស្លាប់ហើមអណ្ដែតតាមខ្សែទឹកហូរមកទើនៅត្រង់ទីតាំងមាត់ទន្លេមួយកន្លែង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ។ បន្ទាប់មកប្រជានេសាទក៏បានរាយការណ៍ជូនអាជ្ញាធរនិងជំនាញរដ្ឋបាលជលផលឲ្យចុះមកពិនិត្យ។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមស្ដីទី បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីអាជ្ញាភូមិកោះប្រាក់ក្នុង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ស្តីពីករណីប្រជានេសាទបានប្រទះឃើញសាកសពត្រីរាជ១ក្បាលអណ្តែតមកទើច្រាំងទន្លេត្រង់ចំណុចខាងលើរួចមក ខណ្ឌរដ្ឋបាលជលផលបានបញ្ជូនមន្រ្តីចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ។
លោកនាយខណ្ឌរដ្ឋបាលជលផលបន្តឲ្យដឹងទៀតថា ស្របពេលដែលកម្លាំងជំនាញក្រមូវ៉ាតរបស់លោកទៅដល់ទីតាំងជាក់ស្តែង សាកសពត្រីរាជខាងលើ មានសល់ស្លាកសញ្ញា២គឺ ទី១ លេខTAG#3033 និងទី២លេខW.O.M 071 50 71 555 មន្រ្តីជំនាញ បានបញ្ជូនទិន្នន័យនេះ ទៅរដ្ឋបាលជលផល ដើម្បីចេញព័ត៌មានលម្អិត ។
រដ្ឋបាលជលផលបានផ្តល់ព័ត៌មានមកវិញថា ត្រីរាជ ភេទឈ្មោល មានប្រវែង២២២សង់ទីម៉ែត្រ និង ទម្ងន់១៣១គីឡូក្រាម ។
ត្រីរាជនេះត្រូវបានចាប់និងលែងនៅទន្លេមេគង្គ ភូមិថ្មី”ក ” ឃុំរកាគយ ស្រុកកងមាស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ។
ដោយសារតែមានការណែនាំពីថ្នាក់លើមន្ត្រីរបស់លោកបានរៀបចំជីដីកប់សពត្រីរាជនេះ នៅកន្លែងកើតហេតុ ។ ជាមួយនោះស្ថាប័នជំនាញសូមអំពាវនាវដល់ពលរដ្ឋនេសាទតាមដងទន្លេបើនេសាទបានត្រីរាជ្យនៅចំណុចណាមួយមានស្លាកសញ្ញាស្គាល់សូមមេត្តាលែងចូលក្នុងទន្លេវិញដើម្បីអភិរក្សកុំយកមកទទួលទាន។
សូមបញ្ជាក់ថាត្រីរាជ្យមួយក្បាលនេះពេលដែលប្រជានេសាទបានគាត់បានប្រស់ទុក ដោយឃើញមានស្នាមរបួសត្រង់ស្រកី ហើយកម្លាំងជលផលបានដាក់ស្លាកសញ្ញា ព្រលែងចូលទៅក្នុងទឹកទន្លេវិញកាលពីថ្ងៃទី១០ធ្នូ ដោយសារតែមានស្នាមរបួសប្រភេទត្រីកញ្ជ្រូកបានចូលទៅតាមស្រកីជាហេតុធ្វើឲ្យឈាមហូរច្រើនសោះបណ្ដាលឱ្យស្លាប់តែម្ដងនេះជាការសន្និដ្ឋានរបស់ជំនាញ ៕
ចែករំលែកព័តមាននេះ