ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រោយ​ដាក់​ទុន​វិនិយោគ​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​លើ​ផ្ទៃដី​២.៦០០ ហិ​កតា កាលពី​ឆ្នាំ​២០២០ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ប្រភេទ 4F ដែល​ត្រូវ​ប្រសិទ្ធ​នាម​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ គ្រោង​នឹង​ដំណើរការ នៅ​ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២៥…

ក្រោយ​ដាក់​ទុន​វិនិយោគ​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​នៅ​លើ​ផ្ទៃដី​២.៦០០ ហិ​កតា កាលពី​ឆ្នាំ​២០២០ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ប្រភេទ 4F ដែល​ត្រូវ​ប្រសិទ្ធ​នាម​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ គ្រោង​នឹង​ដំណើរការ នៅ​ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។ តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ សម្រេច​បាន​៩២​ភាគរយ​ហើយ ។

ស្រប​ពេល​ដែល​ព័ត៌មាន​អំពី​វឌ្ឍនភាព​នៃ​ការ​កសាង​អាកាសយានដ្ឋាន​ថ្មី​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ក៏​មាន ព័ត៌មាន​មួយ​ចំនួន​បង្ហើរ​ចេញ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​កំពុង​តែ​ដំណើរការ​នឹង​ត្រូវ​បិទ ។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ​បារាំង​ដែល​មានឈ្មោះ​ថា សូ​ស៊ី​យេ​តេ កុង​សេ​ស្យូ​នែរ ដឺ ឡា​អេ​រ៉ូ​ព័រ (SCA) ដែល​កំពុង​តែ​ទទួលខុសត្រូវ​គ្រប់គ្រង​ប្រតិបត្តិការ​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​ក៏​ទទួល​បាន​សិទ្ធិ​ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​ដដែល​នេះ នៅ អាកាសយានដ្ឋាន​ថ្មី​នេះ​ផង​ដែរ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ ជោគវាសនា​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​មិន​ទាន់​ដឹង​ថា នឹង​ទៅ​ជា​យ៉ាងណា​នៅឡើយ​ទេ ដោយ​ខ្លះ​ត្រូវ​បាន​គេ​ល្បី​ថា​នឹង​ក្លាយជា​អាកាសយានដ្ឋាន​យោធា​ខ្លះ​ឭ​ថា​នឹង​ក្លាយជា​អាកាសយានដ្ឋាន​បម្រុង ហើយ​ខ្លះ​ថា ជា​អាកាសយានដ្ឋាន​ឯកជន ហើយ​ក៏​មាន​ព័ត៌មាន​ខ្លះ​ថា និង ក្លាយជា​កន្លែង​អភិ​វ​ឌ្ឈ​ន៍​គម្រោង​ថ្មី​ៗ …​។​ល​។

ជោគវាសនា​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​ជា​យ៉ាងណា​វា គឺជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​ធ្វើការ​សម្រេចចិត្ត ដើម្បី​ធានា​ផលប្រយោជន៍​សាធារណៈ និង​ជាតិ ។ ប៉ុន្តែ​មុន​នឹង​សម្រេច​ជោគវាសនា​អាកាសយានដ្ឋាន​នេះ​សូម​រក្សា​ទុក និង​រង់ចាំ​ឲ្យ​ប្រតិបត្តិការ​ដឹក​ជញ្ជូន​នៅ​អាកាសយានដ្ឋាន​ថ្មី​ដំណើរការ​ស្រួលបួល​សិន ។

ជា​ធម្មតា ដើម្បី​ដាក់​ឲ្យ​ប្រតិបត្តិការ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​មួយ​ត្រឹមត្រូវ គឺ​ទាមទារ​នូវ​ស្តង់ដា​បរិស្ថាន សុវត្ថិភាព និង​ការ​គ្រប់គ្រង​ជា​ច្រើន ហើយ​ស្មុគស្មាញ និង​ទាមទារ​ពេលវេលា​ច្រើន​គួរសម​ដែរ​ទោះបីជា​អាកាសយានដ្ឋាន​នេះ​ត្រូវ​គ្រប់គ្រង និង​ដឹកនាំ​ប្រតិបត្តិការ​សេវាកម្ម​ដោយ​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​និង​ដំណើរការ​ស្រាប់​មក​រាប់​ឆ្នាំ​រួច​មក​ហើយ​ក៏​ដោយ ។

ក្រៅពី​ស្តង់ដា​នៅ​អាកាសយានដ្ឋាន​ថ្មី​ផ្ទាល់​អ្នក​ដែល​ពាក់ព័ន្ធ​ក៏​គួរតែ​គិតគូ​អំពី​ប្រតិបត្តិការ​សេវាកម្ម​ឡូ​ជី​ស្ទិ​ច​នានា​ក្រៅ​អាកាសយានដ្ឋាន ពោល គឺ​តាំងពី​កន្លែង​ចំណត និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ដឹក​ជញ្ជូន​ផ្សេង​ៗ​សម្រាប់​សម្រួល​ភាព​ងាយស្រួល​ដល់​អ្នកទេសចរ និង​អ្នកដំណើរ​ទូទៅ ។

អាកាសយានដ្ឋាន​នេះ​មិន​មែនមាន​ទីតាំង​ជិត​នឹង​ទីក្រុង​ដូច​ជា អាកាសយានដ្ឋាន​ដែល​មាន​ស្រាប់​នោះ​ឡើយ ។ វា​មាន​ចម្ងាយ​រហូត​ដល់​ទៅ​១៩​គីឡូម៉ែត្រ ដូច្នេះ​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​ចេញចូល​អាកាសយានដ្ឋាន​នេះ​ក៏​ថ្លៃ​ដែរ ។ ផ្អែក​តាម​ទឡ្ហីករណ៍​នេះ​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​នឹង​គិតគូរ​ចំណុច​នេះ​ហើយ​ជួយ​សម្រួល ឬ​ក៏​ផ្តល់​សេវាកម្ម​ដែល​មាន​ជម្រើស​ល្អ​ៗ​ដល់​អ្នកដំណើរ និង​អ្នកទេសចរ ។

អាកាសយានដ្ឋាន​ថ្មី​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​បំពេញ​តាម​ស្តង់ដារ 4F ដែល​ជា​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​ក្រោម​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ វា​ពិតជា​នឹង​ឆ្លើយ​តប​នឹង​តម្រូវការ និង​និន្នាការ​រីក​ចម្រើន​នៃ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​របស់​កម្ពុជា ។ ជាមួយ​គ្នា​នោះ​វា​ក៏​ស្រប​តាម​ចក្ខុវិស័យ​របស់​កម្ពុជា​ក្នុង​ការ​ក្លាយជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស និង​ពាណិជ្ជកម្ម​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស និង​កា​រត​ភ្ជាប់​អន្តរជាតិ ។ ប៉ុន្តែ​ចំណុច​ខ្វះខាត​ផ្នែក​ឡូ​ជេ​ស្ទិ​ច​បន្តិចបន្តួច​ក៏​អាច​នឹង​ធ្វើ​ឲ្យ​ស្រអាប់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ដែរ ។

សរុប​ទៅ​អ្វី​ដែល​លើក​ឡើង​ខាងលើ គឺ​គ្រាន់តែ​ជា​ទស្សនៈ និង​ជា​គំនិត​បន្តិចបន្តួច ដើម្បី​ធ្វើ​យ៉ាងណា​ចូលរួម​ចំណែក ដើម្បី​ឲ្យ​គម្រោង​កសាង​អាកាសយានដ្ឋាន​នេះ​ឆ្លើយ​តប​នឹង​ការ​រំពឹង​ទុក ហើយ​វា​ពិតជា ហេដ្ឋារចនាសម្ព័ន្ធ​ដែល​នឹង​ជំរុញ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន ។

យើង​ក៏​សង្ឃឹមថា ការ​លុប​បំបាត់​នូវ​ការ​ព្រួយបារម្ភ និង​បញ្ហា​អសកម្ម​ផ្សេង​ៗ​នឹង​ជួយ​ឲ្យ​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ផ្លូវអាកាស​នៅ​តាម​ច្រក​អាកាសយានដ្ឋាន​ថ្មី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្តកណ្តាល​ក្លាយជា​ច្រក​យុទ្ធសាស្ត្រ​ពិតប្រាកដ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កា​រត​ភ្ជាប់​របស់​កម្ពុជា​ជាមួយ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ