ខេត្តកំពត ៖ ក្នុងអំឡុងពេលភ្លៀងមួយមេកំពុងធ្លាក់យ៉ាងខ្លាំងនោះ នៅក្នុងទឹកដីក្រុងកំពតមានឧប្បត្តិហេតុដួលម៉ូតូមួយនៅលើស្ពានឥន្ធនូឆ្លងព្រែកកំពតបានធ្វើឱ្យមន្រ្តីប៉េអឹមលើផ្ទៃប្រទេសប្រចាំការនៅខេត្តកែបពីរនាក់ ដែលបានជិះម៉ូតូ SUZUKI ស្មាស់ពណ៌ខ្មៅមួយគ្រឿងឌុបគ្នា បានដួលបោកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរ គោលដៅជួយដឹកយកទៅសង្គ្រោះនៅមន្ទីរបង្អែកកំពត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ មិថុនា ត្រង់ចំណុចគល់ស្ពានឥន្ធនូប៉ែកខាងលិចស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
តាមសម្តីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញជនរងគ្រោះទាំងពីរនាក់ស្លៀកពាក់ជាស៊ីវិលធម្មតាបានជិះម៉ូតូម៉ាក SUZUKI ស្មាស់ឌុបគ្នាយ៉ាងលឿន លុះមកដល់គល់ស្ពានក៏ស្រាប់ម៉ូតូដួលបោកអ្នកទាំងពីរខ្ទាតចេញពីម៉ូតូដេកសន្លប់រដូករណែលនៅលើដងផ្លូវ។
តាមព័ត៌មានពីមន្ត្រីប៉ូលិសឱ្យដឹងថា ជនរងគ្រោះទាំងពីរបើកម៉ូតូក្នុងល្បឿលឿន ពេលចាប់ហ្វ្រាំងមុខទើបណ្តាលឱ្យដួលបោកក្បាលយ៉ាងធ្ងន់ធ្ងរបែបនេះ។ ម៉ូតូដែលជួបហេតុការគ្រោះថ្នាក់នេះម៉ាក SUZUKI ស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ.1-A6053 បើកបរឌុបគ្នាក្នុងទិសដៅពីលិចទៅកើតបំរុងឆ្លងស្ពានទៅត្រើយខាងកើត លុះមកដល់ចំណុចខាងលើជួបគ្រោះថ្នាក់ដោយខ្លួនឯងតែម្តង។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ១-ឈ្មោះ ធូ ទិត ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្រ្តីប៉េអឹម ចល័តលើផ្ទៃប្រទេសប្រចាំការនៅខេត្តកែប ២-ឈ្មោះ ឃឹម ប៊ុនឈឺ ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្រ្តីប៉េអឹមនៅអង្គភាពជាមួយគ្នា។ ជនរងគ្រោះ ទាំងពីរម្នាក់បានរងរបួសធ្ងន់ធ្ងរកំពុងសន្លប់នៅក្នុងមន្ទីរពេទ្យបង្អែក។
ចែករំលែកព័តមាននេះ