ពលរដ្ឋកម្ពុជាខ្លះអាចនឹងពាក់ព័ន្ធនឹងករណីបោកប្រាស់តាមការជួញដូរ Forex និងភាគហ៊ុនខុសច្បាប់ ជាមួយនឹងជនជាតិវៀតណាមម្នាក់ ដែលសមត្ថកិច្ចជំនាញបានរកឃើញថា ជននេះបានធ្វើសកម្មភាពបោកប្រាស់តាមរូបភាពនេះ មានតម្លៃដល់ទៅ២០០លានដុល្លារនៅវៀតណាម ។ សារព័ត៌មាន Vietnam…
ពលរដ្ឋកម្ពុជាខ្លះអាចនឹងពាក់ព័ន្ធនឹងករណីបោកប្រាស់តាមការជួញដូរ Forex និងភាគហ៊ុនខុសច្បាប់ ជាមួយនឹងជនជាតិវៀតណាមម្នាក់ ដែលសមត្ថកិច្ចជំនាញបានរកឃើញថា ជននេះបានធ្វើសកម្មភាពបោកប្រាស់តាមរូបភាពនេះ មានតម្លៃដល់ទៅ២០០លានដុល្លារនៅវៀតណាម ។
សារព័ត៌មាន Vietnam News បានរាយការណ៍ថា សមត្ថកិច្ចវៀតណាមទើបតែបានបំបែក និងរុះរើ បណ្តាញឧក្រិ.ដ្ឋកម្ម ដែលចូលរួមក្នុងសកម្មភាពក្លែងបន្លំ តាមរយៈវេទិកាជួញដូរ Forex និងភាគហ៊ុនខុសច្បាប់ ។ ក្រោយការសើបអង្កេត ក្រុមបណ្តាញអ្នកអនុវត្តឧក្រិ.ដ្ឋកម្មនេះត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណថា គឺដឹកនាំដោយជនសង្ស័យម្នាក់ឈ្មោះ ភូ ដឹកណាម (Pho Đức Nam) ដែលត្រូវបានគេស្គាល់ថា «Mr Pips» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ការសើបអង្កេតបានឲ្យដឹងថា ជនសង្ស័យជាពលរដ្ឋវៀតណាម វ័យ៣០ឆ្នាំម្នាក់នេះ បានសហការជាមួយនឹងបុរសជនជាតិវៀតណាមម្នាក់ទៀត ដែលមានឈ្មោះថា ឡេ ខាច់ង៉ោ (Lê Khắc Ngọ) ដែលបានឃុបឃិត ជាមួយជនជាតិទួកគីម្នាក់ បានធ្វើប្រតិបត្តិការចេញពីអគារខុនដូ និងពាណិជ្ជកម្មមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។ ពួកគេបានរៀបចំផែនការឆបោករបស់ពួកគេដោយណែនាំអ្នកសមគំនិតឲ្យបង្កើតក្រុមហ៊ុនទ្រនាប់៧ផ្សេងទៀត នៅក្នុងទីក្រុងហាណូយទីក្រុងហូជីមិញ និងខេត្តផ្សេងទៀត ។
ជាក់ស្តែងគ្រាន់តែក្រុមហ៊ុនមួយ គឺ ARTEX VINA Co., Ltd. ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហូជីមិញ គឺមានការិយាល័យតំណាងចំនួន៤៤ នៅទូទាំងប្រទេស ទោះបីជាក្រុមហ៊ុនទាំងនេះខ្វះអាជ្ញាប័ណ្ណដើម្បីធ្វើប្រតិបត្តិការមូលបត្រ ឬប្រតិបត្តិការហិរញ្ញវត្ថុក៏ដោយ ។ ពួកគេបានជ្រើសរើសបុគ្គលិកប្រហែលមួយពាន់នាក់ ដើម្បីដំណើរការសកម្មភាពជួញដូរ Forex និងភាគហ៊ុនខុសច្បាប់ ។
ដើម្បីទាក់ទាញជនរងគ្រោះជនសង្ស័យបានបង្កើត និងគ្រប់គ្រងគេហទំព័រជាភាសាអង់គ្លេសចំនួនរហូតដល់ទៅ៥ រួមមាន Alpha.com, Gtmx.com, Btfx.com, Enzofx.com និង Gkfx.com ដែលពួកគេបានក្លែងបន្លំថា ជាវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏ល្បីឈ្មោះ ។ គេហទំព័រទាំងនេះ ត្រូវបានភ្ជាប់ទៅគណនីធនាគារដែលគ្រប់គ្រងដោយក្រុម និងភ្ជាប់ទៅ MetaTrader 4 និង MetaTrader 5 ដែលជាវេទិកាជួញដូរដ៏ពេញនិយមសម្រាប់ Forex និងមូលបត្រនៅទូទាំងពិភពលោក ។
ពួកគេបានរៀបចំក្រឡាអុកយ៉ាងល្អ ដោយពួកគេជ្រើសរើសបុគ្គលិក និងរៀបចំការបែងចែកការងារទៅក្នុងនាយកដ្ឋានដូចជា គណនេយ្យ ធនធានមនុស្ស IT ប្រតិបត្តិការអាជីវកម្ម និងសេវាកម្មអតិថិជនជាប្រព័ន្ធយ៉ាងត្រឹមត្រូវបំផុត ។ សមត្ថកិច្ចបានលើកឡើងថា ពួកគេ គឺប៉ិនប្រសព្វមែន ដោយប្រើប្រាស់រូបភាពទាំងនេះហើយសម្របសម្រួលគ្នា ដើម្បីបំភាន់ជនរងគ្រោះ និងទទួលបានការជឿទុកចិត្តរបស់ពួកគេ ។
ជនរងគ្រោះត្រូវបានណែនាំដំបូងឱ្យធ្វើប្រតិបត្តិការតូចតាចដែលមើលទៅមានផលចំណេញ និងអនុញ្ញាតឱ្យដកប្រាក់ជំរុញឱ្យមានទំនុកចិត្ត ។ បន្ទាប់មកក្រុមជនសង្ស័យបានប្រើល្បិចកលផ្សេងៗដើម្បីបង្ខិតបង្ខំជនរងគ្រោះឱ្យបង្កើនការវិនិយោគរបស់ពួកគេបន្តិចម្តងៗ ។
នៅពេលដែលជនរងគ្រោះទទួលរងការខាតបង់ ឬអស់លុយពីគណនីរបស់ពួកគេក្រុមនេះ បានបន្តបោកបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់បន្ថែមទៀត ក្រោមលេសបញ្ចុះបញ្ចូលថានឹងបានយកមកវិញនូវការខាតបង់របស់ពួកគេ ។ វដ្ដនៃការបោកប្រាស់នេះ បានបន្តរហូតដល់ជនរងគ្រោះអស់ប្រាក់ពីគណនីពេលនោះជនសង្ស័យបានផ្តាច់ទំនាក់ទំនង និងសម្របសម្រួលថវិកាដែលបោកប្រាស់នេះ ។
មកដល់ពេលនេះ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនរងគ្រោះចំនួនជាង២.៦០០ នាក់ ហើយនៅទូទាំងប្រទេស ដោយបានរឹបអូស ឬបង្កកទ្រព្យសម្បត្តិដែលមានតម្លៃជាង២១២ លានដុល្លារ ។ បុគ្គលសរុបចំនួន ៣០នាក់ ត្រូវបានកាត់ទោសដែលក្នុងនោះមាន២៦នាក់ ពីបទឆបោក៣នាក់ពីបទលាងលុយកខ្វក់ ម្នាក់ មិនរាយការណ៍អំពីបទឧក្រិ.ដ្ឋ ។ មកដល់ពេលនេះ បុរសដែលមានទំនាក់ទំនងនឹងបុរសជនជាតិទួកគី ដែលប្រតិបត្តិការនៅភ្នំពេញ គឺឈ្មោះឡេ ខាច់ង៉ោ បានកំពុងតែរត់គេចខ្លួន ប៉ុន្តែអាជ្ញាធរវៀតណាមបានចេញដីកាចាប់ខ្លួនអន្តរជាតិហើយ ។
នៅពេលនេះ សមត្ថកិច្ចវៀតណាមបានអំពាវនាវឲ្យ ឡេ ខាច់ង៉ោ ចូលខ្លួនសារភាព ដើម្បីជួយសម្រាលទោស ហើយបានបន្តធ្វើការសើបអង្កេតបន្ថែមទៀត ។ ដូច្នេះវាអាចនឹងមានការពាក់ព័ន្ធនៅកម្ពុជា ដោយសារតែតាមសេចក្តីរាយការណ៍ គឺប្រតិបត្តិការជួញដូរខុសច្បាប់នេះក៏មានការពាក់ព័ន្ធនឹងប្រតិបត្តិការខ្លះចេញពីអគារទំនើបមួយកន្លែងនៅភ្នំពេញ ៕
ចែករំលែកព័តមាននេះ