ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងក្រុងប៉ៃលិន បាននាំគ្នាចូលទៅក្នុងផ្សារនារដូវរងារប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ដើម្បីទិញសម្លៀកបំពាក់ជជុះ ការពាររងាខ្លាំង ខណៈដែលអាកាសធាតុចុះត្រជាក់រហូតដល់ជាង១៧ ទៅ១៨អាង្សាសេ រួមជាមួយនឹងខ្យល់បក់មកពីទិសខាងជើងរំភើយៗថែមទៀត ។

រដូវធ្លាក់ខ្យល់ត្រជាក់ធ្វើឱ្យពួកគាត់ត្រជាក់កាន់តែខ្លាំងឡើងៗទើបរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅខាងមុខផ្សារត្រី និងក្បែរផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពួកគាត់ម្នាក់ៗនាំគ្នាសម្រុកចូលទៅទិញខោអាវបំបាត់រងាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។

បើតាមការរៀបរាប់ពីអាជីវករលក់ខោអាវមួយទឹកម្នាក់ឈ្មោះ ស៊ីណា ណៃ ភេទស្រី បានឱ្យដឹងថា ៖ ការលក់ដូរស្រោមដៃ ស្រោមជើង និងសម្លៀកបំពាក់មួយទឹក (ជជុះ) នាឱកាសខែរំហើយនេះពិតជាដាច់ខ្លាំងអាចឱ្យគាត់ចំណេញថវិកាមួយចំនួន សម្រាប់ផ្គត់ផ្គង់ជីវភាព ដោយមានប្រជាពលរដ្ឋធ្វើដំណើរមកពីតាមភូមិនានាក្នុងក្រុងប៉ៃលិន នាំគ្នាចូលទៅទិញអាវរងាអ្នកខ្លះទិញ២ទៅ៣កំប្លេ អ្នកខ្លះទៀតទិញច្រើន ដើម្បីយកទៅចែកជូនដល់បងប្អូន កូនចៅ ប្តីប្រពន្ធនៅឯផ្ទះ ពាក់បំបាត់រងា ដែលធ្វើឱ្យគាត់មមាញឹកក្នងការលក់ដូរ ។

គាត់បន្តទៀតថា គ្រាន់តែឈានចូលពាក់កណ្តាលខែធ្នូនេះជារៀងរាល់ថ្ងៃ បន្ទាប់ពីរៀបចំដាក់តាំងសម្លៀកបំពាក់ថ្មីៗ និងសម្លៀកបំពាក់មួយទឹកនៅតូបរបស់ខ្លួនរួចរាល់សង្កេតឃើញប្រជាពលរដ្ឋមកពីតាមភូមិនានានាំគ្នាធ្វើដំណើរចូលទៅទិញនៅក្នុងតូបរបស់ខ្លួន ខណៈដែលគាត់លក់សម្លៀកបំពាក់ក្នុងតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់ ជាពិសេសអាវរងា គាត់លក់អាវ៣ តម្លៃ៨០០០ទៅ១ម៉ឺនរៀល ជួនកាលទៀតក៏លក់បញ្ចុះតម្លៃជាងនេះ ដោយខោ១ តម្លៃ៣០០០ទៅ៤០០០រៀល តែក្រណាត់នៅថ្មីៗល្អគួរឱ្យចង់ទិញពាក់ ហើយក៏មានអ្នកខ្លះសម្រុកចូលទិញស្ទើរតែលក់មិនទាន់ឡើយ ។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៉ែន ចាន់នី រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងថា ៖ រដូវរងានេះគ្រួសាររបស់គាត់មានគ្នាជាង១០នាក់ ត្រូវការសម្លៀកបំពាក់បំបាត់រងាគ្រប់ៗគ្នា ព្រោះអាកាសធាតុខែនេះពិតជាត្រជាក់ខ្លាំងស្ទើរទ្រាំមិនបាន ។
ដូច្នេះនៅថ្ងៃនេះ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងជាងសព្វមួយដង ទើបគាត់ធ្វើដំណើរទៅផ្សារប៉ៃលិនទាំងព្រលឹម ដើម្បីស្វែងរកអាវរងា ស្រោមដៃ ស្រោមជើង និងមួកបំបាត់រងា ព្រមទាំងរបស់របរគ្រឿងលាបការពារស្បែកផងដែរ ។

សូមបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋមួយចំនួនក៏នាំគ្នាធ្វើដំណើរទៅផ្សារទិញម្ហូបអាហារ និងគ្រឿងបរិភោគផ្សេងៗយកទៅផ្ទះ ដើម្បីចំអិននាំយកទៅស្រែចម្ការ ខណៈដល់រដូវប្រមូលផលពោតក្រហម និងដំឡូងមី និងស្រូវដែលអ្នកខ្លះជួលកម្មករ និងអ្នកខ្លះទៀត ចុះប្រមូលផលផ្ទាល់ខ្លួន ៕




ចែករំលែកព័តមាននេះ