ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​មាន​ប្រាង្គ​ប្រាសាទបុរាណ​រាប់​ពាន់ ទេសភាព​ខៀវស្រងាត់ និង​វប្បធម៌​ដ៏​រស់​រវើក នា​ពេល​ថ្មី​ៗ​នេះ​បាន​កំពុង​តែ​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ពិភព​មូ​ស្លី​ម​ដែល​គេ​ដឹង​ថា មាន​ទីផ្សារ​ប្រមាណ​ជា​២​ពាន់​លាន​នាក់ ពោល គឺ​ប្រមាណ​ជា​២៤​ភាគរយ​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក ។ ការ​ខិតខំ​ប្រឹងប្រែង​បើក​ប្រទេស ដើម្បី​ស្វាគមន៍​អ្នកទេសចរ​មូ​ស្លី​ម​នេះ​ត្រូវ​បាន​មើលឃើញ​ក្រោយ​ពេល​ដែល​សម្តេច​តេ​ជោ…

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​មាន​ប្រាង្គ​ប្រាសាទបុរាណ​រាប់​ពាន់ ទេសភាព​ខៀវស្រងាត់ និង​វប្បធម៌​ដ៏​រស់​រវើក នា​ពេល​ថ្មី​ៗ​នេះ​បាន​កំពុង​តែ​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ពិភព​មូ​ស្លី​ម​ដែល​គេ​ដឹង​ថា មាន​ទីផ្សារ​ប្រមាណ​ជា​២​ពាន់​លាន​នាក់ ពោល គឺ​ប្រមាណ​ជា​២៤​ភាគរយ​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក ។

ការ​ខិតខំ​ប្រឹងប្រែង​បើក​ប្រទេស ដើម្បី​ស្វាគមន៍​អ្នកទេសចរ​មូ​ស្លី​ម​នេះ​ត្រូវ​បាន​មើលឃើញ​ក្រោយ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ប្រជាជាតិ​មូ​ស្លី​ម​ធំ​ៗ ដែល​មាន​សក្តានុពល​៤​ប្រទេស កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​អា​រ៉ា​ប៊ី​សា​អូឌីត កា​តា តួ​ក​គី និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​រយៈពេល​ដល់​ទៅ​មួ​យស​ប្តា​ហ៍ ។

ចំណែក​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ក្រសួងទេសចរណ៍​ក៏​បាន​រៀបចំ​វេទិកា​ទេសចរណ៍​មូ​ស្លី​ម​កម្ពុជា ឆ្នាំ​២០២៤ ក្រោម​មូលបទ «​ភាព​ស្រស់​ស្អាត​នៃ​សុខដុម​នី​យ​កម្ម និង​គោលដៅ​ទេសចរណ៍​មូ​ស្លី​ម​» នៅ​រាជធានី​ភ្នំពេញ ។ ការ​រៀបចំ​វេទិកា​ទេសចរណ៍​មិត្តភាព​មូ​ស្លី​ម​កម្ពុជា ឆ្នាំ​២០២៤ នេះ គឺ​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​បង្កើត​បរិយាកាស​រួម​មួយ ដើម្បី​បើក​សោរ​ប្រទេស​ស្វាគមន៍​អ្នកទេសចរ​មូ​ស្លី​ម​នៅ​ពេល​ដែល​និន្នាការ​ទេសចរណ៍​ពិភពលោក​កំពុង​មានការ​វិវឌ្ឍន៍ ។

តាម​រយ​:​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ប្រទេស​កម្ពុជា​មានឱកាស​ពិសេស​មួយ ក្នុង​ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​ទេសចរណ៍​មូ​ស្លី​ម​ដែល​កំពុង​រីក​ចម្រើន ដែល​មាន​តម្លៃ​ជាង​២៥០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ សក្តានុពល​នេះ​ធំ​ណាស់ ប្រសិនបើ​កម្ពុជា​អាច​ធ្វើ​បាន​ពិតប្រាកដ ហើយ​អាច​ដណ្តើម​ចំណែក​ណាមួយ​ទីផ្សារ​នេះ ស្រប​ពេល​ដែល​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​មាន​សហគមន៍​មូ​ស្លី​ម​ប្រមាណ​ជា​៨​សែន​នាក់ ឬ​៥​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប ។

មក​ដល់​រយៈពេល​១១​ខែ នៃ​ឆ្នាំ​២០២៤ នេះ កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ប្រមាណ​ជា ៦​លាន​នាក់​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ភ្ញៀវ​ទេសចរ​មក​ពី​ពិភព​មូ​ស្លី​ម គឺ​មាន​ចំនួន​តិចតួច​នៅឡើយ ។ តាម​ការ​កត់ត្រា​កន្លង​មក ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​មជ្ឈិមបូព៌ា ដែល​ជា​មជ្ឈមណ្ឌល​កណ្តាល​នៃ​ពិភព​មូ​ស្លី​ម​ពិភពលោក គឺ​មាន​ប្រមាណ​ជា​ខ្ទង់​ជាង​៣០០០​នាក់​ប៉ុណ្ណោះ ។

មក​ដល់​ពេល​នេះ ភ្ញៀវ​ទេសចរ​មូ​ស្លី​ម គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ ប៉ុន្តែ​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​នៅ​ក្នុង​ការ​ទាក់ទាញ​ពួក​គេ​ដែរ ។ អ្នកទេសចរ​មូ​ស្លី​ម​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ចូល​ចិត្ត​ស្វែងរក​គោលដៅ​ដែល​បំពេញតម្រូវការ​វប្បធម៌ និង​សាសនា​របស់​ពួក​គេ ហើយ​ពួក​គេ​ក៏​ត្រូវការ​នូវ​សេវាកម្ម​នានា​ហាក់​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ភ្ញៀវ​ទេសចរ​ទូទៅ​បន្តិច ។ តម្រូវការ​របស់​ពួក​គេ គឺ​មាន​តាំងពី​អាហារ​ដែល​មានការ​បញ្ជាក់​ច្បាស់លាស់ ត្រូវការ​កន្លែង​អធិដ្ឋាន និង​កន្លែង​ស្នាក់​នៅ​ដែល​មាន​បែបបទ​ពិសេស​តាម​ក្បូន​ខ្នាត​នៃ​ពិធី​សាសនា​ពួក​គេ ។

ជា​ការ​ពិត ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ចាត់​ទុក​វា​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មូ​ស្លី​ម ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​សក្ដានុពល​របស់​កម្ពុជា នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​នៅឡើយ ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ផ្គត់ផ្គង់​ដល់​អ្នកទេសចរ​មូ​ស្លី​ម ។ ការ​ដោះស្រាយ​បញ្ហា​ខ្វះចន្លោះ​ទាំងនេះ គឺជា​រឿង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​កំណត់​ទីតាំង​របស់​ខ្លួន​ជា​គោលដៅ​ទេសចរណ៍​ដែល​ស័ក្តិសម​បំផុត​សម្រាប់​មូ​ស្លី​ម ។ ដើម្បី​ជំរុញ និង​ទាក់ទាញ​អ្នកទេសចរ​មូ​ស្លី​ម កម្ពុជា​គួរតែ​ពង្រីក​លទ្ធភាព​ទទួល​បាន​ភោជនីយដ្ឋាន​ហា​ឡា​ល​នៅ​តាម​មជ្ឈមណ្ឌល​ទេសចរណ៍​សំខាន់​ៗ​ដូច​ជា ភ្នំពេញ សៀមរាប និង​ព្រះ​សីហ​នុ ។ ដូច្នេះ ការ​លើកទឹកចិត្ត​ឱ្យ​ភោជនីយដ្ឋាន​ក្នុងស្រុក​ទទួល​បាន​វិញ្ញាបនបត្រ​ហា​ឡា​ល គឺជា​រឿង​ចាំបាច់​មួយ ហើយ​ការ​បង្កើត​ម​គ្គុ​ទ្ទេស​ដ៏​ទូលំទូលាយ​សម្រាប់​អ្នកទេសចរ​មូ​ស្លី​ម​ក៏​ត្រូវ​រិះគិត​ផង​ដែរ ។

ក្រៅពី​ការ​ហូប​ចុក ការ​ស្នាក់​នៅ និង​កន្លែង​អធិដ្ឋាន​ក៏​ត្រូវ​តែ​រិះគិត ពោល គឺ​នៅ​តាម​សណ្ឋាគារ និង​រមណីយដ្ឋាន​នានា​គួរតែ​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​ស័ក្តិសម​សម្រាប់​អ្នកទេសចរ​មូ​ស្លី​ម​ដូច​ជា កន្លែង​កម្សាន្ត​ដែល​បែងចែក​ភេទ សេវា​បន្ទប់​ហា​ឡា​ល់ និង​គ្រឿង​បរិក្ខារ​សម្រាប់​រ៉ា​ម៉ា​ដាន អាច​ជួយ​បង្កើន​ការ​ទាក់ទាញ​របស់​ពួក​គេ​ចំពោះ​ភ្ញៀវ​ទេសចរ​មូ​ស្លី​ម ។ ការ​បណ្តុះបណ្តាល​បុគ្គលិក​ផ្នែក​បដិសណ្ឋារកិច្ច​លើ​ភាព​ប្រែប្រួល និង​ការ​យល់​ដឹង​អំពី​វប្បធម៌ គឺ​មាន​សារៈសំខាន់​ដូច​គ្នា ។

ក្រៅពី​នេះ​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​មាន​សារៈសំខាន់​សម្រាប់​កំណត់​ប្រទេស​កម្ពុជា​ជា​គោលដៅ​សម្រាប់​ប្រជាជន​ម៉ូ​ស្លី​ម ។ កិច្ចសហការ​ជាមួយ​អ្នកមាន​ឥទ្ធិពល​ភ្នាក់ងារទេសចរណ៍ និង​អង្គការ​នានា​ក្នុង​សហគមន៍​ទេសចរណ៍​មូ​ស្លី​ម​អាច​ពង្រីក​គោលបំណង​របស់​កម្ពុជា ។ ការ​រំលេច​បេតិកភណ្ឌ​សាសនា​ឥ​ស្លា​ម​ដ៏​សម្បូរ​បែប​របស់​ព្រះរាជាណាចក្រ ដូច​ជា សហគមន៍​ឥ​ស្លា​ម​ក៏​គួរតែ​យកចិត្តទុកដាក់​ផង​ដែរ ។

សរុប​ទីផ្សារ​ទេសចរណ៍​មូ​ស្លី​ម​ធំ មាន​ប្រមាណ​ជា​ជាង​២​ពាន់​លាន​នាក់​ជាមួយនឹង​សក្តានុពល​ទីផ្សារ​ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង​២៥០​ពាន់​លាន​ដុល្លារ ប៉ុន្តែ​វា​ក៏​មិនមែន​ជា​រឿង​ដែល​ងាយស្រួល ដើម្បី​ទាក់ទាញ ពួក​គេ​ឡើយ ។ នៅ​ក្នុង​ករណី​ដែល​កម្ពុជា​ពិតជា​ចង់​ដាក់​គោលដៅ​ទាក់ទាញ​ពួក​គេ​មែន​យើង​ទំនងជា​ត្រូវការ​វិនិយោគ​បន្ថែម​ទៀត នៅ​លើ​ការ​ផ្សព្វផ្សាយ ការ​រៀបចំ​សេវាកម្ម​ហូប​ចុក និង​ស្នាក់​នៅ​ក៏​ដូច​ជា​បដិសណ្ឋាកិច្ច ។ មក​ដល់​ពេល​នេះ​សេវា​ហូប​ចុក និង​ស្នាក់​នៅ​កម្ពុជា គឺ​មានការ​ទទួលស្គាល់ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​ទូទៅ​ប៉ុណ្ណោះ ។

ដូច្នេះ ឆ្នាំ​២០២៥ ត្រូវ​តែ​ឆ្នាំ​មួយ​សម្រាប់​ការ​ចាប់ផ្តើម​កិច្ច​ប្រឹងប្រែង​ធំ ដើម្បី​ដណ្តើម​បេះដូង​បងប្អូន​មូ​ស្លី​ម នៅ​ទូ​ទាំង​ប្រទេស អោយមក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា ដើម្បី​ជា​ផ្នែក​មួយ​នៃ​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ចជាតិ​កម្ពុជា ។ អោយ​តែ​យើង​ធ្វើ​យើង​នឹង​បាន​លទ្ធផល ។ អ្វី​ដែល​ខ្លាច​ដឹង​ហើយ​មិន​ធ្វើ ហើយ​ដេក​រង់ចាំ​លទ្ធផល​តាម​ព្រេងវាសនា ។ កម្ពុជា​ប្រឹងប្រែង កម្ពុជា​នឹង​រីក​ចម្រើន​កាន់តែ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ