នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Savannah បានមកដល់កម្ពុជា កាលពីថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល៨ឆ្នាំ ដោយផ្តល់ជាសញ្ញាមួយនៃការប្រែប្រួលជាវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ។…
នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Savannah បានមកដល់កម្ពុជា កាលពីថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល៨ឆ្នាំ ដោយផ្តល់ជាសញ្ញាមួយនៃការប្រែប្រួលជាវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ។
នៅពេលនាវាចម្បាំង USS Savannah ដែលជានាវាប្រយុទ្ធដ៏មានអនុភាព បាននាំនាវិកសរុប១០៣ រូបចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាវា និងនាវិកអាមេរិកបានទទួលស្វាគមន៍ពីសំណាក់ភាគីកម្ពុជាជាមួយនឹងស្នាមញញឹម និងកម្រងផ្កា ។
លោក ដានីញែល ស្លេត (Daniel A. Sledz) មេបញ្ជាការនាវា USS Savannah បាននិយាយនៅក្នុងសុន្ទរកថា ខ្លីមួយថា វាពិតជាឱកាសដ៏ល្អដែលនាវាអាមេរិកបានបង្ហាញវត្តមាននៅទីនេះជាថ្មីបន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ ។ ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិកវិញក៏បានបង្ហោះសារស្វាគមន៍ការមកដល់នៃនាវាចម្បាំងនេះមកកាន់កម្ពុជាផងដែរ ។
ស្ថានទូតបានអះអាងថា USS Savannah នេះជានាវាចម្បាំងការពារតំបន់ឆ្នេរដ៏មានប្រសិទ្ធភាព ។ វា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ដែលជាទស្សនកិច្ចលើកដំបូងនៃនាវារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជា នៅក្នុងរយៈពេល៨ឆ្នាំមកនេះ ។
ប្រភពដដែលបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចសុឆន្ទៈនេះនាវិករបស់នាវានេះនឹងមានកម្មវិធីសកម្មភាពមួយចំនួនជាមួយកងយោធពលខេមរភូមិន្ទ ដែលជាសមភាគីរបស់កងនាវា USS Savannah ដើម្បីលើកកម្ពស់ការសម្របសម្រួលគ្នា និងការឆ្លើយតបចំពោះបញ្ហាប្រឈមរួមផ្នែកសន្តិសុខលំហសមុទ្រ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ។
ដោយឡែក ក្រសួងការពារជាតិកម្ពុជាវិញបានចេញសេចក្តីប្រកាសថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពក៏ដូចជា ការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។
ចាប់តាំងពីសហរដ្ឋអាមេរិក បើកស្ថានទូតនៅកម្ពុជា នៅក្នុងឆ្នាំ១៩៩៤មក ដល់ពេលនេះទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានជាប្រក្រតី ប៉ុន្តែជាទូទៅស្ថានភាពនេះមិនសូវជាល្អូកល្អឺនឡើយ ។ សហរដ្ឋអាមេរិកតែងតែរិះគន់លើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកកាន់កម្ពុជា ហើយរង្វង់មួយទស្សវត្សរ៍ចុងក្រោយនេះ គឺរឿងភូមិសាស្ត្រនយោបាយបន្ថែមមួយថ្មីទៀត ។
កម្មវត្ថុនៃការរិះគន់របស់អាមេរិក លើបញ្ហាភូមិសាស្ត្រនយោបាយ គឺបានយកមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា គឺជាដើមចមសំខាន់ ។ ជាពិសេស គឺការបើកទ្វាររបស់កម្ពុជាទទួលជំនួយ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅរាម ។
ភាពចម្រូងចម្រាសលើសកម្មភាពរបស់ចិននៅរាម បានកើតឡើងដំបូងក្នុងរង្វង់ឆ្នាំ២០១៩ នៅពេលដែលកាសែត Wall Street Journal បានរាយការណ៍ថា អំពីសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀងដែលឃើញដោយមន្ត្រីសហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានទ័ពរយៈពេល៣០ឆ្នាំ ដែលជាកន្លែងដែលចិននឹងអាចដាក់បុគ្គលិកយោធា រក្សាទុក អាវុធ និងនាវាចម្បាំង ។
ក្រោយទទួលសេចក្តីរាយការណ៍នេះ រដ្ឋាភិបាលកម្ពុជាបានបដិសេធចំពោះកិច្ចព្រមព្រៀងបែបនេះភ្លាមៗដែរ ប៉ុន្តែអរិភាពក៏ចាប់ផ្តើមកើនកម្តៅជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលកម្ពុជាក៏បានបកស្រាយទៅវិញដែរ ហើយបានបញ្ជាក់ហើយបញ្ជាក់ទៀតថា អ្វីដែលកម្ពុជាបានធ្វើ គឺដើម្បីទំនើបកម្មកងទ័ពជើងទឹករបស់កម្ពុជា ហើយកម្ពុជាមិនអនុញ្ញាតអោយបរទេសប្រើកម្ពុជាជាទីតាំងយោធារបស់បរទេសឡើយ ។ ក្រៅពីនោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក៏ដូចជា នាយទាហានកងទ័ពជើងទឹកកម្ពុជាក៏បានបកស្រាយហើយបកស្រាយទៀតអំពីការសង្ស័យនេះ ។ កម្ពុជា គឺបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋាន កងទ័ពបរទេសនៅក្នុងប្រទេសឡើយ ហើយបានប្រកាសបើកទ្វារទទួលនាវាចម្បាំង គ្រប់ប្រទេសឲ្យចូលមកទីនោះ រួមទាំងមកធ្វើសមយុទ្ធរួមគ្នាជាមួយនឹងកងទ័ពជើងទឹកកម្ពុជា ។
ទោះជាមានការបកស្រាយយ៉ាងណា ក៏អរិភាពនេះនៅតែបន្ត ហើយរាមនៅតែរងនូវការរិះគន់ជាបន្តបន្ទាប់ ខណៈដែលសហរដ្ឋអាមេរិកក៏បានតាមដានជាបន្តបន្ទាប់ដែរអំពីស្ថានភាពនៅមូលដ្ឋានទ័ពជើងទឹករាម ។ សហរដ្ឋអាមេរិក ជាពិសេស គឺអ្នកជំនាញការខាងភូមិសាស្ត្រនយោបាយនៅតែលើកឡើងថា ការអភិវឌ្ឍ មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ក្រោមជំនួយចិននៅជិតក្រុងព្រះសីហនុនឹងបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ។ ពួកគេលើកហេតុផលថា ចិនអាចប្រើរាមជាមូលដ្ឋានដែលអាចងាយស្រួលនឹងចូលទៅកាន់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់រវាងសមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា ។
នៅក្នុងអំឡុងពេលអវត្តមាននៃការមកដល់នៃនាវាចម្បាំងអាមេរិក៨ឆ្នាំនេះ នាវាចម្បាំងប្រទេសផ្សេងៗដូចជាអូស្ត្រាលី ជប៉ុន និងអង់គ្លេសជាដើមបានចូលឈប់សុំចតជាបន្តបន្ទាប់ ប៉ុន្តែអ្នកភូមិសាស្ត្រិអាមេរិកនៅតែសង្ស័យ ។ ដូច្នេះសង្ឃឹមថា ការមកដល់នៃនាវា USS Savannah នឹងកាត់បន្ថយការសង្ស័យនេះពីកម្ពុជា ។
នៅមុនការមកដល់នាវានេះ រដ្ឋមន្ត្រីការពារប្រទេសរបស់អាមេរិក គឺលោក ឡយ អូស្ទីន (Lloyd Austin) បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដ៏ភ្ញាក់ផ្អើលកាលពីដើមខែមិថុនា ។ នៅពេលនោះលោកបានជួបពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ និង
សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ។
ក្រសួងការពារជាតិអាមេរិកបាននិយាយនៅពេលនោះថា «លោកអូស្ទីន និងកម្ពុជាបានពិភាក្សាអំពីឱកាសដើម្បីពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី សហរដ្ឋអាមេរិក-កម្ពុជា ក្នុងការគាំទ្រសន្តិភាព និងសន្តិសុខក្នុងតំបន់» និងបញ្ហាផ្សេងៗទៀត ។ រហូតដល់ពាក់កណ្តាលខែធ្នូ ពោល គឺសល់ត្រឹម១៥ថ្ងៃទៀត ត្រូវបិទឆ្នាំ២០២៤ ស្រាប់តែ នាវា USS Savannah បានបង្ហាញវត្តមាននៅកម្ពុជា ។
សរុបទៅវត្តមាននៃនាវា USS Savannah អាចចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏វិជ្ជមាននៃទំនាក់ទំនងកម្ពុជានិងអាមេរិក នៅពេលដែលឆ្នាំ២០២៤ នឹងបិទបញ្ចប់ ហើយសង្ឃឹមថា សន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងភាគីទាំងពីរជាពិសេសនៅក្នុងវិស័យការពារជាតិ នឹងអាចធ្វើការស្តារឡើងវិញនៅឆ្នាំ២០២៥ខាងមុខបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ