ខេត្តសៀមរាប ៖ លោកតា អៀម សុខ អាយុ១០៨ឆ្នាំ(តាមឆ្នាំកំណើត១៩១៦ក្នុងអត្តសញ្ញាណប័ណ្ណ) រស់នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ លោកតាជាជនចាស់ជរាម្នាក់ រស់នៅក្នុងលំនៅឋានក្រោមដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងស្លឹកធ្លុះធ្លាយ លោកតាប្រហែលជាអ្នកមានអាយុវែងជាងគេនៅកម្ពុជា ។ ប៉ុន្តែក៏មិនទាន់ច្បាស់ដែរ ដោយសារគ្មានតួលេខស្ថិតិណាបញ្ជាក់ឱ្យដឹងថាអ្នកមានអាយុវែងជាងគេនៅកម្ពុជា មានប៉ុន្មាននាក់ អាយុប៉ុន្មាន ។
បើតាមប្រសាសន៍របស់លោក ជៀប សុខ មេឃុំគោកធ្លកក្រោម ក្នុងបទសម្ភាសន៍ជាមួយកោះសន្តិភាពនៅវេលាម៉ោងប្រមាណជាង១រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងផ្ទះលោកតា អៀម សុខ អាយុ១០៨ឆ្នាំនេះ លោកមានប្រសាសន៍ថា លោកតា អៀម សុខ ជាជនចាស់ជរា មានអាយុវែងជាងគេ ក្នុងចំណោមជនចាស់ជរាទាំងអស់ ក្នុងភូមិស្រុក ដែលមានប្រជាពលរដ្ឋសរុបជាង១ម៉ឺននាក់ ។
លោកមេឃុំបន្ថែមថា ក្រោយពីដឹងព័ត៌មានតាមភ្នាក់ងារកោះសន្តិភាព ដែលបានចុះផ្ទាល់ដល់ផ្ទះរបស់លោកតា អៀម សុខ ដោយមានការចូលរួមពីសំណាក់លោកមេភូមិអន្ទង់វិល, ស មា ជិកភូមិ, លោកមេប៉ុស្តិ៍គោកធ្លកក្រោម នេះទើបដឹងថា មូលហេតុមកពីមេភូមិមិនបានរាយការណ៍មកលោកជាមេឃុំសោះឡើយពីលោកតា ។
លោកមេឃុំបញ្ជាក់ថា កាលពីមុនៗ មានកូនប្រុសរបស់លោកតា បានមកទទួលអំណោយជាហូរហែដែរ ។ លោកបញ្ជាក់ទៀតថា ដោយឃើញសភាពបែបនេះ លោកសូមសំណូមពរដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសអាជ្ញាធរខេត្ត ឬកាកបាទក្រហម មេត្តាជួយឧបត្ថម្ភដល់លោកតាតាមសទ្ធាជ្រះថ្លាផង ទោះតិចក្តី ច្រើនក្តី ដើម្បីធ្វើផ្ទះជូនលោកតាឱ្យបានសមរម្យផង ជញ្ជាំងផ្ទះពុកធ្លុះធ្លាយអស់ហើយ ។
លោកតា អៀម សុខ ដែលឆ្នាំនេះ មានអាយុ១០៨ឆ្នាំហើយ រៀបរាប់ដោយសំឡេងរកស្ដាប់មិនបានប្រាប់ភ្នាក់ងារកោះសន្តិភាពថា លោកតាមានប្រពន្ធឈ្មោះ ស្វាយ សល់ អាយុ១០៥ឆ្នាំ(ស្លាប់) អស់រយៈពេល២២ឆ្នាំមកហើយ ។ កត្តាដែលធ្វើឱ្យលោកតាមានព្រះជន្មវែងនេះថា លោកតាមិនមានប្រើថ្នាំអ្វីធ្វើឱ្យលោកតាអាយុវែងទេ គឺលោកតាហូបតែបាយ ម្ហូបត្រី និងបន្លែធម្មជាតិពុំមានជាតិគីមី ដូចសព្វថ្ងៃទេ ។
លោកតាបញ្ជាក់ថា ពេលលោកតានៅដើរបាន រហូតដល់ចាស់ជរាធ្លាក់ខ្លួនឈឺ គ្រាន់តែ យកត្រួយស្តៅមកបុកពូតយកទឹកផឹក និងស្ទោះយកសំបកស្តៅមកឆ្អើររួចដាំទឹកផឹក មិនចេះឈឺទេ មិនដូចមនុស្សសព្វថ្ងៃប្រើថ្នាំជាប់រហូតនោះឡើយ ។
ចំណែកកូនប្រុស-ស្រីបានរៀបរាប់ទាំងរលីងរលោងទឹកភ្នែក និងអួលណែនដើមកនិយាយមិនចង់ចេញប្រាប់ថា លោកតាមានកូនទាំងអស់៥នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រីម្នាក់ ។
កូនទី១-ឈ្មោះ សុខ សាយ ភេទប្រុស (ស្លាប់) ។
កូនទី២-ឈ្មោះ អៀម សែម ភេទប្រុស អាយុ៦៦ឆ្នាំ ជាកសិករ ។
កូនទី៣-ឈ្មោះ សុខ សុង ភេទប្រុស អាយុ៦៥ឆ្នាំ ជាកសិករ ។
កូនទី៤-ឈ្មោះ អៀន សុខគីម ភេទស្រី អាយុ៦៣ឆ្នាំ ជាកសិករ ។
និងកូនទី៥-ឈ្មោះ អៀម ផល ភេទប្រុស អាយុ៥៨ឆ្នាំ ជាកសិករ ។ បច្ចុប្បន្ន អ្នកទាំងអស់គ្នាមានទីលំនៅរស់នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ជាមួយគ្នា ។
កូនច្បងទី២ ទី៣ និងទី៤ បានសំណូមពរនៅចំពោះមុខ អាជ្ញាធរមូលដ្ឋានថា ពួកគាត់សូមឱ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត មេត្តាជួយផ្តល់ជាថវិកាមួយចំនួន ដើម្បីឱ្យពួកគាត់បានទិញម្ហូប និងសម្ភារៈប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ដល់លោកឪពុកដែលចាស់ជរាណាស់ទៅហើយ(អាយុ១០៨ឆ្នាំ) បានហូបឆ្ងាញ់នាជីវិតចុងក្រោយរបស់គាត់ផង និងសូមឱ្យអាជ្ញាធរស្រុក មេត្តាជួយផ្តល់ព័ត៌មានដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជួយធ្វើផ្ទះបិទបាំងឱ្យបានជិតផង សម្រាប់ឱ្យឪពុករបស់ពួកខ្ញុំបានជ្រកកោននាជីវិតចុងក្រោយនេះដោយកក់ក្ដៅផង ។
តាមប្រភពព័ត៌មានពីកូនចៅលោកតាបានឱ្យដឹងថា លោកយាយជាម្ដាយបានស្លាប់រហូតមកដល់ពេលនេះ២១ឆ្នាំហើយ ដែលកាលនោះគាត់អាយុ៧៦ឆ្នាំ ។ លោកតាមានចៅប្រុស-ស្រីទាំងអស់២៤នាក់ និងចៅទួតប្រុស-ស្រី១១នាក់ ។ តាមប្រភពថា លោកយាយមិនដែលបានទៅរស់នៅទីណាទេ តាំងកើតមកគឺនៅក្នុងស្រុកភូមិនេះរហូតមក ។
មានការកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០១៥ លោកយាយម្នាក់ត្រូវបានរកឃើញ ដែលគាត់មានអាយុ១១០ឆ្នាំ ។ មកដល់បច្ចុប្បន្នលោកយាយបានស្លាប់ហើយ ។ ដំណើរជីវិតរបស់លោកយាយបានឆ្លងកាត់ច្រើនជំនាន់ តាំងពីសម័យសង្គ្រាមលោកលើកទី១ លើកទី២ បន្តមកសម័យអាណានិគមនិយមបារាំង និងរបបជាច្រើនទៀត នៅក្នុងស្រុក មានសម័យសង្គមរាស្ត្រនិយម សាធារណរដ្ឋខ្មែរ របបខ្មែរក្រហម និងរបបក្រោយៗមកទៀត ។
មានការកត់សម្គាល់មួយទៀត រហូតមកដល់ឆ្នាំ២០២១ កន្លងមកនេះ ក៏មានលោកយាយអាយុវែងបំផុតនៅកម្ពុជាម្នាក់ ដែលមានអាយុរហូតដល់១២៧ឆ្នាំ ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Noun De De លោកយាយខាងលើ មានទីលំនៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារមានព្រះជន្មាយុ១២៧វស្សាហើយ នៅខ្វះតែ១៣វស្សាទៀតទេ ស្មើនឹងអាយុនាងវិសាខាហើយ ។ អ្វីដែលគួរឱ្យស្ងើចសរសើរនោះ ថ្វីត្បិតតែលោកយាយមានអាយុជាងរយហើយក្ដី ប៉ុន្តែលោកយាយនៅតែមានទឹកមុខស្រស់បស់ ញញឹមពព្រាយ សុខភាពនៅល្អរឹងមាំ ។
បន្ទាប់ពីរូបភាពលោកយាយអាយុវែងបំផុតនៅកម្ពុជា ត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ នាំឱ្យមានការចែករំលែកជាច្រើន និងសូមជូនពរឱ្យលោកយាយមានអាយុកាន់តែវែង មានចៅទួត ចៅលួត ចៅលា តរាប់ជំនាន់ទៅមុខទៀត ។ សម្រាប់លោកយាយអាយុវែងខាងលើនេះ មិនដឹងថា អាចនៅមានជីវិត ឬក៏លាចាកលោកនេះទៅហើយបែបណាទេ ព្រោះពុំមានប្រភពណាមួយបានផ្សព្វផ្សាយឡើយ ៕
ចែករំលែកព័តមាននេះ