រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចេញសំនៀងរបស់ខ្លួនជាលើកដំបូងតាមរយៈបទ«ដែនដីខ្មែរ ឬសុវណ្ណភូមិដីខ្មែរក្នុងស្មារតីគោរពដឹងគុណដល់វីរកងទ័ពបុព្វបុរសជាតិ» ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហានៅបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ។ ការបញ្ចេញនូវបទចម្រៀងពីតារាចម្រៀងរូបនេះធ្វើឡើងស្របគ្នា អំឡុងពេលដែលមហាជន ជាពិសេស អ្នកសិល្បៈជាច្រើនរូបបានស្ម័គ្រចិត្ត «ធ្វើដំណើរថ្មើរជើង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ» ដែលធ្វើនៅថ្ងៃស្អែកទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ។

ជាមួយរូបភាពវីដេអូពីការច្រៀងចម្រៀងខាងលើ បង្ហោះតាមបណ្តាញសង្គម តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានភ្ជាប់ជាមួយនឹងសំណេរថា ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប នាងខ្ញុំសូមគោរព អនុញ្ញាត សុំច្រៀងបទចម្រៀងលំនាំដើមបទ «សុវណ្ណភូមិដីខ្មែរ» ឬបទដែនដីខ្មែរ ក្នុងស្មារតីគោរពដឹងគុណបងៗវីរកងទព័ បុព្វបុរសជាតិ និងជាពិសេសគោរពដឹងគុណបំផុតសម្រាប់កម្ពុជាមាតុភូមិដ៏ឧត្តមរបស់ខ្ញុំ និងប្រជាជាតិខ្មែរគ្រប់រូប ។

«ដែនដីខ្មែរ» និពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ សង្ឃនាយកគណៈនិកាយ ជួន ណាត ហើយកំណាព្យនេះគឺជាការដាស់តឿនក្រើនរំឭកដល់យុវជនកម្ពុជាឲ្យចេះស្រឡាញ់ប្រទេសជាតិ និងលះបង់សម្រាប់ទឹកដីខ្លួនឯង។ លើសពីនេះ អត្ថន័យរបស់កំណាព្យចង់ឲ្យយុវជនជំនាន់ក្រោយចេះសាមគ្គីគ្នា និងការពារទឹកដីរបស់ខ្លួនឲ្យបានល្អ។

គួរបញ្ជាក់ថា រហូតមកទល់នាពេលនេះ គេឃើញមានអ្នកសិល្បៈជាបន្តបន្ទាប់បានប្រកាសពីចូលរួមក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ។

ព្រឹត្តការណ៍នេះ ធ្វើឡើងដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ។

ព្រឹត្តការណ៍នេះដែរ ធ្វើឡើងដោយឈរលើស្មារតីដូចខាងក្រោម ៖
-បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)
-បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន
-បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។

ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។

ចែករំលែកព័តមាននេះ