ខេត្តកំពង់ធំ ៖ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការវិនិយោគពីវិស័យឯកជននោះ ខេត្តកំពង់ធំ បានបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃរាបលានដុល្លារ ដើម្បីបង្កើនការកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានបង្ហាញការស្វាគមន៍ ចំពោះការសាងសង់រោងចក្រកែច្នៃស្វាយចន្ទី នៅលើទឹកដីខេត្តកំពង់ធំ គឺជាកាយវិកាល្អ និងជាដៃគូរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យស្វាយចន្ទី ដែលមានវិសាលភាពផ្ទៃដីធំទូលាយណាស់ ក្នុងចំណោមផ្ទៃដី ១៥ពាន់គីឡូម៉ែត្រការ៉េ ដែលមានសក្ដានុពល ស្រូវ និងដំណាំឧស្សាហកម្ម ដូចជា កៅស៊ូ ស្វាយ និងស្វាយចន្ទី ។
លោកអភិបាលរង លើកឡើងទៀតថា ការសាងសង់រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទី នៅទឹកដីឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ដល់ប្រជាកសិករ ដែលកំពុងដាំដុះលើដំណាំនេះ ដោយសារឃុំនេះ គឺជាឃុំ ដែលមានដំណាំស្វាយចន្ទីច្រើន ដែលប្រជាកសិករ នៅតាមមូលដ្ឋាននីមួយៗ កំពុងតែដាំដុះ ធ្វើឲ្យសក្ដានុពលមានវិសាលភាពធំធេង គួរឲ្យកត់សម្គាល់ ក្នុងនោះក្រុមហ៊ុន ក៏អាចប្រមូលទិញពីមជ្ឈដ្ឋានផ្សេងៗ ដែលបានដាំដុះ ដើម្បីយកមកកែច្នៃ ធ្វើការនាំចេញទៅក្រៅប្រទេសទូទាំងពិភពលោក លើឆាកអន្តរជាតិ។ គម្រោងវិនិយោគនេះ នឹងដាក់ស្នើជាគម្រោង QIP ថ្នាក់ខេត្ត ក្រោមការផ្តល់គោលការណ៍នាំរបស់លោកអភិបាលខេត្តកំពង់ធំ ។
លោក អួន ស៊ីឡត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា កន្លងមក ប្រជាពលរដ្ឋក្នុងខេត្ត ខ្លះកាប់កៅស៊ូ ដាំស្វាយចន្ទី កាប់ស្វាយចន្ទី ដាំកៅស៊ូ ដោយសារគាត់មិនមានភាពច្បាស់លាស់ កាលណាផលិតផលណាថ្លៃ ពួគាត់នឹងរត់ទៅដាំដំណាំនោះ ហេតុនេះហើយលោកសំណូមពរដល់សមាគមស្វាយចន្ទី បង្កើនការផ្សព្វផ្សាយពីគោលការណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់អំពីផែនការ និងកិច្ចសហការរវាងសមាគម វិស័យឯកជន និងអ្នកដាំ ឲ្យស៊ីសង្វាក់គ្នា ។
ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃស្វាយចន្ទី បានលើកឡើងថា មូលហេតុ ដែលលោកជ្រើសរើសវិនិយោគសាងសង់រោងចក្រនៅខេត្តកំពង់ធំ ពីព្រោះ កំពង់ធំជាខេត្ត ដែលដាំស្វាយចន្ទី ច្រើនជាងគេ ។
លោកបន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជាមានភាពអស្ចារ្យ ហើយលោកនឹងបន្តផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃទៀត ឲ្យចូលមកវិនិយោគនៅកម្ពុជា ។
លោកបានបញ្ជាក់ថា ៖ «អ្នកវិនិយោគខ្លះ ក៏មានការភាន់ច្រឡំ ដោយសារការបកស្រាយមួយចំនួន ដែលជាភាពអវិជ្ជមាន សម្រាប់កម្ពុជា ប៉ុន្តែខ្ញុំនៅទីនេះ គឺខ្ញុំឃើញច្បាស់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីល្អ ដោយធ្វើឲ្យអ្នកវិនិយោគ មានទំនុកចិត្ត» ។
លោកស្រី ពិន ភិរម្យ អគ្គនាយកក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក បានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មានតម្លៃរាបលានដុល្លារនេះ លើផ្ទៃដី ២០ហិកតា ក្នុងនោះកម្រិតសមត្ថភាពកែច្នៃ ជាមធ្យម៣០តោនក្នុងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ២០០ – ៤០០នាក់ សាងសង់ដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង ឯ.ក ។
លោកស្រី អគ្គនាយកក្រុមហ៊ុន បានបន្តថា ក្រៅពីកែច្នៃ គ្រាប់ស្វាយចន្ទី ក្រុមហ៊ុននឹងកែច្នៃសំបកគ្រាប់ស្វាយចន្ទី គាបយកប្រេង កែច្នៃកាកសំណល់ធ្វើជាជីសម្រាប់ឲ្យប្រជាកសិករ យកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យ ម្យ៉ាងវិញទៀត នៅក្នុងផ្ទៃដី ២០ហិកតានេះ ក៏មានវត្តមានរោងចក្រគ្រឿងអេឡិចត្រូនិច សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី ដែលបានសហការយ៉ាងល្អជាមួយក្រុមហ៊ុនថាញ់ដាត ប្រទេសវៀតណាម ។
សូមជម្រាបថា ការលើកឡើងខាងលើកនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនការកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការវិនិយោគ ស្ថិតនៅក្នុងភូមិសាលាពពេល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៕
ចែករំលែកព័តមាននេះ