ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ​បាន​និយាយ​ថា នៅ​ក្នុង​ចំណោម​សរសរ​ស្តម្ភ​សេដ្ឋកិច្ច​កម្ពុជា​នានា ដែល​មាន​ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម គឺ​សុទ្ធតែ​មាន​កំណើន​នៅ​ឆ្នាំ​នេះ តែ​សម្រាប់​វិស័យ​អចលន​នៅ​តែ​មាន​ស្ថានភាព​មន្ទិល​នៅ​ឆ្នាំ​ក្រោយ ។ អ្នកវិភាគ​និយាយ​ថា…

ទាំង​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ​បាន​និយាយ​ថា នៅ​ក្នុង​ចំណោម​សរសរ​ស្តម្ភ​សេដ្ឋកិច្ច​កម្ពុជា​នានា ដែល​មាន​ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម គឺ​សុទ្ធតែ​មាន​កំណើន​នៅ​ឆ្នាំ​នេះ តែ​សម្រាប់​វិស័យ​អចលន​នៅ​តែ​មាន​ស្ថានភាព​មន្ទិល​នៅ​ឆ្នាំ​ក្រោយ ។

អ្នកវិភាគ​និយាយ​ថា ទាំង​អង្គការ​អន្តរជាតិ និង​អ្នក​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ព្យា​ការណ៍​អំពី​អនាគត​នៃ​វិស័យ​នេះ នៅ​ក្នុង​ឆ្នាំ​២០២៥ ។ របាយការណ៍​របស់​ធនាគារពិភពលោក​ថ្មី​ៗ​នេះ​បាន​និយាយ​ថា ការ​វិនិយោគ​អចលនទ្រព្យ​និង​ស្ថានភាព​នៃ​វិស័យ​នេះ​នៅ​មាន​កម្រិត​ទាប ។

របាយការណ៍​នេះ​បាន​បន្ត​ថា ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​បន្ត​ឆ្លុះ​បញ្ចាំង​ពី​ភាព​លើស​ចំណុះ​ក្នុង​ទីផ្សារ​អចលនទ្រព្យ និង​ការ​កែតម្រូវ​ទីផ្សារ​លំនៅ​ឋាន​ជា​បន្តបន្ទាប់ ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន នៅ​ក្នុងស្រុក​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ចុងខែ​វិច្ឆិកា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​១១​ខែ ក្នុង​ឆ្នាំ​២០២៤​នេះ គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២.៦៣៣​គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​ជាង​១០​លាន​ម៉ែត្រក្រឡា និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៤,៣៣​ពាន់​លាន​ដុល្លារ ។

ចំនួន​គម្រោង​វិនិយោគ ទុន​វិនិយោគ និង​ផ្ទៃក្រឡា​សាងសង់​ដែល​អនុម័ត​សម្រាប់​ឆ្នាំ ២០២៤ គឺ​ថយ​ចុះ​ប្រមាណ​១៥,១៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២៣ ។ គម្រោង​វិនិយោគ​ក្នុង​ឆ្នាំ​២០២៣ មាន​ចំនួន​២.៩២៤​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​ជាង​១២​លាន​ម៉ែត្រក្រឡា និង​មាន​ទុន​វិនិយោគ​ប្រមាណ​៥,១​ពាន់​លាន​ដុល្លារ ។

ទោះបីជា​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​តែ​ស្ងប់ស្ងាត់​ក្នុង​ឆ្នាំ​២០២៤ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា ប្រសិនបើ​ពាណិជ្ជកម្ម​មាន​កំណើន​ល្អ ទេសចរណ៍​មក​កាន់តែ​ច្រើន ហើយ​អ្នក​វិនិយោគទុន​មក​កាន់តែ​ច្រើន​នោះ ចង់ ឫ​មិន​ចង់វា​នឹង​ជួយ​អូស​វិស័យ​អចលនទ្រព្យ​ឲ្យ​មាន​កំណើន​វិញ​ដែរ​ទោះ​មិន​ច្រើន​ក៏​ដោយ ។

អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ថា វិស័យ​អចលនទ្រព្យ​នេះ​វា​ទាក់ទង​នឹង​ចលនា​របស់​មនុស្ស​ដែរ ។ ដូច្នេះ​បើ​ទេសចរ​បរទេស​មក​វិនិយោគទុន​មក ហើយ​ពាណិជ្ជកម្ម​មាន​ចរន្ត​ប្រសើរ​លំហូរ​នៃ​ចរន្ត​សេដ្ឋកិច្ច​នឹង​ដើរ​ហើយ​កន្លែង​ណា​ដែល​វា​ស្ទះ​វា​ក៏​នឹង​ជួយ​រុញច្រាន​បញ្ហា​ស្ទះ​នេះ​ឲ្យ​មាន​ចលនា​ឡើង​វិញ ។

សរុប​ទៅ​សម្រាប់​ឆ្នាំ​២០២៥​ខាង​មុខ វិស័យ​អចលនទ្រព្យ​អាច​មាន​ពន្លឺ​នៃ​កំណើន​ឡើង​វិញ ដោយសារ​តែ​កំណើន​នៃ​វិស័យ​សំខាន់​ៗ​នៃ​ចរន្ត​សេដ្ឋកិច្ច​នឹង​ជួយ​រុញច្រាន​វិស័យ​នេះ​ឲ្យ​ទៅ​មុខ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សន្ទុះ​នៃ​កំណើន​ក៏​មិន​ខ្ពស់​ដែរ​ដរាបណា​វា​មិន​ផ្ទុះ​ឡើង​ដោយ​ខ្លួន​វា​នោះ ។

ដូច្នេះ អ្នកវិភាគ​គិត​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​មិន​ដើរតួ​នាទី​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទេ ។ ផ្ទុយ​ទៅ​វិញ អនាគត​ងើបឡើង​របស់​វា​អាស្រ័យ​លើ​កំនើនសេដ្ឋកិច្ច និង​កំនើន​វិស័យ​សំខាន់​ៗ​ដែល​ជា​ជ​ន្ទ​ល់​កំនើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២៥ ។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន មាន​ប្រសាសន៍​ថ្មី​ៗ​ថា សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​ប្រហែល​៦,៣​ភាគរយ​នៅ​ឆ្នាំ ២០២៤ កើនឡើង​ពី​៥​ភាគរយ​នៅ​ឆ្នាំ​២០២៣ ដោយ​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​កាត់ដេរ ការ​កើនឡើង​នៃ​ផលិតកម្ម​មិនមែន​កាត់ដេរ និង​ការ​ងើបឡើង​វិញ​បន្តិច​ម្តង​ៗ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ឧស្សាហកម្ម​ទេសចរណ៍ ។

នៅ​ពេល​ដែល​ឡើង​ការពារ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៥​ថ្មី​ៗ​នេះ​លោក​បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​បន្តដំណើរ​ទៅ​មុខ ។ លោក​បាន​លើក​ឡើង​ថា សម្រាប់​កំណើន​ឆ្នាំ​២០២៥​នេះ នឹង​ជំរុញ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​កើនឡើង​ដល់​៥១,៣៩​ពាន់​លាន​ដុល្លារ ហើយ​GDP របស់​មនុស្ស​ម្នាក់​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​ឈាន​ដល់ ២.៩២៤​ដុល្លារ ។

លោក​បន្ត​ថា វិស័យ​ឧស្សាហកម្ម​ជា​ចម្បង​កាត់ដេរ​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​៨,៦ ភាគរយ ។ វិស័យ​សេវាកម្ម ជា​ចម្បង​ទេសចរណ៍​ដឹក​ជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្ម ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​៥,៦ ភាគរយ ។ វិស័យ​កសិកម្ម​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​១,១ ភាគរយ ។ លោក​បាន​បន្ថែម​ថា អតិផរណា​របស់​ប្រទេស​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​នៅ​ត្រឹម​២,៥ ភាគរយ​នៅ​ឆ្នាំ​២០២៥ ដោយសារ​សន្ទុះ​សេដ្ឋកិច្ច​ក្នុងស្រុក និង​ភាព​ប្រក្រតី​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង​តម្លៃ​ទំនិញ ។

ដោយឡែក អ្នក​សេដ្ឋកិច្ច​របស់​ធនាគារពិភពលោក​វិញ​ថ្មី​ៗ​នេះ​ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​ប្រសើរ​នៃ​សេដ្ឋកិច្ច​ដែរ ។ ស្ថាប័ន​ម្ចាស់​កម្ចី​ធំ​បំផុត​របស់​កម្ពុជា នៅ​ឆ្នាំ​២០២៤ បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​សម្រេច​បាន​៥,៣​ភាគរយ នៅ​ឆ្នាំ​២០២៤ ពោល គឺ​កើនឡើង​ពី​៥​ភាគរយ​នៅ​ឆ្នាំ​២០២៣ ដែល​ជំរុញ​ភាគច្រើន​ដោយ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ប៉ុន្តែ​អចលនទ្រព្យ គឺ​មិន​ទាន់​ប្រសើរ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ