ថ្មីៗនេះនៅថៃមានការភ្ញាក់ផ្អើលមួយកើតមានឡើង ក្រោយពេលដែលសមត្ថកិច្ចបានចាប់ខ្លួនអ្នកសុំទាន១២នាក់ ដោយរួមទាំងពលរដ្ឋកម្ពុជាខ្លះផងនោះ ។ មានស្ត្រីអ្នកសុំទានម្នាក់ ត្រូវគេដឹងថា មានលុយនៅក្នុងកុងធនាគារដល់ទៅជាង១លានបាត (៣ម៉ឺនដុល្លារ) ។ សារព័ត៌មានថៃ…
ថ្មីៗនេះនៅថៃមានការភ្ញាក់ផ្អើលមួយកើតមានឡើង ក្រោយពេលដែលសមត្ថកិច្ចបានចាប់ខ្លួនអ្នកសុំទាន១២នាក់ ដោយរួមទាំងពលរដ្ឋកម្ពុជាខ្លះផងនោះ ។ មានស្ត្រីអ្នកសុំទានម្នាក់ ត្រូវគេដឹងថា មានលុយនៅក្នុងកុងធនាគារដល់ទៅជាង១លានបាត (៣ម៉ឺនដុល្លារ) ។
សារព័ត៌មានថៃ ជាភាសាអង់គ្លេស the Nation បានរាយការណ៍ថា អ្នកសុំទានទាំង១២នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅតំបន់សុខុមវិត ទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ គឺមានខ្មែរ មានឡាវ រួមទាំងស្ត្រីជនជាតិថៃម្នាក់ ដែលមានកុងនៅធនាគារ និងមានលុយជាង១លានបាត ។
ប៉ូលិសអន្តោប្រវេសន៍ថៃបាននិយាយថា នៅក្នុងចំណោមអ្នកសុំទានទាំងនេះជនជាតិថៃ ៨នាក់ ខ្មែរ២ នាក់ និងម្នាក់មកពីឡាវ និងម្នាក់ទៀតមកពីមីយ៉ាន់ម៉ា ។ នៅក្នុងចំណាត់ការបោសសម្អាតសណ្តាប់ធ្នាប់ សង្គមនៅក្នុងតំបន់នោះ ប្រភពដដែលបានឲ្យដឹងថា គេបានភ្ញាក់ផ្អើលដោយក្រោយការត្រួតពិនិត្យទៅស្ត្រីថៃម្នាក់ ក្នុងចំណោមអ្នកសុំទានដែលត្រូវគេចាប់ខ្លួន គឺមានលុយនៅជាប់ខ្លួន និងមានកុងនៅធនាគារថែមទៀត ។
ប្រភពដដែលបានបន្តថា លុយដែលនៅជាប់ខ្លួនស្ត្រីរូបនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនរហូតដល់ទៅ៣សែនបាត និងគណនីធនាគារមួយដែលមានប្រាក់បញ្ញើជាង១លានបាត ។ តាមសេចក្តីរាយការណ៍នោះគេមិនបានដឹងថា តើស្ត្រីនោះនឹងត្រូវសមត្ថកិច្ចចាត់ចែងយ៉ាងណា ចំពោះប្រាក់ដែលខ្លួនគេមាននោះទេ ។ ប៉ុន្តែសម្រាប់ជនបរទេសដែលមានខ្មែរដែរនោះ គឺត្រូវបានចោទប្រកាន់ពីបទចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ដោយប៉ូលិសបញ្ជូនខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ករណីអ្នកសុំទានថៃ មានលុយចូលខ្ទង់លានដែលសមត្ថកិច្ចទើបតែរកឃើញនេះវាមិនមែនជារឿងចម្លែក នោះទេ ។ ហើយក្រៅពីស្ត្រីម្នាក់នេះនៅថៃអាចមានច្រើន ហើយនៅកម្ពុជាក៏ប្រហែលជាអាចមានដែរ គ្រាន់តែមិនទាន់រកឃើញបែបនេះ ។ កន្លងមកព័ត៌មានបែបនេះក៏មាននៅឥណ្ឌា និងនៅចិនផងដែរ ។
នៅឥណ្ឌាក៏មានបុរសអ្នកសុំទានម្នាក់គាត់អាចសុំរហូតដល់គាត់អាចសល់ប្រាក់វិនិយោគលើវិស័យអចលនទ្រព្យ និងក្លាយជាបុគ្គលដែលមានជីវភាពធូធារម្នាក់ផងដែរ ។ ប៉ុន្តែបុរសរូបនោះក៏នៅតែបន្តសុំទាន ។ ដោយឡែកនៅចិនមិនមានព័ត៌មានផ្លូវការទេ តែមានការផ្សាយនៅលើបណ្តាញសង្គមថា មានក្រុមអ្នកសុំទានពេលយប់ដេកសុទ្ធតែសណ្ឋាគារ ហើយពេលថ្ងៃនាំគ្នាប្តូរសម្លៀកបំពាក់ចេញប្រកបរបរនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ យើងខ្ញុំសូមមិនលើកទឹកចិត្តទេ ប៉ុន្តែគ្រាន់តែចង់បញ្ជាក់ថា បុគ្គលដែលអាចសល់ លុយបែបនេះ គឺមកពីគាត់មានចំណេះ និងជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេស គឺសាច់ប្រាក់របស់ គាត់ច្បាស់លាស់ណាស់ ។ ពួកគេអាចមិនបានរៀនជ្រៅជ្រះ ប៉ុន្តែបទពិសោធន៍នៃជីវិតតាមចិញ្ចើមផ្លូវអាចឲ្យគេច្នៃបង្កើតមេរៀនជីវិត និងការសន្សំសំចៃដ៏មានប្រសិទ្ធភាពខ្ពស់ ។
ថ្វីត្បិតតែពួកគេជាអ្នកសុំទាន ដែលអាចរកបានត្រឹម១កាក់១សេនពីពលរដ្ឋសាមញ្ញ ប៉ុន្តែការចេះទុកចេះ ដាក់ និងការសន្សំពួកគេអាចទទួលបាននូវទ្រព្យខ្ទង់លានបាន ។ ចុះយើងដែលមានប្រាក់បៀវត្សរ៍ប្រាក់ចំណូលច្រើនគួរសម ប៉ុន្តែចុងក្រោយសល់តែបំណុល សល់តែសំណល់នៃភាពខ្ជះខ្ជាយ និងភាពហ៊ឺហារ ។ នេះមកពីហេតុអ្វី? វា គឺបណ្តាលមកពីយើងចេះរក តែមិនចេះទុកដាក់លុយកាក់ ។
រឿងអ្នកសុំទានដែលមានប្រាក់២កញ្ចប់ធំ នៅទីក្រុងបាងកកនេះ គឺជាសក្ខីភាពមួយនៃអំណាចនៃការតស៊ូ និងសន្សំសំចៃ ។ វាជារឿងផ្ទុយស្រឡះពីរឿងរ៉ាវរបស់អ្នកមានដែលបាត់បង់ទ្រព្យសម្បត្តិដោយសារតែកំហុសផ្នែកហិរញ្ញវត្ថុ ឬកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន ។ ភាពផ្ទុយគ្នានេះជាការរំលឹកដ៏មានអានុភាពចំពោះសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការសម្រេចចិត្តប្រកបដោយការប្រុងប្រយ័ត្ន និងការបន្ទាបខ្លួន ។
មិនថា អ្នកមាន ឬអ្នកក្រទេ គោលការណ៍នៃការសន្សំ ថវិកា និងការរស់នៅតាមមធ្យោបាយរបស់ខ្លួន គឺជារឿងដ៏សំខាន់របស់អនាគត ។ សម្រាប់អ្នកខ្លះ ទ្រព្យសម្បត្តិត្រូវបានសាងសង់ម្តងមួយកាក់ ចំណែកអ្នកខ្លះរស់នៅលើគំនរប្រាក់ តែចុងក្រោយមកស្លា.ប់នៅតាមចិញ្ចើមផ្លូវក៏មាន ។ ជាសរុបមិនថា អ្នកមាន ឬអ្នកក្រទេ អោយតែមានគំនិត គឺមានអនាគតល្អ ។ ប៉ុន្តែបើគំនិតចោលម្សៀតហើយ គឺជីវិតនឹងចោលម្សៀតដែរ ៕
ចែករំលែកព័តមាននេះ