ខេត្តប៉ៃលិន ៖ ខណៈពេលដែលប្រជាពលរដ្ឋនាំគ្នាចូលទៅទិញម្ហូបអាហារនៅក្នុងផ្សារ ស្រាប់តែឃើញផ្សែងហុយចេញពីផ្ទះអាជីវករលក់គ្រឿងជ័រនៅក្បែរផ្សារធ្វើឱ្យឆាបឆេះកាន់តែខ្លាំងឡើងៗធ្វើឱ្យអាជីវករ និងប្រជាពលរដ្ឋនាំគ្នាស្រែកឆោឡោ អ្នកខ្លះជញ្ជូនឥវ៉ាន់ចេញពីផ្ទះ ខ្លះទៀតរត់រកទឹកជះពន្លត់ និងអ្នកខ្លះស្រែកយំស្ទើរគាំង ដោយសារតែមានបញ្ហាទុស្សេខ្សែភ្លើង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែរផ្សារតាប៉ាច ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លារ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ៖ ម្ចាស់ផ្ទះមានឈ្មោះ ហួន សំអាត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

ប្រភពដដែលបន្តទៀតថា មូលហេតុនៃការឆាបឆេះផ្ទះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើងនៅលើបង្គោលមួយក្បែរនោះក៏ក្លាយទៅជាផ្កាភ្លើងធ្លាក់ចូលទៅប៉ះនឹងគ្រឿងជ័ររបស់អាជីវករខាងលើព្រោះជាកន្លែងឃ្លាំងស្តុកអីវ៉ាន់ ប្រភេទជ័រ ទើបបណ្ដាលឱ្យឆេះទទួលរងការខូចខាតជាន់ខាងលើទាំងស្រុង ដោយសរុបជាទឹកប្រាក់ប្រមាណ ១១,៥០០ដុល្លារ ។

ប្រភពបញ្ជាក់ទៀតថា បន្ទាប់ពីឃើញភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្តឱ្យចុះទៅជួយពន្លត់ទាន់ពេលវេលា គឺប្រើប្រាស់រថយន្តអគ្គិភ័យ ដើម្បីបាញ់ពន្លត់ចំនួន០៥គ្រឿង ទើបអាចពន្លត់បានទាំងស្រុង ។

គេសង្កេតឃើញមានការចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់ដោយលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ដោយធ្វើការពន្លត់ទាន់ពេលវេលាចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ។
ប្រជាពលរដ្ឋកោតសរសើរថា នេះជាការយកចិត្តទុក្ខដាក់ខ្ពស់ពីអាជ្ញាធរដែនដី ហើយប្រជាពលរដ្ឋបានថ្លែងអំអរគុណបំផុតចំពោះកម្លាំងនគរបាលគ្រប់លំដាប់ ដែលចុះជួយអន្តររាគមន៌ទាន់ពេលវេលា ។
ទោះបីជាយ៉ាងណា សមត្ថកិច្ច ក៏ដូចជា អាជ្ញាធរមូលដ្ឋានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពក្នុងគ្រួសាររបស់ខ្លួន ដោយមុននឹងចេញទៅក្រៅ ត្រូវពន្លត់ភ្លើងធូប ទៀន ឬជំនាងផ្ទះ ដើម្បីបង្ការការឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរៗនោះផងដែរ៕







ចែករំលែកព័តមាននេះ