រាជធានីភ្នំពេញ ៖ ផ្ទះជនជាតិវៀតណាមមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីម្ចាស់ផ្ទះកំដៅម្ហូបទុកចោល បណ្តាលឲ្យផ្ទុះកំប៉ុងហ្គាស ឆេះរាលដាលដល់ផ្ទះរងការខូចខាត ត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទាន់ពេលវេលា បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ២០៨ ផ្ទះលេខ២០ ក្រុម០៥ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/4012828c14ca967b2cd8e6f93aa74dcc.jpg)
តាមប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុដោយមានលឺសំឡេងផ្ទុះនៅផ្ទះកើតហេតុបន្ទាប់មកក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ហើយបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/9ef5dbd23a336b9ff5d3b42302d1c21e.jpg)
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយបានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យភ្លាមៗលុះបន្ទាប់មកក៏ស្រាប់តែរថយន្តឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីចំនួន២គ្រឿងដែលប្រចាំការនៅខណ្ឌសែនសុខបានមកដល់ចំណុចកើតហេតុភ្លាមៗហើយបានបាញ់ពន្លត់រលត់ភ្លាមៗ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/a2f90e205d0f87647e6826251c2f8be5.jpg)
នគរបាលមូលដ្ឋាន និងនគរបាលជំនាញបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានី បានបញ្ជាក់ប្រាប់ថា ផ្ទះដែលឆាបឆេះខាងលើជាប្រភេទផ្ទះទាម សង់ពីថ្មប្រក់ស័ង្កសី ដោយមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីចំនួន២គ្រឿង ។
ចំពោះមូលហេតុបង្កឲ្យមានអគ្គិភ័យកើតឡើងនគរបាលជំនាញបង្ការនិងពន្លត់អគ្គិភ័យបានស្រាវជ្រាវរកឃើញបំណែកចង្ក្រានហ្គាស និងកំប៉ុងហ្គាសដែលផ្ទុះនៅជិតកន្លែងកើតហេតុផងដែរ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/2b511c3a8096cc568415027a8f826019.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/c1e326aa297323752f364678ea59f10b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/07218e3034d043724e4e3e62e00cfee6.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/12/49bcc27683801cac2c5fe38a488a46d9.jpg)
ចែករំលែកព័តមាននេះ