ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីស្នាក់ការ​គណបក្ស​ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​សម្ពោធ​ដាក់​ប្រើ​ជា​ផ្លូវការ

10 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ​ ៖ លោក​ជំទាវ ជា សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​២ ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ​ ៖ លោក​ជំទាវ ជា សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​២ ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ទីស្នាក់ការ​គណបក្ស​ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ។

លោក​ជំទាវ ជា សិរី បាន​ថ្លែងអំណរគុណ និង​សូម​កោតសរសើរ​ចំពោះ​សមាជិក​-​សមាជិកា គណបក្ស​គ្រប់​រូប​ទាំងអស់​នៃ​ខេត្តកំពង់ធំ ពិសេស ឃុំ​បឹង​ល្វា ដែល​បាន​បំពេញភារកិច្ច​ចូលរួម​ចំណែក​បម្រើ​គណបក្ស និង​ប្រទេស​ជាតិ និង​បន្ត​ស្មារតី​សាមគ្គី លះបង់ និង​ប្រឹងប្រែង​ជា​ប្រពៃណី ដែល​ជា​កត្តា​គន្លឹះ​ធ្វើ​ឱ្យ​គណបក្ស​របស់​យើង​ទទួល​បាន​ជោគជ័យ និង​សម្រេច​បាន​សមិទ្ធផល​ជា​បន្តបន្ទាប់​ជូន​ជាតិ​មាតុភូមិ ក្រោម​ម្លប់​សុខ​សន្តិភាព ដែល​ថ្នាក់ដឹកនាំ​របស់​គណបក្ស​យើង រកបាន​មក​ដោយ​លំបាក ដោយ​យកអាយុ​ជីវិត​ធ្វើ​ជាដើម​ទុន​ដើម្បី​ប្តូរ​យក​សន្តិភាព សេរីភាព និង​អាយុ​ជិ​វីត​របស់​ប្រជាជន ។


លោក​ជំទាវ​បណ្ឌិត បាន​លើក​ឡើង​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្លាប់​បាន​លើក​ឡើង​ថា គ្មាន​សន្តិភាព គ្មាន​ការ​អភិវឌ្ឍ ហើយ​សន្តិភាព​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំងអស់​។ សន្តិភាព គឺជា​អ្វី​ដែល​ស្រស់​ស្អាត​បំផុត​។ សន្តិភាព​ផ្តល់​នូវ​ក្តី​សង្ឃឹម និង​ស្នាមញញឹម​ដល់​មនុស្ស​គ្រប់​រូប ខណៈ​ស្ថានភាព​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន ជា​ពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា សង្គ្រាម​រវាង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ក្រុម​ប្រទេស​នៅ​អា​រ៉ាប់ រួម​មាន​៖ ប្រទេស​អ៊ី​រ៉​ង់ លី​បង់ ស៊ី​រី ប៉ា​ឡេ​ស្ទី​ន យ៉េ​មែន និង​សង្គ្រាម​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន និង​រុ​ស្សី ដែល​បង្ក​ឱ្យ​មាន​សោកនាដកម្ម បាត់បង់​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​រាប់​លាន​នាក់ ផ្លូវថ្នល់ សំណង់​អគារ ផ្ទះសំបែង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មាន​សេសសល់ ប្រជាជន​ត្រូវ​រត់​រប៉ាត់រប៉ាយ​ចោល​ប្រទេស​កំណើត​, អ្នក​វិនិយោគ បាត់បង់​ជំនឿ​ទុកចិត្ត ឈប់​រកស៊ី​យក​ទុន​ទៅ​វិនិយោគ​នៅ​ប្រទេស​ដទៃ​ទៀត ធ្វើ​ឱ្យ​ប្រជាជន​បាត់បង់​ការងារ និង​ប្រាក់​ចំណូល ។

លោក​ជំទាវ បាន​មាន​ប្រសាសន៍​ទៀត​ថា រយៈពេល​ជាង ៤៥​ឆ្នាំ​ក្នុង​ការ​ដឹកនាំ​រាជរដ្ឋាភិបាល ក្រោយ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល​ពត មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្លងកាត់​ឧបសគ្គ និង​ការ​លំបាក​ច្រើន​រាប់​មិន​អស់ ដោយ​មិន​រត់​ចោល​ប្រជាជន រួមសុខ​រួមទុក្ខ យក​ប្រជាជន​ជា​ធំ ទើប​សម្រេច​បាន​សមិទ្ធផល​ធំ​ៗ ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន រាប់​មិន​អស់​។ ថ្មី​ៗ​នេះ ដោយ​បាន​មើលឃើញ​ពី​ស្នាដៃ​ដ៏​ធំធេង​មិន​អាច​ប្រកែក​បាន​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP សម្រេច​ប្រគល់​ពានរង្វាន់ “​សន្តិភាព​ដើម្បី​មនុស្សជាតិ និង​ភព​ផែនដី​” ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​អំឡុង​មហាសន្និបាត​នៃ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​អាស៊ី (ICAPP)​។

លោក​ជំទាវ ជា សិរី បាន​បញ្ជាក់​ទៀត​ថា ÷​គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ​មក​ដល់​សព្វថ្ងៃ គឺ​ត្រូវ​មាន​កត្តា​ចូលរួម​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​រូប​វន្ត និង​កត្តា​ស្មារតី​។ កត្តា​រូប​វន្ត បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​អគារ​ដែល​បាន និង​កំពុង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​នេះ​។ ដោយសារ​ឱកាស​នេះ យើង​ទាំងអស់​គ្នា​បាន​មក​ជួបជុំ និង​ប្រារព្ធ​ពិធី​សម្ពោធ​អគារ​ទីស្នាក់ការ​បក្ស​ថ្មី ដែល​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​គណបក្ស ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​។

ចំពោះ​កត្តា​ស្មារតី លោក​ជំទាវ បាន​លើកយក​ដោយ​សង្ខេប នូវ​គំនិត​អប់រំ​មាគ៌ា​មហាជន​ដែល​ផ្តោត​លើ​ការ​បម្រើ​ដល់​ប្រជាពលរដ្ឋ មក​ជម្រាប​ជូន​សមាជិក សមាជិកា​យើង​ទាំងអស់​គ្នា​រួម​មាន​៖ ត្រូវ​ផ្តោត​លើ​បញ្ហា​ចំបង​, អនុវត្ត​នូវ​សំណូមពរ​ទូទៅ​ដោយ​យកចិត្តទុកដាក់​, ចូលរួម​ក្នុង​ការ​រិះគន់ និង​ស្វ័​យ​រិះគន់​ដែល​សម​ស្រប​តាម​ស្មារតី​កែតម្រូវ និង​ស្ថាបនា​, មន្ត្រី​ដឹកនាំ​សំខាន់​ៗ​គួរ​នាំមុខ​, ការ​បង្កើត​យន្តការ​រយៈពេល​វែង​, ការ​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​, ការ​ជ្រើសរើស​មន្ត្រី​ល្អ​ៗ ដែល​បក្ស​និង​ប្រជាជន​ត្រូវការ ៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ