ខ្មែរយើងធ្លាប់និយាយលេងសើចតៗគ្នាថា ពាក្យ ដួន បានមកពីពាក្យ «ដួនយូច»! តើរឿងនេះជាការពិតដែរឬទេ?
ដួន កំពុងក្លាយជាប្រធានបទល្បីតាមបណ្តាញសង្គម ក្រោយមហាជនមួយចំនួនដែលយល់ច្រលំបានរិះគន់ទៅលើឈុតឆាកថតខ្សែភាពយន្តចិន ក្រោយពីឃើញតួអង្គជាច្រើនពាក់ដួនលាយឡំជាមួយសម្លៀកបំពាក់ចងក្បិន នៅក្នុងទីតាំងទួលវត្តកំពង់ភ្លុក ស្ថិតនៅភូមិសហគមន៍ប្រជានេសាទ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សន្ទុះនៃការរិះគន់កើតចេញពីគោលគំនិតខ្មែរយើងមួយចំនួនតែងយល់ថា ដួន គឺជាមួកយួន ដែលខ្មែរយើងហៅសំដៅជនជាតិវៀតណាមដែលជាអ្នកជិតខាង។ ការយល់ឃើញបែបនេះត្រូវបានចាក់ស្រេះជាយូឆ្នាំមកហើយក្នុងសង្គមខ្មែរ ព្រោះតែពាក្យចចាមអារាមដែលនិយាយតគ្នាពីមាត់មួយទៅមាត់មួយដែលថា «ហេតុអ្វីហៅដួន មិនហៅ មួក? មកពីប្រើទៅដូចយួន ទើបហៅ ដួនយូច បើគ្រលាស់ពាក្យទៅគឺ ដូចយួន លុបពាក្យយូច ចេញនៅសល់តែពាក្យ ដួន»។
មុននឹង 60 Buzz ជម្រាបលម្អិតអំពី ដួន លោកអ្នកអាចសាកល្បងឆ្លើយសិនបានទេ តើពាក្យចចាមអារាមខាងលើ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ? ពាក្យ ដួន នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា គឺជាប្រដាប់ធ្វើដោយស្លឹកត្នោត, ដោយភ្ជល់ ឬត្បាញដោយបន្ទោះឫស្សី, បន្ទោះផ្ដៅជាដើម មានបែបសណ្ឋានផ្សេងៗគ្នា, បែបខ្លះមានរាងស្រដៀងនឹងគ្របឆ្នាំងដី, បែបខ្លះរាងកំពាងខាងក្រោម មានកំពូលស្រួច, បែបខ្លះរាងក្រឡូមខុបត្រង់កណ្ដាប់មានកំពូលមូលក្រឡូម, សម្រាប់ពាក់គ្របក្បាលការពារកុំឲ្យកម្ដៅថ្ងៃចាំងត្រូវក្បាលត្រូវមុខ ឬការពារកុំឲ្យទឹកភ្លៀងធ្លាក់មកត្រូវក្បាលត្រូវមុខ។
បន្ថែមលើនេះ បើតាមការពន្យល់ពីលោកបណ្ឌិត អាំង ជូលាន អ្នកជំនាញនរវិទូខ្មែរ បានអះអាងថា ធម្មតាពាក្យថា “ដួន” តែងសំដៅទៅលើវត្ថុគ្របក្បាលមួយប្រភេទដែលធ្វើពីស្លឹករុក្ខជាតិ ហើយដែលគែមខាងក្រោមច្រើនតែកន្ធែកឆ្ងាយមកក្រោមបាំងមុខ ចៀសវាងកុំឲ្យត្រូវថ្ងៃបាន។ ដួនខុសពីមួកនៅត្រង់ថា គែមមួកអែបជុំវិញក្បាល ហើយកៀបក្បាលតិចៗផងដើម្បីកុំឲ្យធ្លាក់ រីឯដួនវិញរាងទូទៅនោះជាទម្រង់សាជី យកមកពាក់ជាប់លើក្បាលបានដោយមានខ្សែចង។
ទាំងប្រភពពីចនានុក្រមផ្លូវការ ក៏ដូចជាការអះអាងពីអ្នកជំនាញ គឺ ដួនខ្មែរ មិនមានជាប់ពាក់ព័ន្ធអ្វីនឹងយួន ឬវៀតណាម ដូចពាក្យចចាមអារាមនោះទេ ចុះហេតុដូចម្តេច បានជាបរិបទសង្គមខ្មែរនាពេលបច្ចុប្បន្នបានកំណត់ឲ្យថា បើអ្នកណាពាក់ដួន ដែលមានរាងជាស៊ីឡាំងស្តួចផ្នែកខាងចុងនោះថា ជារបស់យួនទៅវិញ?
គំនិតបែបនេះ បើភាសាអង់គ្លេសគេហៅថា «Stereotype» ដែលមានន័យថា ជាគំនិតដែលគិតកាត់យល់ទៅលើអ្វីមួយដោយខុស។ តាមរយៈគេហទំព័រ Heritage KH បានពន្យល់ដោយលើកឡើងនូវឧទាហរណ៍លម្អិតថា ជាតិសាសន៍លើលោកនេះ ប្រទេសណាក៏ដូចប្រទេសណា សហគមន៍ណាក៏ដូចសហគមន៍ណាដែរ តែងតែព្យាយាមរក ឬចាប់យកអ្វីជាបរិស្ថានជុំវិញខ្លួនមកជារបស់ខ្លួន យូរៗទៅក៏បង្កើតជាអត្តសញ្ញាណជាប់លាប់ឥតរបេះទៀតផង។
រឿង ដួន ក៏ដូចគ្នា មិនមែនប្រើតែខ្មែរ ឬវៀតណាមទេ នៅប្រទេសឡាវ ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា ចិន ជប៉ុន ជាដើម ក៏មានមួកដែលមានសណ្ឋានដូចគ្នាដែរ។ ដូច្នេះ តើវាជាកម្មសិទ្ធរបស់អ្នកណា? មួកដែលមានរាងបែបនេះ ពុំមែនជាកម្មសិទ្ធរបស់ប្រទេសទាំងឡាយនេះឡើយ។ តែយើងគួរនិយាយថា វាជា «អត្តសញ្ញាណរបស់អ្នកស្រុកអាស៊ីអាគ្នេយ៍ ឬក៏វប្បធម៌អាស៊ីអាគ្នេយ៍»។
វត្ថុធាតុដើមដែលគេប្រើសម្រាប់ធ្វើឌួនអាចធ្វើដោយរុក្ខជាតិផ្សេងៗខុសគ្នាពីតំបន់មួយទៅមួយ ត្បិតអាស្រ័យលើបរិស្ថានជុំវិញ។ រូបរាងវិញក៏មានលក្ខណៈខុសគ្នាបន្តិចបន្តួចដែរ ប៉ុន្តែមិនមែនខុសគ្នាដល់ថ្នាក់មើលមិនដឹងទេ។ នេះក៏ដោយសារតែវប្បធម៌តែងតែវិវត្តិន៍ឥតឈប់ និងទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។ អ្នកស្រាវជ្រាវខ្លះលើកជាសំនួរថា បើខ្មែរមិនស្គាល់ឥណ្ឌា តើខ្មែរមានអង្គរវត្តទេ?ត្រឡប់មកវិញ មួកទាំងនោះនៅមានមូលដ្ឋានរាងដូចគ្នា គឺខាងក្រោមធំ ស្រួចផ្នែកកំពូល។
នៅពេលដែលវប្បធម៌នៃជាតិសាសន៍ណាមួយខ្លាំង ជាតិសាសន៍ផ្សេងៗដែលនៅក្បែរខាងប្រាកដជាទទួលឥទ្ធិពលតិច ឬច្រើន។ វាមិនខុសអ្វីពីទឹកដែលតែងតែហូរពីខ្ពស់មកទាប។ ជាតិសាសន៍មួយចំនួនធំ ប្រើដួននេះ សម្រាប់បាំងថ្ងៃ ឬបាំងភ្លៀង។ តែដោយឡែក នៅវៀតណាម គេប្រើវាក្នុងន័យច្រើនយ៉ាង ឬក៏អាចនិយាយថា សាសន៍នេះព្យាយាមចាប់យកវាមកធ្វើជាអត្តសញ្ញាណនៃវប្បធម៌របស់ខ្លួនគេតែម្តង។ មិនខុសអ្វីពីយើងយកមួកស្លឹកត្នោតទេ។ វៀតណាម ព្យាយាមបង្ហាញប្រាប់ពិភពលោកថា មួកប្រភេទនេះជាអត្តសញ្ញាណមួយនៃប្រជាជាតិរបស់គេ។ បើយើងមើលក្នុងកម្មវិធីទេសចរណ៍ ឬក៏សកម្មភាពប្រចាំថ្ងៃតាមវាលស្រែចម្ការនៅប្រទេសវៀតណាម គេនឹងផ្តិតយកមនុស្សពាក់ដួនមិនដែលខានទេ។ នេះក៏មកពីគេយល់ថា វាជាអត្តសញ្ញាណមួយរបស់អ្នកស្រុកទាំងនោះ។
បើប្រៀបធៀបនឹងខ្មែរ កាលណានិយាយអំពីទេសភាពស្រុកខ្មែរ ជាងគំនូរនឹងគូរទេសភាពស្រុកស្រែដ៏ស្រស់ត្រកាលនាខែប្រមូលផល ឬខ្មែរវស្សាទឹកពេញស្រែ។ ក្នុងនោះសោត យើងតែងឃើញមានមនុស្សពាក់មួកស្លឹកត្នោត គោ ក្របី ដើមត្នោត ឬភ្នំបៃតងខ្ចី។ គំនិតនេះស្ថិតក្នុងខួរក្បាលរបស់ខ្មែរម្នាក់ៗ។ យូរៗទៅ វាក៏ក្លាយជាអត្តសញ្ញាណរបស់ខ្មែរដែរ។
ប៉ុន្តែវាជារឿងដ៏សោកស្តាយមួយ នៅពេលដែលយើងជាម្ចាស់របស់ ដួន ដែរសោះនោះ តែយើងយល់ព្រមឲ្យវាទៅគេដោយស្រួលៗ។ យើងលែងទទួលស្គាល់វា ហើយក៏ប្រគល់វាឲ្យទៅគេ។ អ្នកស្រុកអង្គរចេះដេរដួនបន្តពីឪពុកម្តាយជីដូនជីតាតាមពីបរមបុរាណមកនោះ ត្រូវគេបំភ្លេចចោលទៅវិញ។
ឧបមាថាថ្ងៃក្រោយទៅ យើងនាំគ្នាប្រើដួនច្រើនឡើងវិញ។ ពេលនោះ វាក៏អាចនឹងក្លាយជាអត្តសញ្ញាណរបស់យើងវិញផងក៏ថាបាន។ វាស៊ីសងនៅលើការនិយមប្រើប្រាស់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត យើងក៏មិនគួរភ្លេចដែរថា កាលពីប៉ុន្មានឆ្នាំ២០១៥ កម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េខាងត្បូង បានរួមគ្នាបញ្ចូលល្បែងទាញព្រ័ត្រ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់យូណេស្កូ ជាពិសេសថ្មីៗនេះ ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រ៊ុយណេ បានរួមគ្នា បញ្ជូលសំលៀកបំពាក់ប្រពៃណី ខេបាយ៉ា ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ដូច្នេះ ទៅថ្ងៃអនាគត ទាំងកម្ពុជា ភូមា ថៃ វៀតណាម និងឥណ្ឌូណេស៊ី ឬប្រទេសដែលប្រើដួនទាំងអស់ ក៏អាចរួមគ្នាស្នើចុះបញ្ជី «ដួន» ជាមរកវប្បធម៌អរូបីនៃមនុស្សជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏អាចថាបាន។ ហើយបើបែបនោះមែន វាមិនត្រឹមតែជួយផ្សះផ្សាផ្នែកវប្បធម៌ ឬប្រវត្តិសាស្ត្រទេ ប៉ុន្តែវាក៏រួមចំណែកផ្សះផ្សាផ្នែកនយោបាយ នៃសហគមន៍អាស៊ានទៀតផង។វប្បធម៌មួយរីកចម្រើនខ្លាំងបាន ទាល់តែអាស្រ័យលើវប្បធម៌ប្រទេសជិតខាងគួបផ្សំដែរ។ តែបើនិយាយពីឥទ្ធិពលនៃវប្បធម៌ វាអាស្រ័យលើថា វប្បធម៌របស់សាសន៍ណាខ្លាំងជាង៕
ចែករំលែកព័តមាននេះ