ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភាតួកគីយេចាត់ទុក សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​តួ​ក​គី​យេ បាន​ចាត់​ទុក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​បំផុត និង​ស្ថាបនិក​នៃ​កម្ពុជា​ទំនើប​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​តួ​ក​គី​យេ បាន​ចាត់​ទុក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​បំផុត និង​ស្ថាបនិក​នៃ​កម្ពុជា​ទំនើប​បច្ចុប្បន្ន ។

ការ​លើក​ឡើង​របស់​ប្រធានរដ្ឋសភា​តួ​ក​គី​យេ នៅ​ពេល​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា​តួ​ក​គី​យេ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នា​វិមាន​រដ្ឋសភា​រដ្ឋធានី​អង់កា​រ៉ា ។ នៅ​ក្នុង​ជំនួប​ឯកឧត្តម ប្រធាន​សភា​តួ​ក​គី​យេ​បាន​សម្តែង​ក្តី​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី​យេ ។

ឯកឧត្តម​ប្រធានរដ្ឋសភា​តួ​ក​គី​យេ​បាន​ចាត់​ទុក សម្តេច​តេ​ជោ គឺជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​បំផុត និង​ស្ថាបនិក​នៃ​កម្ពុជា​ទំនើប​បច្ចុប្បន្ន ហើយ​បាន​គូសបញ្ជាក់​ថា ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ មាន​សារៈសំខាន់​ពិសេស ខណៈ​ពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​កា​ទូត ។

ឯកឧត្តម បាន​បន្ត​ថា សកលលោក​កំពុង​ចូល​ក្នុង​យុគសម័យ​ថ្មី​ដែល​គេ​សម្គាល់ថា មានការ​ផ្លាស់​ប្តូរ​លឿន និង​បង្កើត​តុល្យភាព​ថ្មី ។ ក្នុង​បរិបទ​នេះ តួ​ក​គី​យេ​ផ្តល់​សារៈសំខាន់ ពិសេស ដល់​ទ្វីបអាស៊ី ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ប្រធាន​សភា បាន​លើក​ឡើង​ថា តួ​ក​គី​យេ​នឹង​បន្ត​កសាង​ស្ពាន​សហប្រតិបត្តិការ​ថ្មី​ៗ​ទៀត​ជាមួយ​កម្ពុជា ។ តួ​ក​គី​យេ​បាន​បើក​មជ្ឈមណ្ឌល​វប្បធម៌​នៅ​ទីក្រុង​ភ្នំពេញ ហើយដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​តួ​ក​គី​យេ (TIKA) បាន​ចុះហត្ថលេខា​ខាង​វិស័យ​អប់រំ សិក្សាធិការ ។

ជាក់ស្តែង និស្សិត​កម្ពុជា​២៥​នាក់ កំពុង​សិក្សា​នៅ​តួ​ក​គី​យេ ហើយ​សង្ឃឹមថា នឹង​មាន​ច្រើន​ទៀត​នៅ​ពេល​អនាគត ។ ឯកឧត្តម បាន​បន្ថែម​ថា កម្ពុជា​មាន​សក្តានុពល​ធំធេង​ខាង​វិស័យ​ពាណិជ្ជកម្ម ក៏​ប៉ុន្តែ​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​សម្រេច​បាន ប្រមាណ​៣៥០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៤ លើ​ផែនការ​សម្រេច​ឱ្យ​បាន​១​ពាន់​លាន​ដុល្លារ ។

នា​ឱកាស​នោះ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម ប្រធាន​សភា​តួ​ក​គី​យេ ចំពោះ​ការ​អញ្ជើញ និង​ស្វា​គម៍​យ៉ាង​កក់ក្តៅ ព្រមទាំង​ការ​លើក​ឡើង​យ៉ាង​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ ។ សម្តេច​បាន​លើក​ឡើង​ថា ទស្សនកិច្ច​របស់​សម្តេច នា​ពេល​នេះ​ចំ​ពេល​នៃ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​យើង​ទាំង​ពីរ និង​បន្ទាប់​ពី តួ​ក​គី​យេ និង​កម្ពុជា បាន​ដាក់​ស្ថានទូត​ទៅ​វិញ​ទៅ​មក ។

សម្តេច​តេ​ជោ បាន​អរគុណ ឯកឧត្តម​ប្រធាន​សភា ដែល​បាន​លើក​សរសើរគុណ​សម្បត្តិ​ដឹកនាំ​របស់​សម្តេច​យ៉ាង​ខ្លាំង ។ ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ថ្មី សម្តេច​នឹង​បន្ត​ធ្វើ​អ្វី​ៗ​ទាំងអស់ ដើម្បី​កម្ពុជា​បន្ត​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង ។

សម្តេច​តេ​ជោ បាន​អរគុណ​តួ​ក​គី​យេ​ផង​ដែរ ដែល​បាន​បញ្ជូន អនុប្រធាន​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​តួ​ក​គី​យេ ទទួល​បន្ទុក​កិច្ចការបរទេស (AKP) ទៅ​ចូលរួម​មហាសន្និបាត ICAPP លើក​ទី​១២ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​នេះ ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា សម្តេច​ជា​អ្នក​ផ្តល់​សន្ទុះ​ដល់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​តួ​ក​គី​យេ ។ នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​តួ​ក​គី​យេ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ និង​ប្រធានាធិបតី Erdoğan បាន​ដាក់​ផែនការ​សម្រេច​ឱ្យ​បាន​១​ពាន់​លាន​ដុល្លារ ក្នុង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ។ សន្ទុះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​ខិត​ជិត​ដល់​គោលដៅ​នៅឡើយ ។

អាស្រ័យ​ហេតុនេះ ទស្សនកិច្ច​របស់​សម្តេច និង​កិច្ច​ប្រឹងប្រែង​រួម​របស់​គណបក្ស​ដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ផែនការ​នេះ​ឱ្យ​បាន​សម្រេច ដោយ​ផ្តល់​អាទិភាព​លើ​កាលានុវត្តន៍​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ