តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសមួយ ហើយបានត្រូវដកស្រង់ផ្សាយដោយសារព័ត៌មានមួយចំនួនទៀតបានលើកឡើងថា ចិនដែលជាម្ចាស់បំណុលធំរបស់កម្ពុជាមិនបានផ្តល់កម្ចីដល់កម្ពុជាទេនៅក្នុងឆ្នាំ២០២៤ ។ តើនេះជាការសម្រេចចិត្តរបស់ចិន នៅក្នុងការផ្អាកផ្តល់កម្ចីដល់កម្ពុជា ឬក៏ជាការសម្រេចចិត្តរបស់កម្ពុជា នៅក្នុងការប្រយ័ត្នប្រយែងខ្ចីលុយពីបរទេស នៅក្នុងស្ថានភាពដ៏មិនប្រាកដប្រជានៃសេដ្ឋកិច្ច ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters នោះបានលើកឡើងថា ប្រទេសចិនដែលជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ដែលមានបំណុលជាងមួយភាគបីនៃបំណុលចំនួន១១,៦ពាន់លានដុល្លាររបស់ខ្លួនបានផ្អាកការផ្តល់កម្ចីថ្មីនៅឆ្នាំ២០២៤ ដល់កម្ពុជាដោយឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នរបស់ចិន ។
សេចក្តីរាយការណ៍នោះ គឺបានធ្វើឡើងដោយយោងទៅតាមសេចក្តីរាយការណ៍ដែលបញ្ជាក់នៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ។ ទិន្នន័យនៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា សម្រាប់រយៈពេល៣ត្រីមាសដំបូង នៃឆ្នាំនេះបានបង្ហាញថា ប្រទេសចិនបានផ្អាកការអនុម័តប្រាក់កម្ចីដល់ប្រទេសកម្ពុជា នៅឆ្នាំ២០២៤ ។
ប្រភពដដែលបានបន្តថា ផ្ទុយមកវិញនៅពេលដែលកម្ពុជា និងចិនមិនបានចុះហត្ថលេខា ឬមានកិច្ចព្រមព្រៀងកម្ចីថ្មីពិតមែន ប៉ុន្តែកម្ពុជាបានចុះហត្ថលេខាជាមួយនឹងម្ចាស់បំណុល ឬដៃគូឥណទានផ្សេងទៀត ដែលមានតម្លៃប្រមាណជា១ពាន់លានដុល្លារ ។ នៅក្នុងនោះ ធនាគារពិភពលោកជាម្ចាស់ប្រាក់កម្ចីដល់កម្ពុជាច្រើនជាងគេ ពោល គឺប្រមាណជា៥៦៤លានដុល្លារ បន្ទាប់មកជប៉ុនប្រមាណជា២៦២ លានដុល្លារ និងដៃគូកម្ចីផ្សេងៗទៀត ។
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍បែបនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនមិនបានឆ្លើយតបទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃពុធថា ចិន និងកម្ពុជាជាមិត្តនឹងដែកថែប ។ ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជួយដល់កម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។
ដូច្នេះតើវាត្រឹមត្រូវទេដែលថា ចិនផ្អាកផ្តល់កម្ចីដល់កម្ពុជា?
រហូតមកទល់ពេលនេះ គេមិនទាន់ឃើញប្រតិកម្មណាមួយពីមន្ត្រីកម្ពុជានៅឡើយ អំពីសេចក្តីរាយការណ៍ព័ត៌មានបែបនេះ ។ ការដែលចិនបញ្ឈប់ ឬមិនបញ្ឈប់ការផ្តល់កម្ចីដល់កម្ពុជាវា គឺជាកិច្ចការផ្ទៃក្នុងរវាងប្រទេសទាំងពីរ ប៉ុន្តែជាទូទៅពាក្យថា កម្ចី ទាល់តែមានគម្រោងស្នើបានសុំកម្ចីបានគេសិក្សា និងអនុម័ត ។ កម្ពុជាក៏មិនមែនចេះតែដើរខ្ចីគេផ្តេសផ្តាស់ដែរ ។
កន្លងមកថ្នាក់ដឹកនាំកម្ពុជាធ្លាប់បានលើកឡើងជាបន្តបន្ទាប់ហើយថា កម្ពុជាពិតជាជាប់បំណុលបរទេស មែន ប៉ុន្តែរាល់កម្ចីដែលកម្ពុជាខ្ចី គឺតែងតែគោរពតាមគោលការសេដ្ឋកិច្ចច្បាស់លាស់ ដោយពិនិត្យតាំងពី កម្រិតពិដាននៃបំណុល លទ្ធភាពនៃការសង និងទូទាត់បំណុល និងភាពចាំបាច់ក៏ដូចជា ផលប្រយោជន៍ ដែលទទួលបានក្រោយស្នើសុំកម្ចីពីគេ ។
ការដែលចិនមិនបានបញ្ចេញប្រាក់កម្ចីដល់កម្ពុជានៅក្នុងអំឡុងបីត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ វាអាចមកពីកម្ពុជានៅមិនទាន់មានតម្រូវការចាំបាច់ដែលត្រូវស្នើសុំកម្ចីថ្មីពីចិន ហើយក៏អាចដោយសារតែរដ្ឋាភិបាលធ្វើការវិភាជន៍ថវិកាទៅឃើញថា ទឹកប្រាក់បំណុលដែលបានសម្រេចឆ្នាំនេះ វាអាចដល់កម្រិតពិដានប្រចាំឆ្នាំរបស់ខ្លួនក៏ថាបាន ។ វាអាចជាការប្រយ័ត្នប្រយែងរបស់កម្ពុជាផ្ទាល់ក្នុងការគ្រប់គ្រងបំណុលរបស់ខ្លួនចំពោះបរទេស ។ រាល់គម្រោងកម្ចីដែលរដ្ឋាភិបាលទទួលពីចិនមកភាគច្រើន គឺការកសាងហេត្ថារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ និងស្ពានជាដើម ដើម្បីបម្រើដល់ការប្រើប្រាស់ដល់ពលរដ្ឋទូទៅ ។
លទ្ធផលនៃទស្សនកិច្ចថ្មីៗនេះរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសចិន បានបង្ហាញថា ប្រទេសទាំងពីរនៅតែមានឆន្ទៈរួមសុខរួមទុក្ខជាមួយគ្នា ហើយប្តេជ្ញាបង្កើតជោគវាសនារួមសម្រាប់អនាគត ។ មេដឹកនាំចិនក៏បានប្តេជ្ញាចិត្តក្នុងការជួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ។ ដូច្នេះ វាមិនសមទំនងទេថា ចិនលែងទុកចិត្តកម្ពុជាហើយលែងអោយលុយកម្ពុជាខ្ចីទៀតនោះ ។
ការមិនមានប្រាក់កម្ចីដល់កម្ពុជា ក្នុងរយ:ពេលកន្លងមកនៃឆ្នាំ២០២៤ មិនអាចជា ការសន្និដ្ឋានថា ចិនលែងអោយលុយកម្ពុជាឡើយ ។ ដោយសារប្រាក់កម្ចីនឹងអាស្រ័យទៅលើភាគីស្នើសុំដោយមានគម្រោងសិក្សាលម្អិតត្រឹមត្រូវនោះ ភាពស្ងប់ស្ងាត់នៃការផ្តល់ប្រាក់កម្ចីរបស់ចិនដល់កម្ពុជា ក្នុងឆ្នាំ២០២៤ អាចបណ្តាលមកពីភាគីកម្ពុជាមិនទាន់មានគម្រោងអភិវឌ្ឍន៍ដែលត្រូវការកម្ចីពីចិន ។ ដូច្នេះ កម្ពុជាមិនដាក់សំណើដល់ភាគីចិន ចំណែកចិនក៏មិនទាន់ដល់ពេលចេញប្រាក់កម្ចីដល់កម្ពុជា ដោយសារតែមិនបានទទួលគម្រោងពីកម្ពុជា ។
ដូច្នេះ មិនយូរមិនឆាប់ឡើយគេនឹងឃើញថា ចិននឹងផ្តល់កម្ចីដល់កម្ពុជាឡើងវិញ បើសិនជាកម្ពុជាមានគម្រោងចាំបាច់ដែលត្រូវការជំនួយពីចិនដែលបានអះអាងជាស្រេច នៅក្នុងការបន្តការជួយដល់កម្ពុជា ៕
ចែករំលែកព័តមាននេះ