ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​អង្គា​រ៍​បាន​ប្រកាស​ចេញ​ហើយ​នូវ​បំរាម​ហាមប្រាម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​តាម​សាលារៀន ខណៈ​មើលឃើញ​ហានិភ័យ​នៃ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ចំណោម​យុវវ័យ ។ នៅ​ក្នុង​បម្រាម​នោះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ…

ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​អង្គា​រ៍​បាន​ប្រកាស​ចេញ​ហើយ​នូវ​បំរាម​ហាមប្រាម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​តាម​សាលារៀន ខណៈ​មើលឃើញ​ហានិភ័យ​នៃ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ចំណោម​យុវវ័យ ។

នៅ​ក្នុង​បម្រាម​នោះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន មាន​ប្រសាសន៍​ថា វិធានការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ការ​ហានិភ័យ​នៃ​ជំងឺមិនឆ្លង​ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម​ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ។ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីណែនាំ​មួយ​ថា «​ការ​ប្រើប្រាស់ ការ​ចែកចាយ ការ​លក់ និង​ការ​ផ្សាយពាណិជ្ជកម្ម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​នៅ​ក្នុង និង​ជុំវិញ​បរិវេណ​សាលា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​» ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​ហាមប្រាម​នេះ ត្រូវ​បាន​អនុវត្ត​ចំពោះ​គ្រប់​គ្រឹះស្ថាន​អប់រំ​រដ្ឋ និង​ឯកជន ព្រមទាំង​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស ។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​សាលារៀន​ទាំងអស់​ឱ្យ​រំលឹក​សិស្ស​អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​ពេល​ពួក​គេ​ជួបជុំ​គ្នា​គោរព​ទង់ជាតិ ។ ក្រៅពី​នេះ លោក​ក៏​បាន​ណែនាំ​ដល់​សាលា​ទាំងអស់​ឱ្យ​រឹបអូស​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពី​អ្នកលក់​ក្នុង និង​ជុំវិញ​សាលារៀន ហើយ​បញ្ចប់​កិច្ចសន្យាជួល​តូប ប្រសិនបើ​ពួក​គេ​ប្រឆាំង​នឹង​ការ​ហាមឃាត់​នោះ ។ ការ​ហាមប្រាម​នេះ​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​រាយការណ៍​ពី​ការ​កើនឡើង​នៃ​ជំងឺ​ទឹកនោមផ្អែម ដោយ​បាន​ណែនាំ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ជំងឺ​នេះ​ក្នុង​ចំណោម​សិស្ស ។

សម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្នុង​រាជធានី​ភ្នំពេញ​ថា សម្តេច​ធ្លាប់​បានឃើញ​ផ្ទាល់ ការ​ដែល​ក្មេង​ម្នាក់​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ដល់​ទៅ ៣​កំប៉ុង​ឯណោះ ក្នុង​មួយ​ថ្ងៃ​ៗ ។
សម្តេច​មហា​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា នេះ គឺជា​ហានិភ័យ​សុខភាព​សាធារណៈ​មួយ​ដែល​កម្ពុជា​គួរ​យកចិត្តទុកដាក់ និង​បាន​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​ពិនិត្យ​មើល​ធ្វើការ​អប់រំ ការ​ត្រួតពិនិត្យ ក៏​ដូច​ជា ការ​ណែនាំ​ដល់​ការ​លក់​ចំណីអាហារ នៅ​តាម​សាលា​សម្រាប់​ក្មេង​តូច​ៗ​ផង ។ សម្តេច​មហា​បវរ​ធិ​បតី សង្កត់​បន្ថែម​ថា ព្រោះតែ​ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ​បាន​ធ្វើ​ឲ្យ​កំណើន​នៃ​អ្នក​កើត​ទឹកនោមផ្អែម​នៅ​លើ​ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ជាង​៣០​ទៅ​ជាង​៤០​ច្រើន​ណាស់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ធ្លាប់​បាន​និយាយ​ថា ក្នុង​ចំណោម​មនុស្ស​ស្លា​.​ប់​សរុប​នៅ​កម្ពុជា​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺមិនឆ្លង​ដូច​ជា ជំងឺ​បេះដូង ជំងឺ​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក និង​ជំងឺ​ផ្លូវដង្ហើម​រុំ​ា​រ៉ៃ គឺ​មាន​ច្រើន​ជាង​ជំងឺឆ្លង ។ លោក​បាន​លើក​ឡើង​ថា នេះ​ជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក៏​ដូច​ជា នៅ​លើ​សកលលោក ដែល​ជំងឺមិនឆ្លង​ខាងលើ​នេះ គឺ​អាច​ការពារ​បាន​រហូត​ដល់​ទៅ​៨០% តាម​រយៈ​ការ​មាន​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ពោល គឺ​ប្រើប្រាស់​អំបិល ស្ករ ខ្លាញ់ តិច​ៗ ហើយ​ត្រូវ​ផ្កួ​ប​ផ្សំ និង​លំ​ហាត់ប្រាណ​, កុំ​ពិសា​គ្រឿង​ស្រវឹង និង​ថ្នាំជក់​ជាដើម ។

កុំ​លេងសើច​នឹង​ជំងឺមិនឆ្លង ជា​ពិសេស គឺ​ទឹកនោមផ្អែម ពីព្រោះ​ដើមហេតុ​នៃ​ជំងឺមិនឆ្លង​ផ្សេង​ៗ​មួយ​ចំណែក​ក៏​បណ្តា​លម​ពី​ទឹកនោមផ្អែម​នេះឯង ។ ការ​ដែល​មនុស្ស​ប្រើប្រាស់​ជាតិ​ផ្អែម​នោះ​ច្រើន​ពេក វា​បង្ក​ឲ្យ​សល់​សារធាតុ​ស្ករ​នៅ​ក្នុង​ខ្លួន​កើត​ទៅ​ជា​ជាតិ​ខ្លាញ់ ស្ទះ​ដល់​សរសៃឈាម កើត​ទៅ​ជា​ជំងឺ​បេះដូង ខូច​តម្រងនោម ហើយ​ក៏​អាច​ដាច់​សរសៃឈាម​ខួរក្បាល ។​ល​។ តាម​ការ​ស្រាវជ្រាវ​លើ​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ​ថា ដើម្បី​ឲ្យ​សុខភាព​យើង​រឹង​មាំ បរិមាណ​នៃ​ជាតិ​ស្ករ ឬ​ភេសជ្ជៈ​ផ្អែម​ដែល​មនុស្ស​ម្នាក់​អាច​ទទួលទាន​ប្រចាំ​ថ្ងៃ​ដោយ​សុវត្ថិភាព អាស្រ័យ​លើ​កត្តា​បុគ្គល​ដូច​ជា​អាយុ​កម្រិត​សកម្មភាព និង​សុខភាព​ទូទៅ ។

ដើម្បី​ឲ្យ​សុខភាព និង​សុខមាលភាព​របស់​មនុស្ស​ម្នាក់​ៗ​ល្អ​ប្រសើរ អង្គការ​សុខភាព​ពិភពលោក​ផ្តល់​គោលការណ៍​ណែនាំ​ទូទៅ​ថា ដំបូង​មនុស្ស​ពេញវ័យ និង​កុមារ​គួរ​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ​ឲ្យ​បាន​តិច​ជាង​១០​ភាគរយ​នៃ​ការ​ប្រើប្រាស់​ថាមពល​សរុប​របស់​ពួក​គេ​ម្នាក់​ៗ​ខណៈ​ដែល​តម្រូវការ​នៃ​សារធាតុ​ស្ក​សម្រាប់​រក្សា​លំនឹង​ថាមពល​ប្រចាំ​ថ្ងៃ​របស់​មនុស្ស គឺ​អនុញ្ញាតិ​ឲ្យ​យើង​បញ្ចូល​ជាតិ​ស្ករ​ទៅ​ក្នុង​ខ្លួន​ក្រោម​៥​ភាគរយ ឬ​ប្រហែលជា​៦​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ថ្ងៃ ។

ត្រង់​ចំណុច​នេះ សូម​ប្រុង​ប្រយ័ត្ន ការ​បំពេញ​ជាតិ​ស្ករ​៦​ស្លាបព្រា​កាហ្វេ​នេះ​មិនមែន​បាន​ន័យ​ថា យើង​ត្រូវ​ទទួលទាន​ស្ករ​៦​ស្លាបព្រា​កាហ្វេ​ទេ គឺ​វា​បូក​បញ្ចូល​គ្រប់​អាហារ​ទាំងអស់ ពីព្រោះ​អាហារ​នានា គឺ​សុទ្ធតែ​មាន​ជាតិ​ស្ករ​នៅ​ក្នុង​នោះ​ស្រាប់ ដូច​ជា បាយ ផ្លែ​ឈើ និង បន្លែ​ផ្សេង​ៗ គឺ​វា​មាន​ជាតិ​ស្ករ​នៅ​ក្នុង​នោះ​ស្រាប់​ហើយ ។ ក្រៅពី​នោះ​នៅ​មាន​យើង​បន្ថែម​ជាតិ​ស្ករ​ទៅ​ក្នុង​សម្ល និង​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត ។

វិល​មក​បម្រាម​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះ​វិញ​សារ​ធារ​ណៈ​មតិ​នឹង​ស្វាគមន៍​ពីព្រោះ​នៅ​តាម​សាលារៀន គឺ​ពិត​កន្លែង​ដែល​សម្បូរ​ផលិតផល​គ្រឿង​កំប៉ុង និង​ដប​ដែល​សម្បូរ​ជាតិ​ផ្អែម​នោះ​ច្រើន​មែន ។ ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំងនេះ​មាន​ជា​ច្រើន​ប្រភេទ​ជា​ច្រើន​ក្រុមហ៊ុន ខណៈ​ដែល​ពពួក​ភេសជ្ជៈ​ទាំងនេះ​ត្រូវ​បាន​នាំ​ចូល និង​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ក្នុងស្រុក​ស្រាប់ ។

ដើម្បី​ឲ្យ​បម្រាម​នេះ​មាន​ប្រសិទ្ធភាព ហើយ​ធានា​បាន​នូវ​ការ​អនុវត្ត និង​ប្រតិបត្តិ​ដ៏​ត្រឹមត្រូវ យន្តការ​ត្រួតពិនិត្យ និង​តាមដាន​គួរតែ​ដាក់​ចេញ​ផង​ដែរ ។ នៅ​ក្នុង​ករណី​ល្មើស​គួរតែ​មាន​ជា​ការ​ពិនិត្យ ឬ​ដាក់​ទណ្ឌកម្ម អ្នក​ដែល​ពាក់ព័ន្ធ ។ នៅ​ក្នុង​ករណី​ប្រកាស​ចេញ តែ​ខ្វះ​ការ​ត្រួតពិនិត្យ និង​អនុវត្ត គឺ​វា​នឹង​នៅ​តែ​ដដែល​ជា​ដដែល ។ ដូច្នេះ​សង្ឃឹមថា ក្រសួង និង​សហការ​ជាមួយនឹង​ស្ថាប័ន​ជំនាញ​ដាក់​ចេញ​នូវ​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព ហើយ​ក៏​សង្ឃឹមថា​គ្រប់​គ្នា​នឹង​ចូលរួម​តាំងពី​សាលា លោកគ្រូ​អ្នកគ្រូ រួម​ទាំង​អាណាព្យាបាល​កុមារ និង​យុវវ័យ​គ្រប់​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ