ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចាប់ខ្លួន​ក្រុម​រត់ពន្ធ​ឧស្ម័ន​រីករាយ​រាប់​ពាន់​តោន​

2 អាទិត្យ មុន

ប្រទេស​វៀតណាម ៖ ប៉ូលិស​ទីក្រុង​ហាណូយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ពី​បទ​រត់ពន្ធ​ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ (Nitrous Oxide) ដែល​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា «​ឧស្ម័ន​សើច ឬឧស្ម័ន​រីក​រាយ​» ជាង៧,៣៣០​តោន​តម្លៃ​ស្មើនឹង​៥​លាន​ដុល្លារ​អា​មេ​រិ​ក…

ប្រទេស​វៀតណាម ៖ ប៉ូលិស​ទីក្រុង​ហាណូយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ពី​បទ​រត់ពន្ធ​ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ (Nitrous Oxide) ដែល​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា «​ឧស្ម័ន​សើច ឬឧស្ម័ន​រីក​រាយ​» ជាង៧,៣៣០​តោន​តម្លៃ​ស្មើនឹង​៥​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បង្កើត​ប្រាក់​ចំណេញ​ខុសច្បាប់​ចំនួន ១៣០​ពាន់​លាន​ដុ​ង ឬ​ស្មើនឹង៥.៣​លាន​ដុល្លារ​។

ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​ប៉ូលិស​បាន​ប្រកាស​ថា បុគ្គល​៦​រូប​ត្រូវ​បាន​ចាប់ខ្លួន កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​បទ​រត់ពន្ធ និង រំលោភ​លើ​បទ​ប្បញ្ញត្តិ​បណ្តាល​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សង្គម​។ ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​បាន​បង្កើត​ក្រុមហ៊ុន​ឈ្មោះ DCMC Vietnam Trading Co. Ltd. មាន​មូលដ្ឋាន​នៅ​តំបន់​ណាំ​ធូ​លឹ​ម (Nam Tu Liem) ទីក្រុង​ហាណូយ ដើម្បី​កេង​ចំណេញ​ចន្លោះ​ប្រហោង​ក្នុង​នីតិវិធី​ច្បាប់ នៃ​ការ​នាំ​ចូល​ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ ដោយ​ក្លែងបន្លំ​ថា​ជា​ឧស្ម័ន​បន្ថែម​ក្នុង​ការ​កែ​ច្នៃ​អាហារ​។

ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ ដែល​មាន​ប្រភព​ពី​អ្នក​ផ្គត់ផ្គង់​ពី​បរទេស ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ទីក្រុង​កំពង់​ផែ​ហៃ​ផុង (Hai Phong) និង​ខេត្ត​ឡៅ កៃ (Lao Cai) ភាគ​ខាងជើង​ប្រទេស​វៀតណាម ដើម្បី​យក​មក​រក្សា​ទុក​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្ត​ហ៊ឹង​អៀន (Hung Yen) និង​ខេត្ត​បាក​និ​ញ (Bac Ninh) ក្បែរ​ទីក្រុង​ហាណូយ​។ ប៉ូលិស​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ​ជាង ៧,៣៣០​តោន ត្រូវ​បាន​នាំ​ចូល​មាន​តម្លៃ​ជាង​៥​លាន​ដុល្លារ​។

ក្រុម​ល្មើសច្បាប់​នេះ បាន​លក់​ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ​បន្ត​ទៅ​ឱ្យ​អាជីវកម្ម​ផ្គត់ផ្គង់​បារ ហាង​ស្រា និង​ក្លិប​រាត្រី ដោយ​គេចវេស​ពី​ពន្ធ និង​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ជិត ២៤​ពាន់​លាន​ដុ​ង ឬ​ស្មើនឹង ១​លាន​ដុល្លារ​។ អាជ្ញាធរ​ក៏​បាន​រឹបអូស​វត្ថុ​តាង​រួម​មាន លុយ​ដុ​ង​ចំនួន ៣០​ពាន់​លាន​ដុ​ង ឬ​ស្មើនឹង ១.១​លាន​ដុល្លារ និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ៩,៣០០​ដុល្លារ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ ជា​ទូទៅ​ត្រូវ​បាន​ប្រើប្រាស់​ជា​សារធាតុ​គីមីឧស្សា​ហកម្ម ការ​កែ​ច្នៃ​អាហារ ឬ​ថ្នាំ​សណ្តំ​បំបាត់​ឈឺចាប់ ជា​ពិសេស​សម្រាប់​ពេទ្យធ្មេញ​។ ប៉ុន្តែ​ការ​ប្រើ​សម្រាប់​ការ​កម្សាន្ត​របស់​យុវជន​ដោយ​ស្រូប​ពី​ប៉េងប៉ោង គឺ​បង្ក​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ រួម​ទាំង​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃប្រសាទ សរសៃឈាម​បេះដូង ការ​ញៀន ហើយ​ធ្ងន់ធ្ងរ​ខ្លាំង​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ទៀត​ផង​។

បើ​ទោះបីជា​ឧស្ម័ន​ណាយ​ទ្រី​ស​អុក​សៃ មិន​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​គ្រឿងញៀន​ក្នុង​ប្រទេស​វៀត​ណាម​ក៏​ពិតមែន ប៉ុន្តែ​ការ​ប្រើប្រាស់​ខុស​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ ពិសេស​លើ​យុវវ័យ​។ អ្នក​ប្រើប្រាស់​អាច​រង​ផល​ប៉ះពាល់​ដូច​ជា វង្វេងស្មារតី បាត់បង់​ម្ចាស់​ការ បាត់​ការ​ចង​ចាំ និង​ទន់ដៃទន់ជើង​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ