ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិបត្តិ​នយោបាយ​នៅ​កូរ៉េ​នឹង​រលត់​ទៅ​វិញ​ដោយ​របៀប​ណា បន្ទាប់​ពី​មានរឿង​រ៉ាវ​ដ៏​ច្របូកច្របល់​ទាក់ទង​នឹង​ការ​ចេញ​ច្បាប់អាជ្ញាសឹក ដែល​មាន​អាយុកាល​មិន​ដល់​៦​ម៉ោង ហើយ​ធ្វើ​អោយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ស្ថិត​ក្នុង​ស្ថានភាព​ឆ្ពោះទៅ​ការ​អស់អំណាច ? រឿងរ៉ាវ​វិបត្តិ​នយោបាយ​នៅ​កូរ៉េ​ខាងត្បូង​បាន​ផ្ទុះ​ខ្លាំង បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​សម្រេចចិត្ត​ចេញ​ច្បាប់​អាជ្ញា​សិ​ក កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ…

តើ​វិបត្តិ​នយោបាយ​នៅ​កូរ៉េ​នឹង​រលត់​ទៅ​វិញ​ដោយ​របៀប​ណា បន្ទាប់​ពី​មានរឿង​រ៉ាវ​ដ៏​ច្របូកច្របល់​ទាក់ទង​នឹង​ការ​ចេញ​ច្បាប់អាជ្ញាសឹក ដែល​មាន​អាយុកាល​មិន​ដល់​៦​ម៉ោង ហើយ​ធ្វើ​អោយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ស្ថិត​ក្នុង​ស្ថានភាព​ឆ្ពោះទៅ​ការ​អស់អំណាច ?

រឿងរ៉ាវ​វិបត្តិ​នយោបាយ​នៅ​កូរ៉េ​ខាងត្បូង​បាន​ផ្ទុះ​ខ្លាំង បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​សម្រេចចិត្ត​ចេញ​ច្បាប់​អាជ្ញា​សិ​ក កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ដោយសារ​តែ​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់​ចុះ ហើយ​អ្នកនយោបាយ​ប្រឆាំង​ធ្វើការ​អុកឡុក​ដោយ​ធ្វើ​អោយ​លោក​ប្រធានាធិបតី​ពិបាក​នឹង​អនុវត្ត​របៀប​វារ​:​នយោបាយ ដោយសារ​តែ​ការ​ប្រឆាំង​ពី​សភា​ដែល​មាន​ក្រុមប្រឆាំង​ភាគច្រើន ។

លោក យូ​ន បាន​ក្លាយជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង នៅ​ខែឧសភា ឆ្នាំ​២០២២ ដោយ​យកឈ្នះ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ត្រឹមតែ​០,៨% តែ​ប៉ុណ្ណោះ ក្រោយមក​នៅ​ខែមេសា ឆ្នាំ​២០២៤​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​គណបក្ស​ប្រជាធិបតេយ្យ​បាន​ដណ្តើម​ជ័យជម្នះ​ដែល​ធ្វើ​ឲ្យ​លោក យូ​ន ត្រូវ​ស្ថិត​ក្រោម​គំនាប​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​ដោយ​សភា ។ ចាប់តាំងពី​ពេល​នោះ​មក សេចក្តីព្រាងច្បាប់​ជា​ច្រើន​ត្រូវ​គណបក្ស​ប្រ​ធា​ធិ​ប​តេ​យ្យ​ច្រានចោល ដោយ​រួម​ទាំង​បញ្ហា​ច្បាប់​ថវិកាជាតិ ជា​ហេតុ​ធ្វើ​ឲ្យ​លោក យូ​ន ក្លាយជា​ប្រធានាធិបតី​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​វេតូ​ច្រើន​ជាង​ប្រធានាធិបតី​មុន​ៗ ។

១ ហេតុ​អ្វី​លោក​ប្រធានាធិបតី​ចេញ​ច្បាប់អាជ្ញាសឹក
គំនាប​នយោបាយ​ដោយ​គណបក្សប្រឆាំង​នេះ​ហើយ ដែល​បណ្តាល​ឲ្យ​អ្នកវិភាគ​លើក​ឡើង​ថា គឺជា​មូលហេតុ​ដែល​លោក យូ​ន គិត​ថា វា​ចាំបាច់​សម្រាប់​លោក​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក ដើម្បី​ប្រឆាំង​នឹង​គណបក្សប្រឆាំង ហើយ​បាន​ព្យាយាម​ទាញ​ទំ​ពក់​ទៅ​រក​បញ្ហា​កូរ៉េ​ខាងជើង ដែល​លោក យូ​ន មាន​ទស្សនៈវិស័យ​រឹងត្អឹង​ជាង​ប្រធានាធិបតី​អាណត្តិ​មុន ។ប៉ុន្តែ​មិន​ដល់​៦​ម៉ោង​ផង ក្រោយ​ការ​ប្រកាស​ច្បាប់អាជ្ញាសឹក​នោះ​សភា​កូរ៉េ​ខាងត្បូង​ដែល​កាន់កាប់​ដោយ​ក្រុមប្រឆាំង​ក៏​បាន​ទម្លុះ​ការ​ហ៊ុំ​ព័ទ្ធ​របស់​ប៉ូលិស ហើយ​បោះ​ឆ្នោត​ប្រឆាំង​នឹង​ច្បាប់អាជ្ញាសឹក​នោះ​វិញ​លោក យូ​ន ក៏​យល់ព្រម​ដក​វា​ចេញ​វិញ ។

២ ការ​បោះ​ឆ្នោត​ទម្លាក់​ប្រធានាធិបតី​បរាជ័យ
ក្រោយមក​ទៀត សភា​កូរ៉េ​ខាងត្បូង​បាន​រៀបចំ​ការ​បោះ​ឆ្ន​តោ​ទម្លាក់​លោក​ចេញពី​តំណែង​ប្រធានាធិបតី ប៉ុន្តែ​មិន​អាច​ទម្លាក់​បាន​ដោយសារ​វា​ត្រូវការ​២០០​សំឡេង ២០០​ឬ​២​ភាគ​៣ នៃ​សមាជិក​សភា​ទាំង​៣០០​នាក់ ។

ដូច្នេះ លោក យូ​ន យ៊ូ​ក​យុល ប្រធានាធិបតី​ទី​១៣ របស់​កូរ៉េ​ខាងត្បូង អាច​គេច​ផុត​ពី​ការ​បោះ​ឆ្នោត​ទម្លាក់​តំណែង​នៅ​សភា ដោយសារ​តែ​គណបក្ស​ខ្លួន​ធ្វើ​ពហិការ​មិន​ចូលរួម​បោះ​ឆ្នោត ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា ស្ថិត​នៅ​ក្នុង​តំណែង ប៉ុន្តែ​បាន​អស់សិទ្ធិ​អំណាច​នៅ​ក្នុង​តួនាទី​នេះ​ទៅ​ហើយ ។

ទោះបី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្សប្រឆាំង​មិន​អាច​ប្រមូលផ្តុំ​សមាជិក​សភា​ដើម្បី​ទម្លាក់​លោក​បាន​ជោគជ័យ​ក៏​ដោយ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ លោក អូ ឌុ​ង​វូ (Oh Dong-woon) ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុក​រលួយ​សម្រាប់​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៤ នៅ​អាស៊ី​នេះ​បាន​និយាយ​ថា លោក​បាន​បញ្ជា​ឱ្យ​ហាមឃាត់​លោក យូ​ន មិន​អោយ​មាន​សិទ្ធ​ធ្វើ​ដំណើរ​ទៅ​បរទេស​ទេ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហាន ដុ​ង​ហូ (Han Dong-hoon) មេដឹកនាំ​គណបក្ស​អំណាច​ប្រជាជន​បាន​និយាយ​ថា​លោក យូ​ន នឹង​ត្រូវ​បាន​ដក​សមត្ថកិច្ច​ចេញពី​កិច្ចការបរទេស និង​កិច្ចការរដ្ឋ​ផ្សេង​ទៀត​ដោយ​នាយក​រដ្ឋមន្ត្រី ហាន ឌុ​ក​ស៊ូ ( Han Duck-soo) នឹង​គ្រប់គ្រង​កិច្ចការ​រដ្ឋាភិបាល​រហូត​ដល់ លោក​យូ​ន លាលែង​ពី​តំណែង ។ នៅ​ក្នុង​ស្ថានភាព​នេះ គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា គណបក្សកាន់អំណាច​បាន​កំពុង​ធ្វើ​រដ្ឋប្រហារ​លើក​ទី​ពីរ ដោយ​ប្រកាន់ខ្ជាប់​ការ​ក្តាប់​អំណាច និង​មិន​ព្រម​ចោទប្រកាន់​លោក យូ​ន ។

លោក ផាក ចាន​ដេ (Park Chan-dae)​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប​បាន​និយាយ​ថា ប្រធានាធិបតី អាច​បន្ត​កាន់​តំណែង​បាន ប៉ុន្តែ​បាន​ផ្ទេរអំណាច​របស់​លោក យូ​ន ទៅ​នាយក​រដ្ឋមន្ត្រី និង​មេដឹកនាំ​គណបក្ស​អំណាច​ប្រជាជន​ដែល​មិនមែន​ជា​មន្ត្រី​ជាប់​ឆ្នោត គឺជា «​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​។​» លោក ផាក បាន​និយាយ​ដោយ​ជំរុញ​ឱ្យ គណបក្ស​អំណាច​ប្រជាជន​បញ្ឈប់​សេណា​រី​យូ នយោបាយ​នេះ​ជា​បន្ទាន់​ហើយ​លើក​ឡើង​ថា «​នេះ គឺជា​ទ​ង្វើ​ខុសច្បាប់ និង​ខុស​ពី​រដ្ឋធម្មនុញ្ញ ហើយ​ជា​រដ្ឋប្រហារ​លើក​ទី​ពីរ » ។

រឿងរ៉ាវ​ចលាចល​នយោបាយ​នៅ​កូរ៉េ​ខាងត្បូង គឺ​ដោយសារ​តែ​លោក យូ​ន បាន​សម្រេច​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក ដែល​មាន​អាយុ​ត្រឹម​៦​ម៉ោង បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ប៉ុន្តែ​សមាជិក​សភា​របស់​គណបក្សប្រឆាំង​បាន​ផ្គើន​នឹង​រនាំង​ការពារ​យោធា និង​ប៉ូលិស ហើយ​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ​ប្រឆាំង​នឹង​ច្បាប់​នេះ ។ នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន លោក យូ​ន បាន​ចេញ​ធ្វើការ​សុំ​ទោស​ចំពោះ​ការ​ប្រកាស​ដាក់​ចេញ​នូវ​ច្បាប់​នេះ ដោយ​និយាយ​ថា លោក​នឹង​មិន​គេចវេះ​ពី​ការ​ទទួលខុសត្រូវ​ផ្នែក​ច្បាប់ ឬ​ផ្នែក​នយោបាយ​សម្រាប់​ទ​ង្វើ​ដែល​កើត​ចេញពី​«​ការ​អស់សង្ឃឹម និង​អារម្មណ៍​ភ័យ​ព្រួយ​ឡើយ​»​នេះ​។

៣ តើ​នឹង​មាន​របត់​នយោបាយ​អ្វី​ទៅ​មុខ​ទៀត?
នៅ​ពេល​នេះ​អាណត្តិ​របស់​លោក យូ​ន ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២៧ ប៉ុន្តែ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន គេ​ពិបាក​នឹង​ប៉ាន់ស្មាន​បាន​ដោយសារ​តែ​គណបក្សប្រឆាំង និង​សាធារណៈ​មតិ​កំពុង​តែ​ចោទប្រកាន់​ខ្លាំង ។ លោក​ត្រូវ​គេ​គិត​ថា នឹង​លា​ចេញពី​តំណែង​មុន​អាណត្តិ ។ នៅ​ក្នុង​ករណី​ដែល​លោក យូ​ន សុខចិត្ត​លាលែង​ពី​តំណែង លោកនាយក​រដ្ឋមន្ត្រី ហាន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​ប្រធានាធិបតី​បណ្តោះអាសន្ន ហើយ​នៅ​ពេល​ដែល​កូរ៉េ​រៀបចំ​ការ​បោះ​ឆ្នោត លោក លី ជេ មី​យុន (Lee Jae-myung) ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈ្នះ​ឆ្នោត​នៅ​លើក​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ