តុលាការឱ្យនាំខ្លួនគ្រូមា លី សាម៉េត មកសាកសួរ មុនជម្រះបញ្ជីឆបោកមានបក្សពួកជិត១០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ អនុរក្សពន្ធនាគារព្រៃស មណ្ឌលអប់រំកែប្រែ«ម១» បាននាំខ្លួនលោក លី សាម៉េត…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ អនុរក្សពន្ធនាគារព្រៃស មណ្ឌលអប់រំកែប្រែ«ម១» បាននាំខ្លួនលោក លី សាម៉េត…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ អនុរក្សពន្ធនាគារព្រៃស មណ្ឌលអប់រំកែប្រែ«ម១» បាននាំខ្លួនលោក លី សាម៉េត ហៅគ្រូមា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរបន្ថែមជុំវិញសំណុំរឿងពុករលួយ ដើម្បីបិទការស៊ើបសួរ និងឈានទៅបើកសវនាការជំនុំជម្រះទោសលើអង្គសេចក្តីទាំងមូល ដែលសំណុំរឿងនេះមានជនសង្ស័យជិត១០នាក់កំពុងជាប់ចោទរយីងរយោងដូចសម្លកំពឹស ។
បន្ទាប់ពីការសាកសួរជនត្រូវចោទ លី សាម៉េត ហៅគ្រូមា រួចរាល់ហើយ នាព្រឹកថ្ងៃដដែលនោះ ក្រុមអនុរក្សបាននាំជនសង្ស័យរូបនេះទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសវិញ ។
សូមជម្រាបថា កាលល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថោង ផល្លារង្សី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក លី សាម៉េត ហៅគ្រូមា ដាក់ពន្ធនាគារព្រៃស«មណ្ឌលអប់រំកែប្រែម១» ជាបណ្តោះអាសន្ឋក្រោមការចោទប្រកាន់ពីបទឆបោក ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួន បានដាក់ជនត្រូវចោទឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស អាយុ៧១ឆ្នាំ មុខរបររកស៊ី កម្រិតវប្បធម៌គ្មាន(មិនចេះអក្សរ) អាសយដ្ឋានមុនពេលឃាត់ខ្លួន ស្នាក់នៅបុរីរិទ្ធ ផ្ទះលេខ L១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សី រាជធានីភ្នំពេញ ឲ្យស្ថិតក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៧ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមការចោទប្រកាន់ខាងលើ មាត្រា ៣៧៧ និយមន័យនៃការឆបោក ៖ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណា មួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬប្រើឧបាយកលទុច្ចរិត ។
លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
នៅថ្ងៃទី៤ ខែវិច្ឆិកា លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចចូលទៅនាំខ្លួនចេញពីលំនៅឋានរបស់គាត់ក្នុងក្រុងព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ ។ លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចការិយាល័យនគរបាលសន្តិសុខ បានបញ្ជូនលោក លី សាម៉េត ហៅគ្រូមា ទៅសាលាដំបូង ដែលសំណុំរឿងស្ថិតនៅដៃចៅក្រមស៊ើបសួរ ក៏មានការសម្រេចឃុំខ្លួនចាប់ពីពេលនោះមក ។
លោកក លី សាម៉េត ហៅគ្រូមា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញមុខសារភាពតាមបណ្តាញសង្គមពីកន្លែងលាក់ខ្លួន ដោយប្រកាសទទួលសា្គល់កំហុសទាំងអស់ដែលខ្លួនបានប្រពឹត្តកាលពីពេលកន្លងទៅ ដោយដាក់កំហុសលើការលោភលន់ ។ កុ្នងវីដអូដែលមានរយៈពល៥នាទី ប្រកាសដោយទឹកមុខយំមិនចេញទឹកភ្នែក លោកក លី សាម៉េត បានសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា ដែលកន្លងទៅខ្លួនពិតជាបានយកឈ្មោះសម្ដចដើរបោកប្រាស់អ្នកដទៃប្រាកដមែន ហើយសកម្មភាពបោកប្រាស់នោះ មិនជាប់ពាក់ព័ន្ធជាមួយសម្ដេចបនិ្ដចសោះឡើយ ។
លោកគ្រូមាអាប់យសរូបនេះនិយាយទៀតថា ការដែលខ្លួនយកឈ្មោះសម្ដេចតេជោទៅប្រើប្រាស់នេះ គឺដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកដទៃ ។រាល់អំពើបោកប្រាស់ដែលខ្លួនបានប្រពឹត្ត គឺធ្វើដោយចិត្តឯង មិនជាប់ពាក់ព័ន្ធបន្ដិចណាសោះ ជាមួយសម្ដេចតេជោទេ ។ គាត់បញ្ជាក់ថា ខ្លួនមិនដែលបានទៅផ្ទះសម្ដេចសូម្បីតែម្ដង ហើយក៏មិនសា្គល់ផ្ទះសម្ដេចបែរមុខទៅណាដែរ ប៉ុន្ដែបានកុហកអ្នកដទៃថា ខ្លួនចេញចូលផ្ទះសម្ដេចពេលណាក៏បានដែរ ។
គួររំឭកថា ក្រោយពីទទួលបានព័ត៌មានឆបោកជាច្រើនករណីនោះ កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តចតេជោ ហ៊ុន សែន បានចេញទម្លាយពីការឆបោកជាច្រើនករណីរបស់លោក លី សាម៉ត ហៅគូមា ព្រមទាំងស្នើទៅ រដ្ឋមន្តីក្រសួងយុតិ្តធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉ត ។ សម្តចតេជោ ក៏បានអំពាវនាវឲ្យអ្នករងការចាញ់បោកលោក លី សាម៉េត ទាំងអស់ទៅដាក់ពាក្យបណឹ្ដង ដោយក្រុមមេធាវីរបស់សម្តេចមានលោក គី តិច ជាប្រធាន រង់ចាំទទួលពាក្យបណឹ្ដងទាំងនោះ ។ សារទាំងស្រុងរបស់សម្តេចតេជោ បានលើកឡើងថា «ដោយរឿងច្រើនពេក ថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លីសាម៉េត ហៅគ្រូមា ។
លី សាម៉ត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បាន ក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង ។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឲ្យខ្ញុំ តែពេល សុខ ឡេង ផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡង វិញទាំងអស់ ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ និង ប្រគល់-ទទួលប្រាក់នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពញ ។
មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់លោក លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយពី មួង ឃីម បញ្ជូនសារជាវីដអូមកខ្ញុំ អមដោយសារសំឡេងឆ្លងឆើ្លយគ្នា (បានសងរួចហើយ) ។ថ្ងៃនេះ ខ្ញុំទទួលវីដអូពីលោក កន សុខកាយ អភិបាលក្រុងអរិយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលខាតែងតាំង និងដំឡើងស័ក្តិមន្ត្រីរាប់មឺុននាក់ ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីនរណានោះឡើយ មិនថាតាមការសើ្នសុំ ឬតាមសំណូកណាមួយនោះ ។
ផ្ទុយទៅវិញ មន្ត្រីមួយចំនួនទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ ។ ករណី លី សាម៉េត អាចនៅមានមនុស្សចើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខុំ្ញទៅប្រើ ។ ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមសើ្ន ៖
១-រដ្ឋមន្តីក្រសួងយុតិ្តធម៌ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បតិ្ត លី សាម៉ត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត ។
២-អ្នកចាញ់បោក លី សាម៉េត ទាំងអស់ ដាក់ពាក្យបឹ្តងឬទាមទារសំណងទៅកាន់មេធាវីសម្តេច
តេជោ ។
៣-ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេច តេជោចាំទទួលពាក្យបណឹ្ដង និងធើ្វការសម្រប សម្រួលលើរឿងដែលអាចសម្របសម្រួលបាន ។ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់ ។
៤-ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េតកុំឲ្យរត់ចញផុតពីសំណាញ់ច្បាប់» ។
សម្តចតេជោឆ្លើយតបភ្លាមៗ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ ។ជំនួយការខ្ញុំឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធឆបោកជាមួយ លី សាម៉េត នេះដែរ ។
ពេលនេះ លី សាម៉េត ក្រោយពីរត់គចខ្លួនបានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ។
លី សាម៉េត បានសំុពេលព្យាបាលខ្លួននៅផ្ទះ មុនពេលចូលខ្លួនឲ្យតុលាការកាត់ទោស ។ តែមិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឲ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ» ។
ក្រោយពីតុលាការឃុំខ្លួន លី សាម៉េត ហៅគ្រូមា ភ្លាម អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការឃាត់ខ្លួនអ្នកពាក់ពន្ធទាំងស្រីទាំងប្រុសជិត ១០នាក់ទៀតមានដូចជា លោក ដួង ដារា លោក មួង ឃីម លោក អ៊ុត ធី លោក ឡាយ វិសិដ្ឋ និងលោក កន សុខកាយ ។នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសព័ត៌មានទាក់ទងនឹងសំណុំរឿងសម្លកំពឹសគ្រូមា លី សាម៉េត ថា មាន ស្ត្រី២នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់បញ្ជូនទៅស្ថាប័នអយ្យការសា
លាដំបូងរាជធានីភ្នំពេញ ។
ករណីនេះ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ ៤នាក់ ៖
១-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ
២-ឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ
៣-ឈ្មោះ មួង ឃីម
៤-ឈ្មោះ លី សាម៉េត ហៅ គ្រូមាពីបទប៉ុនប៉ងសូកប៉ាន់ តាមមាត្រា២៧ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ នេះជាបទល្មើសថ្មីមួយទៀតដែលតុលាការសម្រេចឃុំខ្លួនស្ត្រី ២នាក់ ជាប់ពាក់ព័ន្ធនឹងការយកលុយ ៣០ម៉ឺនដុល្លារ សូកប៉ាន់គ្រូមា លី សាម៉េត ឲ្យកូនប្រុសចូលធ្វើជាមន្ត្រីគយ ។ តាមសំណុំរឿងនេះ ឈ្មោះ ឡាច សំរោង ក៏ក្លាយជាពិរុទ្ធជនដែរ តែពេលនេះកំពុងគេចខ្លួន ៕
ចែករំលែកព័តមាននេះ