រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ នៅវេលាម៉ោង០៥និង៥៥នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ដែលស្ថិតចំណុចបុរី ប្ល៊ូដាយមិន ផ្ទះលេខ២៤ ផ្លូវលេខB០៨ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុងប្រក់ក្បឿង ទំហំ (៧ម៉ែត្រ គុណ ១៤ម៉ែត្រ) ឆេះបន្ទប់អាសនៈ ទំហំ (៤ម៉ែត្រ គុណ ៤ម៉ែត្រ) អស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង០៦និង២៥នាទីព្រឹកថ្ងៃដដែល។
ចំពោះមូលហេតុបង្កឲ្យមានគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឲ្យមកពីការឆ្លងចរន្តអគ្គិសនី ។ ដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយសារតែខែនេះ ជារដូវធ្លាក់ខ្យល់ ដូច្នេះចំពោះករណីអគ្គិភ័យអាចងាយរងគ្រោះបំផុត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មុនពេលចាកចេញពីលំនៅដ្ឋាន ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ដូចជា ៖ ចរន្តអគ្គិសនី, ភ្លើងធូប, ភ្លើងទាប ជាពិសេសនោះ គឺត្រូវបិទប៉ារែងភ្លើងឲ្យបានត្រឹមត្រូវ មុនចាកចេញផងដែរ ៕
ចែករំលែកព័តមាននេះ