ខេត្តព្រះសីហនុ ៖ ករណីដេញវាយគ្នាយ៉ាងអនាធិបតេយ្យពេញផ្លូវនៅម្ដុំឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនមនុស្ស១០នាក់ ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងល្បាតរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការក្រុងព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១០នាក់ និងវត្ថុតាងមួយចំនួន នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
របាយការណ៍ដដែល បានឲ្យដឹងបន្តថា សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖
-ដំបងទីប ចំនួន២ដើម
-ទូរសព្ទដៃ ចំនួន៤គ្រឿង
និងនាឡិកាដៃ ចំនួន១គ្រឿង ។ អ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន អ្នកពាក់ព័ន្ធ និងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្ថែម ៕

ចែករំលែកព័តមាននេះ