ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពជិះម៉ូតូឌុបគ្នាឆ.ក់ទូរស័ព្ទពីជនរងគ្រោះម៉ាកអាយហ្វូន 11Pro max នៅលើផ្លូវជាតិលេខ៥១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។ ការឃាត់ខ្លួនក្រុមជនសង្ស័យជា ចោរឆក់ទូរស័ព្ទ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
គរបាលបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាឆក់ខាងលើនេះ ដោយសមត្ថកិច្ចនគរបាលទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានចោរឆក់ទូរស័ព្ទដៃនៅលើផ្លូវជាតិលេខ៥១ និងបានរាយការណ៍ និងទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់ឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បើកការស្រាវជ្រាវបន្ទាន់ដឹកនាំដោយលោក ឃុត សុផល អធិការនគរបាលស្រុកបានដឹកនាំចុះប្រតិបត្ដិការស្រាវជ្រាវផ្ទាល់ និងឈានទៅកំណត់មុខសញ្ញាបានម្នាក់ដែលជាជនសង្ស័យប្រព្រឹត្ដក្នុងសកម្មភាពឆ.ក់ទូរស័ព្ទដៃ របស់ជនរងគ្រោះភេទស្រី ទាំងពីរនាក់ ។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ទូរស័ព្ទដៃ ម៉ាក IPhone 11 Pro max ពណ៌ប្រផេះ របស់ជនរងគ្រោះដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុ ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើសកម្មភាពឆ.ក់នោះត្រូវបានរកឃើញភ្លាមៗនៅជាមួយជនសង្ស័យ ក្រោយពេលឃាត់ខ្លួនតែម្តង ។
សមត្ថកិច្ចនគរបាលបន្ដការសាកសួររហូតឈានទៅកំណត់បានមុខសញ្ញាដែលធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃរបស់ជនរងគ្រោះម្នាក់ទៀត ម៉ាក IPhone 11Pro max ពណ៌ទឹកសមុទ្រ កាលពីពេលកន្លងទៅថ្មីៗនេះនៅចំណុចដូចគ្នា ម្ដុំផ្លូវជាតិលេខ៥១ ។
ភ្លាមៗនោះដែរ សមត្ថកិច្ចបន្ដឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀតឈ្មោះ ប៉ូច វិច្ឆកា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាក ក្រោយធ្វើសកម្មភាពឆ.ក់ទូរស័ព្ទរួចបានយកទូរស័ព្ទទៅលក់នៅឯរាជធានីភ្នំពេញបាត់ហើយ ។
នគរបាលបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ នគរបាលដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ទឹកមាស គ្មានផ្លាកលេខ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក IPhone 11Pro max ពណ៌ប្រផេះ រីឯទូរស័ព្ទដៃ១គ្រឿងទៀត ម៉ាក IPhone 11Pro max ពណ៌ទឹកសមុទ្រនោះក្រុមជនសង្ស័យបានយកទៅលក់បាត់ហើយ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ