រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា : នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអនុវត្តរឹតបន្តឹងការអនុវត្តច្បាប់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចគោលដៅ ផ្លូវណតប្រីឌ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ វេលាម៉ោងប្រហែល១២:៣០នាទីយប់ ឈានចូលថ្ងៃទី០៨ ខែធ្នូ ២០២៤ មានរថយន្តមួយគ្រឿងម៉ាកកាម៉ារីហាយប្រីដ ពាក់ស្លាកលេខ ភ្នំពេញ 2BR 9207 បើកបរដោយឈ្មោះ សុខ ចំរើន ភេទប្រុស ធ្វើដំណើរទិសដៅពីជើងទៅត្បូង (ក្នុងរថយន្តមានអ្នករួមដំណើរ០២នាក់ ប្តី និងប្រពន្ធ) បានធ្វើដំណើរចូលគោលដៅត្រួតពិនិត្យជាតិស្រវឹង ខណៈនោះសមត្ថកិច្ចបានស្នើសុំឲ្យអ្នកបើកបរសហការណ៍ចុះផ្លុំជាតិស្រវឹង ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនាថ្ងៃទី០៨ ខែធ្នូនេះ ។
នៅពេលនោះអ្នកបើកបរក៏បានសហការ ហើយត្រួតពិនិត្យ មានជាតិស្រវឹង ០,៥០ Mg/1L ខណៈនោះសមត្ថកិច្ចក៏ចេញបង្កាន់ដៃផាកពិន័យប្រាក់ចំនួន២លានរៀល ។ ក្រោយពីចេញបង្កាន់ដៃរួច (អ្នកបើករថយន្ត) ក៏ទៅសម្រាកក្នុងរថយន្តរបស់គាត់មិនបានយកថវិកាមកបង់ផាកពិន័យនោះទេ ។
លុះនៅពេលជិតដល់ម៉ោងកម្លាំងសមត្ថកិច្ចត្រូវសម្រាកពីការងារក៏បានអញ្ជើញអ្នកបើករថយន្តមកសួរនាំរឿងផាកពិន័យដោយសួរគាត់ថា បង់ ឬមិនទាន់បង់ថវិកាផាកពិន័យ ខណៈនោះគាត់បានយល់ព្រមបង់ផាកពិន័យតាមច្បាប់គ្មានការតវ៉ាអ្វីនោះទេ ។ បន្ទាប់មកគាត់ក៏ដើចេញពីតុផាកពិន័យរបស់សមត្ថកិច្ចទៅឡើងរថយន្តវិញ ។
ពេលចូលដល់ក្នុងរថយន្តហើយមិនដឹងគាត់និយាយអ្វីជាមួយប្រពន្ធគាត់នៅក្នុងរថយន្តនោះស្រាប់តែស្ត្រីជាប្រពន្ធក៏បើកទ្វារថយន្តដែលមានកាយវិកាទំនងជាស្រវឹងស្រាផងដែរ ហើយឈរនៅក្បែររថយន្តរបស់គាត់ស្រែកជេរ និងចោទពួកសមត្ថកិច្ចថា ជាចោរ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានថតសកម្មភាពស្ត្រីនោះវិញហើយស្ត្រីនោះក៏បានសំណូមពរសមត្ថកិច្ចកុំឲ្យថតគាត់នៅពេលនោះផងដែរ ។
ខណៈនោះទោះបីសមត្ថកិច្ចបានណែនាំស្ត្រីនោះយ៉ាងណាក៏ដោយក៏គាត់មិនស្តាប់សមត្ថកិច្ចនោះទេ ថែមទាំងប្តីរបស់ស្ត្រីនោះខំប្រឹងនិយាយប្រាប់ស្ត្រីនោះកុំឲ្យឡូឡាផងនោះទៀត ប៉ុន្តែគឺគាត់មិនស្តាប់នោះឡើយប្រឹងតែថតសមត្ថកិច្ចចោទប្រកាន់សមត្ថកិច្ចអនុវត្តច្បាប់ថាជាចោរ ខណៈដែលសមត្ថកិច្ចបំពេញភារកិច្ចតាមគោលការណ៍របស់ថ្នាក់ដឹកនាំស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។ ស្ត្រីនោះ និងប្តីបន្ទាប់មកក៏ឡើងជិះរថយន្តទៅបាត់ ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សចាត់ទុកការប្រើពាក្យសំដីអសីលធម៌របស់ស្ត្រីនោះមកលើសមត្ថកិច្ចដោយមិនឆ្លុះបញ្ចាំងពីការទទួលស្គាល់កំហុសរបស់ខ្លួន ហើយបែរប្រឹងថតចោទសមត្ថកិច្ចផ្សព្វផ្សាយតាមបណ្តាញសង្គមដែលនាំឲ្យមហាជនយល់ច្រឡំពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវរបស់សមត្ថកិច្ច ។
សូមបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកធ្វើឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមគោលការណ៍ថ្នាក់លើ០១សប្តាហ៍ចុះអនុវត្ត០៣ថ្ងៃ ដោយចាប់ពីវេលាម៉ោង១១យប់រហូតដល់ម៉ោង០២យប់អធ្រាត្រ ។ អាស្រ័យបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ចែករំលែកព័តមាននេះ