រាជធានីភ្នំពេញ ៖ សម្តេចម៉ែបានថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវមហាជោគជ័យជាបន្តទៀតក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ ។

ព្រះរាជសារសម្តេចម៉ែមានព្រះរាជបន្ទូលថា ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតនៃម៉ាម៉ង់ ។ ម៉ាម៉ង់ មានសេចក្តីសោមនស្សរីករាយជាទីបំផុត ចំពោះព្រះរាជសារថ្វាយពរ និងផ្កាដ៏ធំល្អស្រស់ ពីព្រះរាជបុត្រ នៅក្នុងព្រះរាជវរោកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។
ម៉ាម៉ង សូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសព្ទសាធុការពរជ័យដ៏ល្អបវរ រាជបុត្រ ទទួលបាននូវមហាជោគជ័យជាបន្តទៀត ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ នៃព្រះរាជជបុត្រ ព្រមទាំងបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យព្រះបារមីអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ ព្រះអង្គ ។
ជាពិសេស ព្រះបារមីនៃ ប៉ាប៉ា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ ប្រជារាស្ត្រខ្មែរ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះអង្គជួយបីបាច់ថែរក្សា ព្រះរាជបុត្រ មានព្រះរាជសុខភាពល្អបរិបូរណ៏ ព្រះបញ្ហា ញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការសម្រាប់ប្រជាជាតិ ប្រជារាស្ត្រ កម្ពុជាដរាបតរៀងទៅ និងជាទីពឹងពំនាក់ដ៏កក់ក្តៅនៃប្រជាជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ