ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស ១០ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្ត្រខេត្ត ។
ជាលទ្ធផលក្នុងចំណោម១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារមួយកន្លែង ស្ថិតនៅក្រោយសណ្ឋាគារ អ៊ូថុង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ ៤៣៥ គ្រឿង, កុំព្យូទ័រលើតុ ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។ ចំណែកក្នុងអគារហ័រធីងអ៊ីនយៀកសឹងទៀន ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ក្រុមសមត្ថកិច្ចបានចុះបង្ក្រាបអគារមួយកន្លែងទៀតជាប់កាស៊ីណូហ្សុងហ័ររី ដោយរកមិនឃើញមនុស្សស្នាក់នៅទេ ប៉ុន្តែសមត្ថកិច្ចបានដកហូតបានវត្ថុតាងមានដូចជា ទូរសព្ទដៃ ចំនួន ១,៥០០ គ្រឿង, ម៉ូនីទ័រ ១៤៥ គ្រឿង និងរថយន្ត ៥ គ្រឿង ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។
ចំណែកការចុះប្រតិបត្តិការនៅកាស៊ីណូ “ហ្សុងហ័ររី ហ្គោលដិន សេន” ស្ថិតក្នុងសង្កាត់លេខ៤ ក្រុមការងារសមត្ថកិច្ច បានរកឃើញមនុស្សសរុប ១០៤នាក់ (ស្រី្ត ១៧ នាក់) ក្នុងនោះមានលិខិតឆ្លងដែន ៧៥ នាក់។ វត្ថុតាងដែលត្រូវបានរឹបអូស មានកុំព្យូទ័រលើតុ ចំនួន ៣០គ្រឿង, ម៉ូនីទ័រ ៩គ្រឿង, ម៉ាស៊ីន CPU ៩គ្រឿង និងទូរសព្ទដៃចំនួន ៧២គ្រឿង។ បច្ចុប្បន្ន ជនបរទេស ៣៥ នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ ចំណែក ៦៩ នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា ។
ក្នុងថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ នៅសណ្ឋាគារ ប៉ាមី ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤ នាក់ (គ្មានលិខិតឆ្លងដែន) និងម្នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន, នៅអគារផ្ទះវិឡា បុរីអូរ៣ សុខសាន្ត ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេស១៥នាក់ (ស្ត្រីនាក់) ស្នាក់នៅក្នុងនោះឃាត់ខ្លួនជនជាតិចិន១នាក់ និងជនជាតិ ប៉ាគីស្ថាន១ នាក់ (គ្មានលិខិតឆ្លងដែន) រួមទាំងដកហូតកុំព្យូទ័រមួយចំនួន និងនៅសណ្ឋាគារ ម៉ារីប៊ិច ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេស១១នាក់ ស្នាក់នៅក្នុងនោះក្រុមការងារឃាត់ខ្លួនជនជាតិវៀតណាម ១ នាក់ ករណីពុំមានលិខិតឆ្លងដែន ។
គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្តការត្រួតពិនិត្យទីតាំងស្នាក់នៅសរុបចំនួន ៧៧៤ ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បានចំនួន ២៨ ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ១៦ ទីតាំង ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ។
គួររម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ ជំពូក និង ២៤មាត្រា ។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាព ក្នុងការអនុវត្តគឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និង ពិន័យជាប្រាក់ ដល់ទៅ ១,០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕








ចែករំលែកព័តមាននេះ