ខេត្តសៀមរាប ៖ ពិធី «កាត់សក់បង្កក់ឆ្មប» មាតាសម័យថ្មី ជ្រើសយកការឆ្លងទន្លេនៅមន្ទីរពេទ្យ ជំនួសដោយឆ្មបបុរាណតាមផ្ទះ ដោយបារម្ភពីសុវត្ថិភាពពេលសម្រាល ស្របពេលដែលវេជ្ជសាស្ត្រទំនើបជឿនលឿន ដែលក្រសួងសុខាភិបាលបានជំរុញទៅដល់ជនបទ ជាពិសេស គោលនយោបាយកាត់បន្ថយអត្រាមរណៈមាតា និងទារក ។

ទោះបីជាវេជ្ជសាស្ត្រជឿនលឿនក្ដី ក្រោយសម្រាលបានមួយសប្ដាហ៍ ឬមួយខែ អ្នកស្រុកអង្គរ នៅតែនិយមធ្វើកិច្ចពិធី «កាត់សក់បង្កក់ឆ្មប» ខ្លះហៅថា «ទម្លាក់ជើងក្រាន ចេញខែ ឬស្រាយខ្សែ» ដែលជាប្រពៃណីអ្នកអង្គរ ជាកិច្ចដំបូងនៃដំណើរពិធីឆ្លងវ័យ ។

លោក តូច សុភៈ បុរាណវិទូ និងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌អរូបីយរបស់អាជ្ញាធរជាតិអប្សរាលើកឡើងថា កិច្ចពិធី «កាត់សក់បង្កក់ឆ្មប» គឺធ្វើឡើងសម្រាប់មនុស្ស៣នាក់ មានយាយម៉ប ម្តាយ និងទារក ។ លោកបន្តថា ចំពោះយាយម៉ប គឺដើម្បីឱ្យម្តាយសុំខមាទោសចំពោះឆ្មប ដែលបានជួយបង្កើតកូន បង្កក់លាងជម្រះមន្ទិលប្រឡាក់ប្រឡូស កុំឱ្យមានកម្មមានពៀរ ។ ចំពោះម្តាយ គេតែងឱ្យដេកឆ្អើរភ្លើង (ពេទ្យណែនាំពុំឱ្យបន្ដធ្វើទៀតទេ) ការណ៍នេះ មានត្រណម និងកិច្ចពិធីជាច្រើន ម្ល៉ោះហើយ គេត្រូវធ្វើពិធីទម្លាក់ជើងក្រាន ដើម្បីរំងាប់ពិសភ្លើង និងលាត្រណមផង ។ ចំពោះកូនវិញ គឺគេកាត់សក់ព្រៃ ដើម្បីផ្តាច់ខ្លួនពីម្តាយដើម និងដើម្បីឱ្យមានសណ្ដាប់ពេលមកជាស្រុកផង។

កាលកន្លងទៅថ្មីៗនេះ គ្រួសារមួយដែលទើបឆ្លងទន្លេបានកូនប្រុសម្នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងក្រុងសៀមរាប ។ ក្រុមគ្រួសារបានព្រមព្រៀងរៀបចំកិច្ចពិធី«កាត់សក់បង្កក់ឆ្មប» នៅផ្ទះកំណើតរបស់ខ្លួន ស្ថិតនៅភូមិចំបក់ហែរ ស្រុកពួក ខេត្តសៀមរាប ។ ក្នុងកិច្ចនេះ ត្រូវមានយាយម៉បម្នាក់យល់ដឹងពីការធ្វើកិច្ចដំបូង ត្រូវសែនព្រេនជីដូនជីតា ជំនាង ផ្ទះ ព្រះភូមិ ដើម្បីឱ្យដឹងឮ និងទទួលស្គាល់សមាជិកថ្មី ។

គ្រឿងរណ្ដាប់តាមទម្លាប់បុរាណរួមមានស្លាធម៌ បាយស្រី ជម៤ មាន់លុង១ ផ្លែឈើ នំចំណី បង្អែមចម្អាប បាយសម្លសម្រាប់លៀងយាយម៉ប សែនព្រេនព្រះភូមិ ជំនាងផ្ទះ និងញាតិសន្ដានផង។ មុនរៀបកិច្ចពិធី ឪពុកម្តាយចាស់ទុំត្រូវរកអាចារ្យដេញវេលារើសរកថ្ងៃនក្ខត្តឫក្ស (ថ្ងៃអណ្តែត ថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃលាភ) ហើយចាប់ផ្ដើមនៅវេលាព្រឹកពេញពន្លឺ ប្រមាណជាម៉ោង៩ ពុំធ្វើពេលរសៀលថ្ងៃជ្រេឡើយ ព្រោះគេជឿថា ថ្ងៃជ្រេនាំឱ្យអាប់រាសីក្មេង។

បន្ទាប់មក សែនកួចដៃសង្កត់ព្រលឹងម្តាយ និងកូន ព្រោះកាលឈឺពោះឆ្លងទន្លេ នាងភិតភ័យធ្វើឱ្យលស់ព្រលឹង ទើបហៅព្រលឹងឱ្យមកវិញ មកថែរូបកាយថែកូនថែចៅ ។ ចំណែកកូនសូមឱ្យសុខសប្បាយ ឱ្យព្រលឹងចូលរូបចូលអង្គ មានអាយូសវែង បំពាក់ចិញ្ចៀនមាស (ខ្សែក ខ្សែដៃ គ្រឿងត្បូងរ័ត្ន) ឱ្យកូនមានមាស មានប្រាក់ មានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្លា។ កិច្ចបន្ទាប់ គឺចំពោះឆ្មប ដោយយាយម៉បយកស្រូវ១ល្អី ដាក់សារ៉ុងថ្មីពីលើ ហើយឱ្យក្មេងអង្គុយ គឺតំណាងឱ្យចម្រើនធំធាត់មានស្រូវអង្ករហូបចុកហូរហៀរ និងគ្រឿងស្លៀកពាក់បរិបូណ៌ ។

ស្រូវនោះសោត គេយកធ្វើពូជសាបព្រោះធ្វើស្រែបានជាភោគផល តំណាងឱ្យមានកូនចៅតត្រកូល។ បន្ទាប់មកទៀត គេយកញញួរ និងដែកដាប់ មកធ្វើកិច្ចដាប់មាត់ឱ្យក្មេងពោលពាក្យសត្យពាក្យពិតពីរោះពិសារ មិនកុហកភូតភរ មិនប៉ប៉ោចឥតការ និយាយផ្តេសផ្តាសនាំទុក្ខទោសដល់ខ្លួន មានប្រាជ្ញាវាងវៃ ដាប់ត្រចៀកកុំឱ្យត្រចៀកស ឆាប់ជឿគេ ដាប់ភ្នែកឱ្យចេះមើលថ្លឹងថ្លែងពិចារណា ។

រីឯកិច្ច «កាត់សក់» គេកាត់សក់៧សរសៃ ឬកោរ(សក់ព្រៃ) ដើម្បីកាត់ផ្ដាច់ពីម្ដាយដើម។ ពេលនេះហើយ បើគ្រួសារណាចង់ទុកកំប៉ោយក្មេង គឺទុកពីពេលនេះតទៅ ដល់វ័យចំទង់គេធ្វើកិច្ចពិធីមួយទៀត គេហៅថា ពិធីកោរជុក ឬកោរកំប៉ោយ ។ យាយម៉បយកស្លឹកម្លូរ និងសូនពន្លៃបុកមួយដុំដាក់លើក្បាលកូន គេថា ប្រដូចស្លឹកម្លូរ គឺជាផែនពសុធាសម្រាប់ទ្រភ្នំ (ពន្លៃ១ដុំបិទពីលើស្លឹកម្លូរ) គឺឱ្យក្មេងនោះ នឹងធឹងមិនរង្គោះរង្គើរ ប្រដូចភ្នំដែលគ្មានអ្វីមករម្លំបានឡើយ។ ពាក្យទំនឹមទំនៀមខ្លះថា ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល គឺសំដៅលើក្មេងពុំទាន់ដឹងខ្យល់អ្វី ពុំគួរមានសេចក្តីប្រមាថទៅលើចាស់ទុំឡើយ។

លោកយាយ ប្លោក កូយ ជាយាយ.ម៉បនិយាយថា កិច្ចពិធីកាត់សក់បង្កក់ឆ្មបនេះ គឺដើម្បីឱ្យស្ត្រីជាម្តាយអាចដើរទៅទីជិតឆ្ងាយបានហើយបើពុំធ្វើកិច្ចនេះទេ ត្រណមថាមិនឱ្យ ដើរហើរទៅណាបានទេ ព្រោះព្រលឹងដែលលស់ទៅពុំទាន់ចូលរូបចូលអង្គ ។ លោកយាយបន្ដថា ឯកូនក្នុងផ្ទៃក៏វាបានបន់ដែរថា បើខ្លួនបានកើតមកឃើញពន្លឺថ្ងៃខ្លួននឹងបន់កោរសក់ឱ្យ។ដូច្នេះហើយទើបពេលកូនកើតមកគេធ្វើកិច្ច កាត់ ឬកោរសក់ព្រៃចេញដើម្បីលាបំណន់កូន។

អ្នកស្រី ហ៊ីងស្រីរ័ត្ន ជាម្តាយទារក ចំរើន ពុទ្ធិរាជ និយាយថា ដ្បិតនាងពុំបានសម្រាល កូនដោយឆ្មបបុរាណក្ដី តែក៏ពុំបានចោលទំនៀមបុរាណមួយនេះទេ ថែមទាំងជំរុញឱ្យបន្ដថែរក្សាកុំឱ្យកិច្ចពិធីនេះបាត់បង់ ហើយក្នុងចិត្តរបស់អ្នកស្រីក៏មានសេចក្តីសមចិត្តដែលបានទទួលនូវស្រីមង្គលតាមរយៈកិច្ចពិធីនេះ ៕
ចែករំលែកព័តមាននេះ